សម្តេច ស ខេង ៖ អាជ្ញាធរនឹងចាត់វិធានការចំពោះការប្រមូលកម្លាំងផ្តុំគ្នា ដើម្បីទទួលលោកសម រង្ស៊ី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានបញ្ជាក់ថា អាជ្ញាធរនឹងគ្រោងចាត់វិធានការចំពោះការប្រមូលផ្តុំកម្លាំងសកម្មជននៃអតីតប្រឆាំំង ដែលគ្រោងដើម្បីរង់ចាំទទួលលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ព្រោះជាអំពើខុសច្បាប់ ។

ការបញ្ជាក់របស់សម្តេច ស ខេង បន្ទាប់ពីសកម្មជនគាំទ្រលោក សម រង្ស៊ី បានត្រៀមប្រមូលផ្តុំគ្នាតាមការអំពាវនាវរបស់លោក សម រង្ស៊ី កាលពេលកន្លងមកនេះថា លោកនឹងវិញចូលស្រុកវិញ នៅថ្ងៃទី៩ វិច្ឆិកាខាងមុខនេះ ។ យ៉ាងណាក្តីក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននាព្រឹកថ្ងៃទី២៩ សីហាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា កម្ពុជាជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ កាលណាសកម្មភាពនយោបាយធ្វើឡើងក្រោមស្លាកគណបក្សនយោបាយដែលស្របច្បាប់ គឺជាការត្រឹមត្រូវ និងលើកទឹកចិត្ត ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ ។

សម្តេចស ខេង បញ្ជាក់ថា ៖«ការប្រជុំទាំងឡាយណាដែលគណបក្សនយោបាយដែលត្រូវបានរំលាយ ដោយតុលាការកំពូលរំលាយ គឺជាការប្រជុំមិនត្រឹមត្រូវតាមច្បាប់ មិនស្របតាមគោលការណ៍ប្រជាធិបតេយ្យឡើយ ។ បន្ថែមលើនេះការប្រជុំគ្នា ដើម្បីគាំទ្រចលនាខុសច្បាប់ គឺជាការខុសច្បាប់» ។ សម្តេចថា ៖«ការប្រមូលផ្តុំមហាជនប្រជាជន ដើម្បីទៅប្រឆាំងផ្តួលរំលំរាជ រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត គឺក៏ខុសច្បាប់ដែរ ។
រាជរដ្ឋាភិបាលបានកំណត់ ហើយ គឺត្រូវធានាសុខសន្តិភាព ស្ថេរភាព ហើយធានាលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាវារស់បន្តទៅទៀត» ។ ជាមួយគ្នានោះដែរ សម្តេច សខេង ក៏បានអំពាវនាវប្រជាជនសូមកុំធ្វើសកម្មភាពក្នុងបំណងផ្តួលរំលំរាជរដ្ឋាភិបាល និងកម្លាំងអាជ្ញាធរនោះ គឺមិនត្រឹមត្រូវទេ ព្រោះវាមិនមែនជាសិទ្ធិស្របតាមច្បាប់ជាធរមានទេ ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ