ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ភ្នំពេញ លែ​ន ឃែ​ភី​ថ​ល ចុះ​ហត្ថ​លេខា​លើ «​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​» ជាមួយ​ក្រុមហ៊ុន​៣​ក្នុង​ទំហំ​ទឹកប្រាក់​៥.៦​លាន​ដុល្លារ​អា​មេ​រិ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ភ្នំពេញ លែ​ន ឃែ​ភី​ថ​ល ភី​អិ​ល​ស៊ី បាន​ចុះ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ៥.៦​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច កាល​ថ្ងៃ​ទី​២៩…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ភ្នំពេញ លែ​ន ឃែ​ភី​ថ​ល ភី​អិ​ល​ស៊ី បាន​ចុះ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ៥.៦​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច កាល​ថ្ងៃ​ទី​២៩ ខែសីហា​ឆ្នាំ ២០១៩ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា សម្រាប់​ការ​វិនិយោគ​រួម​គ្នា​លើ​សេវាកម្ម​សុខា​ភិបាល និង​សេវាកម្ម​គ្រប់គ្រង​អាជីវកម្ម ។

កិច្ចព្រមព្រៀង​ត្រូវ​បាន​ចុះហត្ថលេខា​ដាច់​ដោយឡែក​ពី​គ្នា​រវាង​លោក​ជំទាវ សែ លី​លី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ភ្នំពេញ លែ​ន ឃែ​ភី​ថ​ល ភី​អិ​ល​ស៊ី ជាមួយ​លោកស្រី អ៊ិ​ន ថៃ​រ៉ូ​ហ្សា​លី​ន ប្រធាន​ក្រុមហ៊ុន Max Icon Plc, លោកស្រី​វេជ្ជបណ្ឌិត ឃួ​ន លី​ដា ប្រធាន​ក្រុមហ៊ុន Aurora Capital Plc និង លោក វ៉ា​ន ច័ន្ទ​ដា​រិ​ទ្ធ ប្រធាន​ក្រុមហ៊ុន Fourmi Rouge Plc​។

យោង​តាម​លោក Rory Cox នាយក នាយក​វិនិយោគ​នៃ​ក្រុមហ៊ុន​ភ្នំពេញ លែ​ន ឃែ​ភី​ថ​ល ភី​អិ​ល​ស៊ី បាន​ឲ្យ​ដឹង​ថា «​ការ​បណ្តាកទុន​រួម​គ្នា​នេះ​គឺ​ដើម្បី​ផ្តល់​ដល់​ប្រទេស​កម្ពុជា​នូវ​គោលដៅ​មួយ​ធ្វើ៎​ឲ្យ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​ភាព​ទាន់សម័យ​។ យើង​រីករាយ​បង្កើត​ទំនាក់​ទំនង​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត​ដើម្បី​ធានា​បាន​នូវ​ភាព​ជោគជ័យ​នៃ​គម្រោង​ដ៏​ធំ​របស់​យើង​គឺ​ទីក្រុង អៃ ស៊ី​ធី​» ។

សូម​បញ្ជាក់​ថា Max Icon Plc ជា​ក្រុមហ៊ុនមេ ដែល​បាន​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ពីរ​ផ្តល់​សេវាកម្ម ផ្នែក​ទន្តសាស្ត្រ និង​រោគ​សើ​ស្បែក គោរព​តាម​បទដ្ឋាន ISO ។ នៅ​ក្នុង​ឆ្នាំ​ខាង​មុខ ក្រុមហ៊ុន គ្រោង​នឹង​បើក​សាខា Jordan Petra Dental ចំនួន​៤​បន្ថែម​ទៀត ។ អតិថិជន​នឹង​មានឱកាស​ទទួល​បានការ​ព្យាបាល​ប្រកបដោយ​វិជ្ជាជីវៈ ដោយ​វេជ្ជបណ្ឌិត ដែល​មានបទ​ពិសោធន៍​ក្នុង​តម្លៃ​សមរម្យ ។

Aurora Capital Plc ជា​ក្រុមហ៊ុនមេ ដែល​បាន​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ពីរ គឺ Maxicare Pediatric Clinic Co., Ltd. និង Bright Mind Co., Ltd. ដែល​ក្រុម​គ្រូពេទ្យ​មាន​ជំនាញ​ច្បាស់លាស់​បញ្ចប់​ការ​សិក្សា​ពី​ប្រទេស​បារាំង អូស្ត្រាលី និង​កូរ៉េ ។ Bright Mind ផ្តោត​លើ​ការ​ពិនិត្យ​ព្យាបាល​កុមារ​ជួប​បញ្ហា​ជំងឺ Autism ដោយ​ក្រុម​ជំនាញ​ជា​ជនជាតិ​បរទេស ។ គ្លីនិក Maxicare Pediatric មាន​បំរើសេវា​កម្ម​២៤​ម៉ោង ក្នុង​១​ថ្ងៃ ដល់​អតិថិជន ។ ក្រុមហ៊ុន​បាន​សម្រេចចិត្ត​ចូលរួម​ជា​ដៃគូ​យុទ្ធសាស្ត្រ ដើម្បី​ផ្តល់​សេវាកម្ម​ថែទាំ​សុខភាព​ដល់​អ្នក​រស់នៅ​ក្នុង អៃ ស៊ី​ធី ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​នោះ​ផង​ដែរ ។

លោក លីវ បូ​នី​តូ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ហ្វួ​រ​មី រ៉ូ​សហ្ស បាន​លើក​ឡើង​ដែរ​ថា ដោយ​បាន​មើលឃើញ​នូវ​កំណើនសេដ្ឋកិច្ច ស្ថេ​រ​ភាព​នយោបាយ និង​លំហូរ​ចូល​ជា​វិជ្ជមាន​នៃ​វិនិយោគិន​ពី​ក្រៅប្រទេស​មក​ក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន ហ្វួ​រ​មី រ៉ូ​សហ្ស បាន​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន ភ្នំពេញ លែ​ន ឃែ​ភី​ថ​ល ក្នុង​ការ​ផ្តល់​សេវាកម្ម​សវន​កម្ម គណនេយ្យ និង​ពន្ធដារ ដល់​សហគ្រាស​ដែល​នឹង​មាន​វត្តមាន​ក្នុង​ទីក្រុង​ដ៏​មាន​សក្តានុពល​មួយ​នេះ និង​ដើម្បី​ជួយ​សហគ្រាស​គ្រប់គ្រង​ហិរញ្ញវត្ថុ​ប្រកបដោយ​តម្លាភាព​។

ក្រុមហ៊ុន​ក៏​ជា Xero Gold Partner ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា ។ Xero Accounting Software គឺជា​កម្មវិធី​គណនេយ្យ ដែល​កំពុង​ទទួល​បាន​ចំណែក​ទីផ្សារ​ធំ​ៗ​នៅ​បរទេស និង​ទទួល​បានការ​ចាប់អារម្មណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

សូម​បញ្ជាក់​ដែរ​ថា ភាព​ជា​ដៃគូ​បែប​នេះ នឹង​ជំរុញ​ឱ្យ​មាន​រលក​សហការ​ជា​ដៃគូ​លក្ខណៈ​អន្តរជាតិ​បន្ថែម​ទៀត ក៏​ដូច​ជា​ស្រូប​ទាញ​គម្រោង​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​លំដាប់​ពិភពលោក​មក​ទីផ្សារ​​កម្ពុជា​ផង​ដែរ​។ ក្រុមហ៊ុន​ភ្នំពេញ លែ​ន ឃែ​ភី​ថ​ល ម​.​ក គ្រោង​នឹង​រៀបចំ​ឲ្យ​មានការ​ចូលរួម​បណ្តាក់ទុន​ជា​បន្តបន្ទាប់​ទៀត​នៅ​ឆ្នាំ​នេះ​ផង​ដែរ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ