សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) អបអរសាទរ ១០ ឆ្នាំ នៃការបណ្តុះបណ្តាលអ្នកកសាងជាតិ និងអ្នកដឹកនាំសកល
រាជធានីភ្នំពេញ ៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានប្រារព្ធពិធីប្រគល់សញ្ញាបត្រលើកទី ១០ យ៉ាងអធិកអធម ក្រោមប្រធានបទ «អបអរសាទរ ១០…
រាជធានីភ្នំពេញ ៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានប្រារព្ធពិធីប្រគល់សញ្ញាបត្រលើកទី ១០ យ៉ាងអធិកអធម ក្រោមប្រធានបទ «អបអរសាទរ ១០…
រាជធានីភ្នំពេញ ៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានប្រារព្ធពិធីប្រគល់សញ្ញាបត្រលើកទី ១០ យ៉ាងអធិកអធម ក្រោមប្រធានបទ «អបអរសាទរ ១០ ឆ្នាំ នៃការបណ្តុះបណ្តាលអ្នកកសាងជាតិ និងអ្នកដឹកនាំសកល» ដែលជាចំណុចសំខាន់មួយក្នុងដំណើររបស់សាកលវិទ្យាល័យក្នុងការលើកកម្ពស់ឧត្តមភាពសិក្សា នវានុវត្តន៍ និងការអភិវឌ្ឍភាពជាអ្នកដឹកនាំ ព្រមទាំងអបអរសាទរនិស្សិតជំនាន់ឆ្នាំ ២០២៦ និងរយៈពេលមួយទសវត្សរ៍នៃការបណ្តុះបណ្តាលអ្នកដឹកនាំអនាគតដែលបង្កើតឥទ្ធិពលវិជ្ជមាននៅកម្ពុជា និងលើឆាកអន្តរជាតិ ។

ពិធីនេះបានប្រារព្ធឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីនិស្សិតបញ្ចប់ការសិក្សា មាតាបិតា អាណាព្យាបាល សាស្ត្រាចារ្យ ភ្ញៀវកិត្តិយស និងដៃគូសិក្សា ដើម្បីអបអរសាទរឱកាសដ៏មានអត្ថន័យមួយនេះ ។ ពិធីនេះប្រារព្ធឡើងក្រោមវត្តមានរបស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាស្ថាបនិករបស់ AUPP ដែលចក្ខុវិស័យ និងការដឹកនាំរបស់ឯកឧត្តមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យឧត្តមសិក្សានៅកម្ពុជា ។
ពិធីប្រគល់សញ្ញាបត្រនេះ មិនត្រឹមតែជាការអបអរសាទរសមិទ្ធផលផ្នែកសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីភាពអត់ធ្មត់ មហិច្ឆតា និងការផ្លាស់ប្តូររបស់និស្សិតពីជំនាញផ្សេងៗ ដែលបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមអភិវឌ្ឍសង្គមទាំងក្នុងស្រុក និងអន្តរជាតិ។ សុន្ទរកថាពីថ្នាក់ដឹកនាំសាកលវិទ្យាល័យ តំណាងពី Fort Hays State University, University of Arizona និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ឡើងវិញពីបេសកកម្មរបស់ AUPP ក្នុងការផ្តល់ការអប់រំកម្រិតស្តង់ដារអន្តរជាតិ តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ និងកម្មវិធីសញ្ញាបត្រទ្វេដែលទទួលស្គាល់ជាសកល ។

និស្សិតឆ្នើមត្រូវបានទទួលស្គាល់តាមរយៈពានរង្វាន់កិត្តិយសជាច្រើន រួមមាន ពានរង្វាន់និស្សិតឆ្នើមសញ្ញាបត្ររបស់ Fort Hays State University, ពានរង្វាន់និស្សិតឆ្នើម UA Micro-campus, ពានរង្វាន់សិស្សឆ្នើម និងពានរង្វាន់ Founder’s Leadership Award 2026 ជាលើកដំបូង។ ពានរង្វាន់ទាំងនេះមិនត្រឹមតែអបអរសាទរឧត្តមភាពផ្នែកសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំ ការបម្រើសង្គម និងស្មារតីនវានុវត្តន៍ ដែលជាតម្លៃស្នូលរបស់ AUPP ។
ក្នុងឱកាសអបអរសាទរនិស្សិតជំនាន់ទី ១០ នេះ សាកលវិទ្យាល័យក៏បានបង្ហាញសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការដឹកនាំគំនិតថ្មីៗ នវានុវត្តន៍ ការអភិវឌ្ឍ និងការចូលរួមជាសកល ។ មួយក្នុងចំណោមសមិទ្ធផលសំខាន់ៗគឺភាពជោគជ័យនៃកម្មវិធី Japanese IT Pathway ដែលក្រុមនិស្សិតជំនាន់ដំបូងកំពុងត្រៀមខ្លួនចាប់ផ្តើមអាជីពវិជ្ជាជីវៈរបស់ពួកគេនៅវិស័យបច្ចេកវិទ្យាកំពុងរីកចម្រើននៅប្រទេសជប៉ុន ។ ជាមួយគ្នានេះ AUPP ក៏បានដាក់ឱ្យប្រើប្រាស់កម្មវិធី AUPP Alumni App ដែលត្រូវបានអភិវឌ្ឍដោយនិស្សិតរបស់ AUPP ផ្ទាល់ ដើម្បីពង្រឹងទំនាក់ទំនងអតីតនិស្សិត បណ្តាញវិជ្ជាជីវៈ ការណែនាំ និងការកសាងសហគមន៍រយៈពេលវែង។ សមិទ្ធផលទាំងនេះបង្ហាញថា AUPP មិនត្រឹមតែផ្តោតលើឧត្តមភាពសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះបណ្តាលអ្នកជំនាញដែលត្រៀមខ្លួនសម្រាប់អនាគត អ្នកកសាងជាតិ និងអ្នកដឹកនាំសកល ។

ក្នុងការឈានដល់ជំនាន់បញ្ចប់ការសិក្សាលើកទី ១០ នេះ AUPP មានមោទនភាពចំពោះមួយទសវត្សរ៍នៃការបណ្តុះបណ្តាលនិស្សិតដែលពោរពេញដោយឧត្តមភាព សុចរិតភាព និងភាពជាអ្នកដឹកនាំ។ និស្សិតបញ្ចប់ការសិក្សាទាំងនេះកំពុងបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យផ្សេងៗ ក្នុងប្រទេស និងក្រៅប្រទេស ។
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ពិភពលោកទាំងមូលកំពុងឈានចូលយុគសម័យ ថ្មីដែលគូសវាសដោយបរិវត្តកម្មឌីជីថល បញ្ញាសិប្បនិម្មិត និងប្រព័ន្ធដែលដំណើរការផ្អែកលើទិន្នន័យ ។ ចរន្តថ្មីទាំងនេះមិនត្រឹមតែកែប្រែពាណិជ្ជកម្មតាមវិស័យប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងកែប្រែរបៀបរបបធ្វើការរបស់បណ្តារដ្ឋាភិបាល សណ្ឋាននៃការប្រកួតប្រជែងរវាងបណ្ដាប្រទេស និងដំណើរការនានាក្នុងសង្គម ។ ក្នុងបរិការណ៍នេះ ប្រស្នាគន្លឹះដែលគ្រប់ប្រទេសត្រូវដោះស្រាយនោះគឺ តើយើងគ្រប់គ្នាត្រូវធ្វើដូចម្តេច ដើម្បីធានាថា បច្ចេកវិទ្យានឹងបម្រើឱ្យកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ពង្រឹងសមត្ថភាពស្ថាប័ន និងការពារប្រជាពលរដ្ឋរបស់យើង ?

ឯកឧត្តម បន្តថា ចំពោះកម្ពុជា យើងបានកំណត់ទិសដៅច្បាស់លាស់ ។ «បច្ចេកវិទ្យា» ត្រូវបានបញ្ចូលជាអាទិភាពគន្លឹះទី ៥ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់យើង ដែលរំលេចឱ្យឃើញអំពីទស្សនៈជាមូលដ្ឋានគ្រឹះមួយថា បច្ចេកវិទ្យាមិនមែនជាវិស័យមួយទេ វាជាឃ្នាស់សម្រាប់ជំរុញគ្រប់វិស័យ ។ ការអប់រំដើរតួនាទីយ៉ាងសំខាន់ ។ សាកលវិទ្យាល័យលែងជាស្ថាប័នសម្រាប់តែការសិក្សាមួយមុខហើយ ប៉ុន្តែត្រូវក្លាយជាទីប្រជុំនៃធនធានមនុស្ស នវានុវត្តន៍ និងសមត្ថភាពឌីជីថល ។ សាកលវិទ្យាល័យមានតួនាទីបណ្តុះបញ្ញាញាណរបស់ជាតិក្នុងការរចនាប្រព័ន្ធឌីជីថលយកបញ្ញាសិប្បនិម្មិតទៅប្រើប្រាស់តាមមុខងារផ្សេងៗ និងដឹកនាំកាច់ចង្កូតស្ថាប័នក្នុងពិភពលោកដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស ។ ស្ថាប័នដូចជាសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញមានសារៈសំខាន់មិនអាចខ្វះបាន ក្នុងការនាំយកស្តង់ដាអប់រំកម្រិតសាកល ដើម្បីបម្រើអាទិភាពជាតិ ។ បញ្ញាសិប្បនិម្មិតត្រូវបានរួមបញ្ចូលទៅក្នុងការសម្រេចចិត្ត ទិន្នន័យជាកត្តាកំណត់យុទ្ធសាស្ត ហើយនវានុវត្តន៍ជាកត្តាកំណត់ពីសមត្ថភាពប្រកួតប្រជែង ។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ទៀតថា ជាមួយប្រទេសដែលមានសេដ្ឋកិច្ចឌីជីថលឈានមុខមួយលើពិភពលោកក្នុងចំណោមនិស្សិត បញ្ចប់ការសិក្សានៅថ្ងៃនេះ និស្សិត អេង ចន្ទវាសនា ជានិស្សិតមួយក្នុងចំណោមនិស្សិត AUPP ៣រូប ដែលនឹងទៅធ្វើការដកពិសោធជាក់ស្ដែងនៅប្រទេសជប៉ុន តាមរយៈកម្មវិធីនេះ ។ នេះជាការចូលរួមចំណែកសម្រេចគោលដៅអាទិភាពកម្រិតជាតិ ក្នុងការពង្រឹងជំនាញឌីជីថល បង្កើនទំនាក់ទំនងជាមួយទីផ្សារសាកល និងធ្វើឱ្យកម្លាំងពលកម្មនៅកម្ពុជាមានចល័តភាពខ្ពស់ ។ ឆ្នាំនេះ រឹតតែពិសេសជាងរាល់ឆ្នាំ ដោយសាកលវិទ្យាល័យបានធ្វើកិច្ចការពីរបន្ថែមទៀតគឺ ទី ១ កម្មវិធីទូរសព្ទដៃសម្រាប់អតីត និស្សិត (Alumni App) ដែលអភិវឌ្ឍដោយនិស្សិត AUPP ដែលកំពុងសិក្សា និងទី ២ គឺការផ្តល់ រង្វាន់ស្ថាបនិកសម្រាប់និស្សិតឆ្នើមលើភាពជាអ្នកដឹកនាំ ជាលើកដំបូងបង្អស់ ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់និស្សិតផងដែរថា សូមប្រុងប្រៀបដើម្បីបន្តអភិវឌ្ឍខ្លួនជាប់ជាប្រចាំ ចំណេះដឹងដែលក្មួយៗទទួលបាននៅពេលនេះ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ។ តែបន្ថែមលើនេះ សមត្ថភាពរបស់ក្មួយៗក្នុងការរៀន សម្របខ្លួន និងវិវឌ្ឍខ្លួន នឹងកំណត់អនាគតរបស់ក្មួយៗ ។ សូមក្មួយៗធ្វើជាអ្នកចូលរួមសកម្ម មិនមែនត្រឹមតែជាអ្នកចូលរួមអកម្មនោះទេ លើផ្នែកបច្ចេកវិទ្យា ក្មួយៗមិនត្រឹមតែក្លាយជាអ្នកប្រើបច្ចេកវិទ្យាទេ ប៉ុន្តែត្រូវជួយរិះរកដំណោះស្រាយដែលបង្កើតគុណតម្លៃពិតប្រាកដសម្រាប់សង្គម ។ ក្នុងតួនាទីជាអ្នកដឹកនាំ សូមក្មួយៗប្រកាន់ខ្ជាប់នូវភាពសុចរិតទៀងត្រង់ ដោយសារនៅក្នុងពិភពឌីជីថល រូបិយបណ្ណដែលមានតម្លៃជាងគេ គឺទំនុកចិត្ត ៕ អត្ថបទសហការ



ចែករំលែកព័តមាននេះ