ចាន់ ស្រី​រ័​ត្ន គ្រោង​ចូល​រោងការ​ជាមួយ អាន់ ដា


តារា​សម្តែង​សម្បុរ​ខ្មៅ​ស្រអែម​នាង ចាន់ ស្រី​រ័​ត្ន បាន​បង្ហាញ​ពី​តម្រុយ​ជិត​ចូល​រោងការ​ជាមួយ​តារាចម្រៀង​វ័យក្មេង​លោក អាន់ ដា នៅ​ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ ។ ដំណឹង​នេះ​បាន​លេចឡើង​បន្ទាប់​ពី​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង ត្រូវ​បាន​គេ​ឃើញ​មាន​រូបភាព​ជា​ច្រើន​សន្លឹក ដែល​បង្ហាញ​ពី​ការ​ថត​ត្រៀម​ពិធី​មង្គលការ​បង្ហោះ​ជា​បន្តបន្ទាប់ ។

បន្ថែម​ពី​ការ​បញ្ចេញ​រូបភាព​ទាំង​អស់នោះ តារា​សម្តែង​នៅ​ក្នុង​រឿង «​ឡូយ​៩» ក៏​បាន​បង្ហោះ​រូបភាព​ផ្អែមល្ហែម​ពេល​ចេញ​ទៅ​ណា​មក​ណា​ជាមួយ​លោក អាន់​ដា រួម​នឹង​សារ​ដ៏​ផ្អែមល្ហែម​ផង​ដែរ ។ ទោះជា​យ៉ាងណា​នៅ​ពេល​ជជីក​សួរ​អំពី​រឿង​នេះ​កញ្ញា ចាន់ ស្រី​រ័​ត្ន បាន​ទទួលស្គាល់​ពី​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយ​តារាចម្រៀង​លោក អាន់ ដា លើស​ពី​មិត្តភក្តិ​ធម្មតា​ជាមួយនឹង​ការ​បង្ហើប​ឱ្យ​ដឹង​ថា ជិត​ចូល​រោងការ​នា​ពេល​ខាង​មុខ​ផង​ដែរ ។

ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច ចាន់ ស្រី​រ័​ត្ន បាន​អះអាង​ថា នាង និង​លោក អាន់ ដា បាន​ចាប់ផ្តើម​ទំនាក់ទំនង​គ្នា​ជា​យូរ​មក​ហើយ ហើយ​អ្នក​ទាំង​ពីរ​ក៏​បាន​ស្វែង​យល់ចិត្ត​គ្នា​បាន​យ៉ាង​ល្អ​ផង​ដែរ ។ នាង​បញ្ជាក់​ថា ការ​ដែល​នាង​ជ្រើសរើស អាន់ ដា នា​ពេល​នេះ ដោយសារ​តែ​គាត់​ជា​មនុស្ស​ល្អ និង​ជាទី​ប្រឹក្សា​ល្អ​ពេល​នាង​ជួប​ទុក្ខ​លំបាក ។

បើ​ទោះបីជា​បាន​ស្វែង​យល់​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ល្អ​ក៏​ដោយ ប៉ុន្តែ​ចាន់ ស្រី​រ័​ត្ន នៅ​តែ​អះអាង​ថា គម្រោង​ចូល​រោងការ​ពិតប្រាកដ​នោះ មិន​ទាន់​ត្រូវ​បាន​កំណត់​ឲ្យ​បាន​ច្បាស់ លាស់​នៅឡើយ​ទេ ។ នាង​បញ្ជាក់​ថា ចំពោះ​ពិធី​មង្គលការ​នោះ​យើង​មិន​ទាន់​បាន​កំណត់​នៅឡើយ​ទេ ដោយសារ​តែ​យើង​មិន​ទាន់​រក​វេលា​សមគួរ​ណាមួយ តែ​គ្រាន់តែ​ថា យើង​បាន​ត្រៀម​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

បើ​តាម ចាន់ ស្រី​រ័​ត្ន ប្រសិនបើ​ពិធី​មង្គលការ​របស់​នាង​បាន​កើតឡើង​នៅ​ក្នុង​ពេល​ណាមួយ​នោះ​នាង​នឹង​អញ្ជើញ​មិត្តភក្តិ​សិល្បៈ​ដែល​ស្គាល់​ទាំងអស់ ហើយ​បើ​ទោះបីជា​រៀប​ការ​សាង​សុភមង្គល​គ្រួសារ​ក៏​ដោយ ប៉ុន្តែ​សម្រាប់​នាង គឺ​មិន​មាន​បំណង​បោះបង់​ចោល​សិល្បៈ​ឡើយ ខណៈ​ពេល​ដែល​បច្ចុប្បន្ន​នាង​ក៏​មានការ​មមាញឹក​នៅ​លើ​អាជីព​មួយ​នេះ​ផង​ដែរ ។

តារា​សម្តែង​នាង ចាន់ ស្រី​រ័​ត្ន បាន​កសាង​ភាព​ល្បីល្បាញ​របស់​ខ្លួន តាម​រយៈ​ការ​សម្តែង​នៅ​ក្នុង​រឿង «​ឡូយ ៩»​ និង​រឿង «​វិបល្លាស​» នៅ​តាម​ស្ថានីយទូរទស្សន៍ កាលពី​ពេល​កន្លង​ទៅ ។ ក្រៅពី​អាជីព​សិល្បៈ​នាង​ក៏​ជា​មន្ត្រីរាជការ​មួយ​រូប​នៅ​ក្នុង​វិទ្យុជាតិ​នៃ​ក្រសួង​ព័ត៌មាន​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ