ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​គ្រោង​បង្កើន​កញ្ចប់​ថវិកា​ការពារ​ជាតិដល់​​ជាង​ ២០០​ពាន់​លាន​ដុល្លារ សម្រាប់​ឆ្នាំ​ក្រោយ

1 ថ្ងៃ មុន

ទីក្រុង​មូ​ស្គូ ៖ យោង​ទៅ​តាម​ឯកសារ​រដ្ឋាភិបាល ដែល​ទីភ្នាក់ងារសារព័ត៌មាន Reuters ទទួល​បាន កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា បាន​បង្ហាញ​ថា ប្រទេស​រុ​ស្ស៊ី​មាន​ផែនការ​ចំណាយ​ថវិកា​ចំនួន ១៧,១​ទ្រី​លាន​រូ​ប្លិ ឬ​ស្មើនឹង ២០២,៥ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​លើ​វិស័យ​ការពារ​ជាតិ សម្រាប់​ឆ្នាំ​២០២៧ ដែល​ចំនួន​នេះ​កើនឡើង​ប្រមាណ ២៧% លើស​កញ្ចប់​ថវិកា​ចំនួន ១៥៩,២ ពាន់​លាន​ដុល្លារ​ដែល​បាន​គ្រោងទុក​ពី​ដំបូង ហើយ​ក៏​ជា​តួលេខ​ខ្ពស់​បំផុត គិត​ចាប់តាំងពី​ការ​ចាប់ផ្តើម​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ឆ្នាំ​២០២២​មក​។

ផ្អែក​តាម​ឯកសារ​ដដែល ចំណាយ​សរុប​លើ​វិស័យ​ការពារ​ជាតិ​របស់​ប្រទេស​រុ​ស្ស៊ី នឹង​កើនឡើង​រហូត​ដល់ ៥៨៩,៦ ពាន់​លាន​ដុល្លារ នៅ​ក្នុង​រយៈពេល​៣​ឆ្នាំ​ខាង​មុខ​។ នៅ​ក្នុងឆ្នាំនេះ រដ្ឋាភិបាល​រុ​ស្ស៊ី​ធ្លាប់​បាន​គ្រោង​ចំណាយ​ថវិកា​ចំនួន ១៤២,៦ ពាន់​លាន​ដុល្លារ​ទៅ​លើ​វិស័យ​ការពារ​ជាតិ ប៉ុន្តែ​ចំនួន​ចំណាយ​ជាក់ស្តែង​ត្រូវ​បាន​លាក់​ការ​សម្ងាត់​។ ក្រៅពី​នេះ ការ​ចំណាយ​លើ​វិស័យ​យោធា​មួយ​ចំនួន ក៏​អាច​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ផ្នែក​ផ្សេង​ទៀត​នៃ​កញ្ចប់​ថវិកាជាតិ​ផង​ដែរ​។

ឯកសារ​ទាំងនោះ ក៏​បាន​បង្ហាញ​ដែរ​ថា រដ្ឋាភិបាល​បាន​ដំឡើង​ការ​ប៉ាន់​ប្រមាណ​ឱនភាព​ថវិកាជាតិ​សម្រាប់​ឆ្នាំ ២០២៦ ដល់​ទៅ ៣,២% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ពោល​កើនឡើង​ពី ១,៦% កាលពីមុន​។ ការ​ចំណាយ​ថវិកា​សរុប​ក្នុង​ឆ្នាំ ២០២៦ នឹង​កើនឡើង ១៣,២% ដល់ ៥៧៣ ពាន់​លាន​ដុល្លារ ឬ ២០,៩% នៃ GDP ដោយ​រដ្ឋាភិបាល​ត្រូវ​បាន​រំពឹង​ថា នឹង​ដាក់​សេចក្តីព្រាងច្បាប់​ថវិកា​នេះ ទៅ​កាន់​សភា​ត្រឹម​ថ្ងៃ​ទី​១ តុលា​។

កាលពី​ស​ប្តា​ហ៍​មុន រដ្ឋាភិបាល​រុ​ស្ស៊ី​ក៏​បាន​ប្រកាស​អំពី​ផែនការ​ដំឡើង​ពន្ធ​ថ្មី​សម្រាប់​ឆ្នាំ ២០២៧​។ ផ្អែក​លើ​ឯក​សារបាន​បង្ហាញ​ថា ពន្ធលើប្រាក់ចំណេញ​បន្ថែម​ថ្មី​លើ​ក្រុមហ៊ុន​លោហៈ និង​រ៉ែ ត្រូវ​បាន​រំពឹង​ថា​នឹង​ប្រមូល​ចំណូល​បាន​ប្រហែល ២,៣ ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​។ លើស​ពី​នេះ ឯកសារ​ក៏​បាន​បង្ហាញ​ទៀត​ថា នៅ​ក្នុងឆ្នាំនេះ រដ្ឋាភិបាល​គ្រោង​បង្កើន​ការ​ខ្ចីប្រាក់​សុទ្ធ​ចំនួន ២៦% រហូត​ដល់​ជិត ៥៩ ពាន់​លាន​ដុល្លារ ហើយនឹង​ចំណាយ​ចំនួន ៥,៤ ពាន់​លាន​ដុល្លារ ដែល​ស្មើនឹង ១១% នៃ​ផ្នែក​សាច់ប្រាក់​នៃ​មូលនិធិ​ទ្រព្យសម្បត្តិ​ជាតិ ដើម្បី​កាត់​បន្ថយ​ឱនភាព​។ ជាមួយ​គ្នា​នេះ​ដែរ រដ្ឋាភិបាល​ក៏​បាន​កាត់​បន្ថយ​ការ​ប៉ាន់ស្មាន​ប្រាក់​ចំណូល​ពី​ប្រេង និង​ឧស្ម័ន​សម្រាប់​ឆ្នាំ​នេះ មក​ត្រឹមតែ ៨៩ ពាន់​លាន​ដុល្លារ​ពី​ចំនួន​ជិត ១០៥ ពាន់​លាន​ដុល្លារ កាលពីមុន​។

ឯកសារ​នោះ​ក៏​បាន​បង្ហាញ​ថា បំណុល​រដ្ឋ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន​ដល់ ២១,៧% នៃ GDP ឆ្នាំ​២០២៧ កើនឡើង​ពី ១៩,៩% នៃ GDP នៃ​ឆ្នាំ​២០២៦ ដែល​កម្រិត​នេះ ស្ថិត លើ​កម្រិត ២០% ដែល​អាជ្ញាធរ​ជាតិ​ចាត់ទុកជា​កម្រិត​មាន​សុវត្ថិភាព​។ ស្រប​ពេល​ដែល​ការ​ខ្ចីប្រាក់​សរុប​នៅ​ឆ្នាំ​២០២៧ ក៏​នឹង​កើនឡើង ៤៣% រហូត​ដល់ ៩០ ពាន់​លាន​ដុល្លារ​ផង​ដែរ​៕