ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន អាយ​អិន​ជី ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ហុង​កុង​​ដើម្បី​អភិវឌ្ឍន៍​ទីក្រុង​នាគ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ថ្ងៃ​ទី ២៦ សីហា ២០១៩ ៖ ក្រុមហ៊ុន អាយ​អិន​ជី ហូល​ឌី​ង បាន​ចុះ​កិច្ចព្រម​ព្រៀង​​សហប្រតិបត្តិការ​ដើម្បី​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទំនើប​មួយ​ហៅ​ថា…

រាជធានី​ភ្នំពេញ ថ្ងៃ​ទី ២៦ សីហា ២០១៩ ៖ ក្រុមហ៊ុន អាយ​អិន​ជី ហូល​ឌី​ង បាន​ចុះ​កិច្ចព្រម​ព្រៀង​​សហប្រតិបត្តិការ​ដើម្បី​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទំនើប​មួយ​ហៅ​ថា ទីក្រុង​នាគ ស្ថិត​​នៅ​ក្នុង​ទីក្រុង​រណប​តំបន់​បឹង​ទំពុន និង​ជើងឯក ជាមួយ​ក្រុមហ៊ុន ខូ​ស​វ៉េ បេ គ្រុប (Causeway Bay Group) និង​ក្រុមហ៊ុន ស៊ី​ណូ បេ ខន់​ស្ត្រា​ក់សិន អី​ុ​ន​វេស​មេន (SINO Bay Construction Investment) មក​ពី​ទីក្រុង​ហុងកុង​។

ទីក្រុង​រណប តំបន់​បឹង​ទំពុន និង​ជើងឯក ឬ​ហៅ​ថា អ៊ឹ​ង ស៊ី​ធី (ING City) ដែល​ជាទី​តាំង​គម្រោង​ទីក្រុង​នាគ​ត្រូវ​អភិវឌ្ឍន៍ គឺជា​តំបន់​មានការ​រីក​ចម្រើន​ខ្លាំង​ខាង​វិស័យ​ធុរកិច្ច​ចម្រុះ និង​លក្ខណៈ​អំណោយផល​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​លំនៅ​ឋាន មាន​ភាព​ពេញលេញ​សំបូរ​បែប​ជាទី​ក្រុងមាន​សុវត្ថិភាព និង​បរិស្ថាន​ល្អ​ប្រសើរ ជាមួយ​សួនច្បារ និង​លំហ​បៃតង​នៅ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​។

ពិធី​ចុះហត្ថលេខា​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភូ​កេ​ត្រា ភ្នំពេញ ក្រោម​អធិបតី​ភាព​ឯកឧត្តម កើត ឆែ អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ថ្នាក់​គ្រប់គ្រង​ជាន់ខ្ពស់​ក្រុមហ៊ុន​ទាំង​បី​រួម​មាន លោក​ឧកញ៉ា លឹ​ម រស់ និង​លោក​ឧកញ៉ា លឹ​ម ប៊ុ​ន​សួរ អនុប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន អាយ​អិន​ជី ហូល​ឌី​ង លោក Chen Zhi ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុម​ហ៊ុន ខូ​ស​វ៉េ បេ គ្រុប និង​លោក Zhuang Xiongming អគ្គនាយក ក្រុមហ៊ុន ស៊ី​ណូ បេ ខន់​ស្ត្រា​ក់សិន អ៊ី​ន​វេស​មេន ។

កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​នេះ នឹង​ចងសម្ព័ន្ធ​ក្រុមហ៊ុន​កម្ពុជា និង​ក្រុង​ហុងកុង ដើម្បី​រួម​កម្លាំង​​អភិវឌ្ឍន៍​ទីក្រុង​នាគ​នៅ​ក្នុង​តំបន់​បឹង​ទំពុន និង​ជើងឯក​លើ​ផ្ទៃដី ៥,៤​ហិ​កតា តាម​បណ្តោយ​​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​គ្រោង​នឹង​ចាប់ផ្តើម​ក្នុង​ឆ្នាំ​២០២០ ។ គម្រោង​នេះ នឹង​ពង្រីក​គ្របដណ្តប់​លើ​ផ្ទៃដី​រហូត​ដល់ ២៥​ហិ​កតា​។

ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អាយ​អិន​ជី ហូល​ឌី​ង លោក​ឧកញ៉ា អ៊ឹ​ង ប៊ុ​ន​ហ៊ូ​វ បាន​លើក​ឡើង​ថា​៖ «​ក្រុមហ៊ុន អាយ​អិន​ជី ហូល​ឌី​ង បាន​ទទួល​គោលការណ៍​ពី​រាជរដ្ឋាភិបាល​ដើម្បី​អភិ​វឌ្ឍន៍​ការ​ពង្រីក​ទីក្រុង​មក​ភាគ​ខាងត្បូង​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ទីក្រុង អ៊ឹ​ង ស៊ី​ធី (ING City) ។ ចក្ខុវិស័យ​របស់​យើង​គឺ​ឲ្យ​ភ្នំពេញ​មាន​ភាព​សំបូរ​បែប​រួម​ផ្សំ​ដោយ​ហាង​ទំនិញ ការិយាល័យ​ធ្វើការ និង​ទីកន្លែង​សម្រាកលំហែ​កម្សាន្ត ប្រកបដោយ​ភាព​ងាយស្រួល និង​បរិស្ថាន​ល្អ​ប្រសើរ​បំផុត​។ ដោយ​បាន​សង្កេត​ឃើញ​ពី​ភាព​ជោគជ័យ​នៃ​ធុរកិច្ច​របស់​ក្រុមហ៊ុន ខូ​ស​វ៉េ បេ គ្រុប លើ​ទីតាំង​ចំនួន ១០៩ កន្លែង​ក្នុង​ប្រទេស​ចិន និង​ទ្វីបអាស៊ី យើងខ្ញុំ​ពិតជា​មាន​សេចក្តី​រំភើប​ចំពោះ​សម្ព័ន្ធភាព និង​កិច្ចការ​ដែល​ក្រុមហ៊ុន​យើង​នឹង​ធ្វើ​រួម​គ្នា​ដើម្បី​បង្កើត​ឡើង​នូវ​ភាព​អស្ចារ្យ​សម្រាប់​ទីក្រុង អ៊ឹ​ង ស៊ី​ធី និង​រាជធានី​ភ្នំពេញ​»​។

លោក Chen Zhi ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ខូ​ស​វ៉េ បេ គ្រុប មក​ពី​ទីក្រុង​ហុងកុង បាន​កត់​សម្គាល់ថា កិច្ចព្រមព្រៀង​នេះ​នឹង​រួមចំណែក​កសាង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​មួយ​ដែល​ជា​ការ​ឆ្លើយ​តប​នឹង​ភាព​រីក​ចម្រើន​ដ៏​ខ្លាំងក្លា​នៃ​សេដ្ឋកិច្ច​កម្ពុជា និង​ការ​កើនឡើង​នៃ​ប្រជាជន​ក្នុង​រាជធានី​ភ្នំពេញ​។

លោក Chen Zhi បន្ត​ថា​៖ «​បើ​គេ​ក្រឡេក​មើល​ទីក្រុង ឌូ​បៃ កាលពី​២០​ឆ្នាំ​មុន ទឹកដី​នោះ​គ្រាន់​តែ​ជា​វាល​ខ្សាច់​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​ក្រោយ​មានការ​អភិវឌ្ឍ និង​ការ​វិនិយោគ ទីនោះ​បាន​ក្លាយជា​ទីក្រុង​លំដាប់​ពិភពលោក និង​ជា​មណ្ឌល​ធុរកិច្ច​ដ៏​សំខាន់​នៃ​តំបន់​មជ្ឈិមបូព៌ា ក៏​ដូច​ជាទី​ក្រុង​មួយ​ក្នុង​ចំណោម​ទីក្រុង​ធំ​ជាងគេ​បំផុត​លើ​លោក​។ ហេតុ​ដូចនេះ កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន អាយ​​អិន​ជី ហូល​ឌី​ង នឹង​ជួយ​យើង​កសាង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​មួយ​នៅ​ទីក្រុង​ភ្នំពេញ ដោយ​​មាន​ផ្សារ​ទំនើប មណ្ឌល​រថយន្ត មណ្ឌល​សម្ភារ​សំណង់ អគារ​ស្នាក់​នៅ​រួម មណ្ឌល​អាហារ​ខ្នាត​អន្តរជាតិ លំនៅ​ឋាន​គ្រួសារ និង​អគារ​ទំនើប​ៗ ជាមួយនឹង​ការ​រចនា​យ៉ាង​ពិសេស​»​។

នៅ​ក្នុង​ឱកាស​នោះ លោក Zhuang Xiongming អគ្គនាយក ក្រុមហ៊ុន ស៊ី​ណូ បេ ខន់​ស្ត្រា​ក់សិន អ៊ី​ន​វេស​មេន ដែល​ជា​ក្រុមហ៊ុន​ម៉ៅ​ការ​សាងសង់​សម្រាប់​គម្រោង «​ទីក្រុង​នាគ​» បាន​គូសបញ្ជាក់​ជូន​អង្គពិធី​ថា​៖ «​គម្រោង​ទីក្រុង​នាគ​នេះ គឺជា​គម្រោង​ដ៏​សំខាន់​ដែល​រួម​គ្នា​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន អាយ​អិន​ជី ហូល​ឌី​ង ក្រុមហ៊ុន ខូ​ស​វ៉េ បេ គ្រុប និង​ក្រុមហ៊ុន ស៊ី​ណូ បេ ខន់​ស្ត្រា​ក់សិន អ៊ី​ន​វេស​មេន ។ ទីក្រុង​នេះ​នឹង​ត្រូវ​រចនា​ឡើងជា​មួយ​គំនិត​រចនា​បែប​សាកល និង​រួម​បញ្ចូល​​ប្រព័ន្ធ Habitat-Building ដែល​កំពុង​មាន​ប្រជាប្រិយភាព​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​បង្កើត​នូវ​គំរូ​នៃ​ការ​រស់នៅ​ប្រកបដោយ​គុណភាព ពោរពេញ​ដោយ​រស្មី​ព្រះអាទិត្យ ភ្លៀង ភាព​កក់ក្តៅ និង​សេចក្តី​រីករាយ​»​។

គួរ​បញ្ជាក់​ថា ការ​អភិវឌ្ឍ​ទីក្រុង​រណប អ៊ឹ​ង ស៊ី​ធី (ING City) បាន​ចាប់ផ្តើម​កាលពី​ឆ្នាំ​២០០៧ ហើយ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​លាតសន្ធឹង​ប្រវែង ៩,១​គីឡូម៉ែត្រ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​កាលពី​ខែមេសា ឆ្នាំ​២០១៧​។ ការ​អភិវឌ្ឍ​តំបន់​បឹង​ទំពុន និង​ជើងឯក គឺ​ដើរ​ស្របគ្នា​នឹង​ចក្ខុវិស័យ​ដ៏​វែង​ឆ្ងាយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ដែល​សម្តេច​បាន​ចង្អុលបង្ហាញ​ពី​យុទ្ធសាស្ត្រ​ពង្រីក​ទីក្រុង​ទៅ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ