ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ​ន ស្រី​ខួច បដិសេធ​មាន​គូស្នេហ៍​នៅ​អា​មេ​រិ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​នាង ផ​ន ស្រី​ខួច បាន​ធ្វើការ​បដិសេធ​ចោល​ទាំងស្រុង​ជុំវិញ​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ដែល​ដាក់​ការ​សង្ស័យ​ថា តារា​រូប​នេះ ចេញ​ចូល​​អា​មេ​រិ​ក​ច្រើន​ដងដោយ​សារ​តែ​នាង​មាន​គូស្នេហ៍​នៅ​ទីនោះ ក្នុង​ពេល​ដែល​នាង​តែងតែ​បង្ហាញ​វត្ត​មាននៅ​ក្នុង​ទឹកដី​មហាអំណាច​មួយ​នេះ​ជា​ញឹកញាប់ ។…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​នាង ផ​ន ស្រី​ខួច បាន​ធ្វើការ​បដិសេធ​ចោល​ទាំងស្រុង​ជុំវិញ​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ដែល​ដាក់​ការ​សង្ស័យ​ថា តារា​រូប​នេះ ចេញ​ចូល​​អា​មេ​រិ​ក​ច្រើន​ដងដោយ​សារ​តែ​នាង​មាន​គូស្នេហ៍​នៅ​ទីនោះ ក្នុង​ពេល​ដែល​នាង​តែងតែ​បង្ហាញ​វត្ត​មាននៅ​ក្នុង​ទឹកដី​មហាអំណាច​មួយ​នេះ​ជា​ញឹកញាប់ ។

ការ​សង្ស័យ​ពី​សំណាក់​មហាជន​នា​ពេល​នេះ​បាន​កើតឡើង​បន្ទាប់​ពី​គេ​តែ​សង្កេត​ឃើញ​តារា​ស្រី​រូប​នេះ តែង​បង្ហាញខ្លួន​នៅ​ក្នុង​ទឹក​អា​មេ​រិ​ក​ជា​បន្តបន្ទាប់ មិន​ថា​ការ​សម្តែង និង​ការ​ដើរ​កម្សាន្ត​ជា​លក្ខណៈ​ឯកជន​នោះ​ឡើយ ស្រប​ពេល​ដែល​នាង​ហាក់ដូចជា​ស្ងប់ស្ងាត់​ក្នុង​ការ​ចេញ​បទ​ចម្រៀង​ថ្មី ។

ជាក់ស្តែង​ក្នុង​ពេល​ថ្មី​ៗ​នេះ ផ​ន ស្រី​ខួច បាន​បង្ហោះ​រូបភាព​ដើរ​កម្សាន្ត​ជា​លក្ខណៈ​ឯកជន​នៅ​សហរដ្ឋអាមេរិក​ជា​បន្តបន្ទាប់ ជាមួយនឹង​ភាព​ហ៊ឺហារ និង​ការ​ដើរ​លែង​ទៅ​កន្លែង​កម្សាន្ត​ផ្សេង​ៗ និង​ការ​ទិញ​សម្ភារ​ប្រើប្រាស់​នៅ​តាម​ហាង​ដ៏​ទំនើប​មួយ​ចំនួន​ផង​ដែរ ។

តាម​រយៈ​សកម្មភាព​ទាំង​អស់នេះ​នាំ​ឲ្យ​ទស្សនិកជន​មានការ​សង្ស័យ​ថា នាង​នេះ​ទំនងជា​មាន​គូស្នេហ៍​នៅ​ទីនោះ ដែល​បាន​ធានា​នាង​ឲ្យ​មក​លេង​សហរដ្ឋអាមេរិក​ជា​ញឹកញាប់ ក្នុង​ពេល​ដែល​មួយ​រយៈ​ចុង​ក្រោយ​នេះ​នាង​ហាក់​មានការ​ប្រែប្រួល​នូវ​រូប​សម្រស់​ស្រស់​សោភា​ផង​នោះ​។

យ៉ាងណា​ក៏​ដោយ​ពាក់ព័ន្ធ​ការ​លើក​ឡើង​ខាងលើ​នេះ ផ​ន ស្រី​ខួច បាន​ធ្វើការ​បដិសេធ​ចោល​ទាំង​ស្រុង ដោយ​នាង​លើក​ឡើង​ថា ការ​មក​អា​មេ​រិ​ក​នា​ពេល​នេះ គឺជា​ការ​ដើរ​កម្សាន្ត​ជា​លក្ខណៈ​ឯកជន​ប៉ុណ្ណោះ ប៉ុន្តែ​នាង​ទទួលស្គាល់​ថា ការ​មកនេះ​គឺ​មិនមែន​មក​ដើម្បី​សម្តែង​ប្រាកដ​មែន ។ ផ​ន ស្រី​ខួច អះអាង​ថា នាង​មក​អា​មេ​រិ​ក​លើក​នេះ គឺ​មក​លេង​ពិតមែន ហើយ​ក៏​ចង់​ស្រាយ​ច​ម្ង​ល់​បង​ប្អូន​ដែរ គឺ​មកនេះ​មិនមែន​ដោយសារ​តែ​មាន​គូរ​ស្នេហ៍​នៅ​ទី​នេះ​អ្វី​ទេ ។

ទោះជា​យ៉ាងណា ផ​ន ស្រី​ខួច បាន​ថ្លែងអំណរគុណ​ដល់​ប្រិ​យ​មិត្ត​គាំទ្រ​នាង​ទាំងអស់ ដែល​តែង​តែ​ចាប់អារម្មណ៍ និង​តាមដាន​នូវ​រាល់​សកម្មភាព​របស់​នាង​ទាំង​ក្នុង និង​ក្រៅ​រង្វង់​សិល្បៈ ។

គួ​រំលឹក​ថា តារាចម្រៀង​នាង ផ​ន ស្រី​ខួច ធ្លាប់​ពើបប្រទះ​នូវ​រឿងរ៉ាវ​ស្នេហា​ជាមួយនឹង​តារា​ចម្រៀង​​រួម​ទ្រនំ គឺ​លោក នៅ ស៊ី​នឿ​ន កាលពី​ពេល​កន្លង​ទៅ ប៉ុន្តែ​ទំនាក់ទំនង​នោះ​បាន​កាត់​ផ្តាច់​ទៅ​វិញ បន្ទាប់​ពី​លោក នៅ ស៊ី​នឿ​ន បាន​ជួបនឹង​គូស្នេហ៍​ថ្មី ។ ជា​ការ​កត់សម្គាល់ កាលពី​ឆ្នាំ​កន្លង​ទៅ ផ​ន ស្រី​ខួច ក៏​ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​ផ្តើម​ស្នេហ៍​ជា​ថ្មី​ជាមួយ​លោក នៅ ស៊ី​នឿ​ន ឡើង​វិញ​បន្ទាប់​ពី​ពួក​គេ​បាន​ជួប​គ្នា​នៅ​ទឹកដី​អា​មេ​រិ​ក ក្នុង​ពេល​ដែល​នាង​បាន​ចេញ​ទៅ​សម្តែង​នៅ​ទីនោះ​រយៈពេល ៣ ខែ ។

ទោះជា​យ៉ាងណា ផ​ន ស្រី​ខួច ក៏​នៅ​តែ​បដិសេធ​នូវ​ការ​យល់​ឃើញ​អំពី​រឿង​ខាងលើ​នេះ ដោយ​នាង​បញ្ជាក់​ថា នាង​ទៅ​កម្សាន្ត​នៅ​អា​មេ​រិ​ក​ជាមួយ​ក្រុម​គ្រួសារ​រយៈពេល ៣ ខែ​តាម​ការ​ធានា​របស់​បងស្រី​ដែល​រស់នៅ​ទីនោះ​ផ្ទាល់ ។ តែ​ចៃដន្យ នៅ ស៊ី​នឿ​ន ទៅ​តាម​ក្រោយ ហើយ​បងប្អូន​ខ្មែរ​នៅ​ទឹកដី​មហាអំណាច​នេះ​ស្គាល់​ថា អ្នក​ទាំង​ពីរ​ជា​តារាចម្រៀង​នៅ​ផលិតកម្ម​ជាមួយ​គ្នា​ក៏​ចាប់​ដៃគូ​ឲ្យ​ច្រៀង​ជាមួយ​គ្នា​តែ​ម្ដង​ទៅ ឯ​រឿង​ពន្លក​ស្នេហ៍​ដុះ​ឡើង​វិញ​គឺ​អត់​ទេ ។

ផ​ន ស្រី​ខួច បញ្ជាក់​ថា ទំនាក់ទំនង​នាង និង នៅ ស៊ី​នឿ​ន នៅ​ពេល​នេះ​ក្នុង​នាម​ជា​មិត្ត​ភ័ក្ដិ​រួមការ​ងារ​ជាមួយ​គ្នា មិន​បាន​គិត​អ្វី​លើស​ពី​នេះនោះ​ទេ ។ ដូច្នេះ​នាង​សុំ​ចិត្ត​ទស្សនិកជន​កុំ​យល់​ច្រឡំ​តទៅ​ទៀត ។

បើ​តាម​នាង ផ​ន ស្រី​ខួច ប្រសិនបើ​ថ្ងៃ​ណាមួយ​នាង​ជួប​អ្នក​ត្រូវចិត្ត​ហើយ​ស្រឡាញ់ និង​ឲ្យ​តម្លៃ​នាង​ក៏​ដូច​ជា​ក្រុម​គ្រួសារ​នាង ពេល​នោះ​ហើយ​នាង​នឹង​ប្រកាសប្រាប់​ទស្សនិកជន​ជា​សាធារណៈ ប៉ុន្តែ​ពេល​នេះ​នាង​អត់​ទាន់​គិត ព្រោះ​រវល់​ជាមួយ​ការងារ​សិល្បៈ​ខ្លាំង​ពេក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ