ទីក្រុងបាក់ដាត៖ នៅទីបំផុត អាមេរិកនឹងដកកងទ័ពរបស់ខ្លួនចេញពីមូលដ្ឋានចុងក្រោយនៅប្រទេសអុីរ៉ាក់ត្រឹមថ្ងៃពុធស្អែកនេះហើយបន្ទាប់ពីដាក់ជើងជាន់ទឹកដីប្រទេសនេះអស់ជាង២ទសវត្សរ៍ចាប់តាំងពីការផ្ដួលរំលំរបបដឹកនាំរបស់សាដាំហ៊ូសេនពីអំណាចកាលពីឆ្នាំ២០០៣។ ការចាកចេញរបស់អា មេ រិកនេះត្រូវអុីរ៉ង់ និងសម្ព័ន្ធមិត្តរបស់អុីរ៉ង់ទះដៃហ៊ោកញ្ជ្រៀវបន់ឱ្យចាកចេញឱ្យបានឆាប់។ ពួកគេចាត់ទុកថានេះជាជ័យជម្នះរបស់ខ្លួន ខណៈដែលខ្លួនកំពុងចាក់ឫសកាន់តែជ្រៅ និងពង្រឹងឥទ្ធិពលកាន់តែខ្លាំងនៅអុីរ៉ាក់។ គិតទៅ បេសកកម្មយោធារយៈពេលជាងម្ភៃឆ្នាំកន្លងទៅនេះបានឆក់យកជីវិតយុទ្ធជនអាមេរិក៤៥០០០នាក់។

ក្រុមអ្នកជំនាញខាងសន្តិសុខជាតិរបស់អុីរ៉ាក់យល់ថាការដកកងទ័ពអាមេរិកដែលបានឯកភាពគ្នារវាងរដ្ឋាភិបាលអាមេរិកជំនាន់លោកចូបៃដិន និងរដ្ឋាភិបាលអុីរ៉ាក់កាលពីឆ្នាំ២០២៤នោះអាចនឹងធ្វើឱ្យអុីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ពួកគេជិះសេះលែងដៃ គ្មាននរណាទើសភ្នែក ទើសច្រមុះតទៅទៀត។ មិនតែប៉ុណ្ណោះ សត្រូវរបស់អាមេរិកអាចនឹងវិលទៅសោយសុខនៅអុីរ៉ាក់ឡើងវិញ តួយ៉ាងដូចជាក្រុមអាយស៊ីសជាដើម។ ការចាកចេញនេះត្រូវប្រជាជនអុីរ៉ាក់ភាគច្រើនគាំទ្រឱ្យចាកចេញពិតមែនហើយ។ ប៉ុន្តែអ្នកដែលព្រួយបារម្ភអំពីការពង្រីកឥទ្ធិពលរបស់ក្រុមប្រដាប់អាវុធដែលគាំទ្រដោយអុីរ៉ង់នោះយល់ថាជាងម្ភៃឆ្នាំហាក់ដូចជាឆាប់រហ័សពេកហើយ ពួកគេចង់មានន័យថាអាមេរិកគួរណាស់រក្សាវត្តមានកងទ័ពនៅអុីរ៉ាក់ជាបន្តទៀត។

លោកអាប់ឌុលរ៉ាម៉ាន់ អាល់ហ្សូបាអុី (Abdulrahman al-Zobaie) ជាមេចលនាជនជាតិភាគតិចស៊ុននី (Sunni) នៅទីក្រុងហ្វាលូចា (Fallujah) យល់ឃើញថាអុីរ៉ាក់មិនទាន់រឹងដៃរឹងជើងមែនទែនទេក្នុងការម្ចាស់ការលើប្រព័ន្ធសន្តិសុខជាតិរបស់ខ្លួននៅពេលនេះ។ ជាការពិត ជនជាតិអុីរ៉ាក់គ្រប់រូបប្រាថ្នាចង់បានអធិបតេយ្យភាពជាតិពេញលេញ។ គ្មានជនជាតិអុីរ៉ាក់ណាបដិសេធត្រង់ចំណុចនេះឡើយ។ ប៉ុន្តែលោកនៅតែមានជំនឿថាការចាកចេញរបស់យោធាអាមេរិក និងសម្ព័ន្ធមិត្តអាមេរិកនៅក្នុងកាលៈទេសៈនេះ និងការបង្កើតភាពមិនច្បាស់លាស់សម្រាប់អុីរ៉ាក់បែបនេះវាជាអ្វីដែលជនជាតិអុីរ៉ាក់គ្រប់រូបមានអារម្មណ៍មិនស្រណុកចិត្តទាល់តែសោះ។

សូមរំលឹកថាយោធាអាមេរិកបើកប្រតិបត្តិការវាយលុកចូលអុីរ៉ាក់កាលពីជំនាន់ចចឌឹបបលយូប៊ូស (George W. Bush) ដើម្បីផ្ដួលរំលំសាដាំហ៊ូសេនពីអំណាចក្រោមហេតុផលសង្ស័យថាអតីតមេដឹកនាំអុីរ៉ាក់រូបនេះទំនងជាផលិតអាវុធនុយក្លេអ៊ែរ។ តាមដឹងមកថាអ្នកមេគំនិតជំរុញឱ្យមានការវាយប្រហារអុីរ៉ាក់នោះគឺអតីតទីប្រឹក្សាសន្តិសុខជាតិ និងក្រោយមកក្លាយជារដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រីខុនដូលីហ្សា រ៉ាយ (Condoleezza Rice)។ ក្រោយពេលផ្ដួលរំលំសាដាំហ៊ូសេនរួចហើយ អាមេរិកបន្តគ្រប់គ្រងអុីរ៉ាក់រហូតដល់ឆ្នាំ២០១១ទើបដកកងទ័ពទៅវិញ។ បីឆ្នាំក្រោយមក ពួកគេត្រឡប់ទៅអុីរ៉ាក់វិញដើម្បីតាមកម្ចាត់ក្រុមអាយស៊ីសចាប់ពីឆ្នាំ២០១៤-២០១៧៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ