ធម្មតាមនុស្សយើងច្រើនតែខ្វល់ខ្វាយនៅពេលសម្ពាធឈាមឡើងខ្ពស់ ប៉ុន្តែមិនសូវចាប់អារម្មណ៍នឹងអាការៈសម្ពាធឈាមថយចុះទេ។របបអាហារដែលត្រឹមត្រូវអាចជួយថែរក្សាសម្ពាធឈាមអ្នកឲ្យនៅធម្មតាបាន។ ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនអាចជួយអ្នកបានបើសិនជាសម្ពាធឈាមខ្សោយ៖
១-ញ៉ាំអាហារឲ្យញឹក ៖ ការវិលមុខក្រោយពីញ៉ាំអាហាររួចច្រើនតែកើតមានលើអ្នកដែលមានបញ្ហាសម្ពាធឈាមខ្សោយ ដូច្នេះយកល្អគួរតែចៀសវាងការញ៉ាំអាហារច្រើនៗ។ ការញ៉ាំអាហារញឹក ឬច្រើនដង ជាពិសេសអាហារតិចៗប្រហែលជាជួយកាត់បន្ថយអាការៈខ្សោយសម្ពាធឈាមក្រោយពីញ៉ាំអាហាររួចបាន។ ការញ៉ាំអាហារតិចៗបែបនេះក៏ជួយជំរុញដល់ការរំលាយអាហារ និងការបឺតស្រូបជីវជាតិកាន់តែល្អផងដែរ។
២-បន្ថយការញ៉ាំកាបូអុីដ្រាត ៖ ចូរកាត់បន្ថយការញ៉ាំអាហារដូចជា ដំឡូងបារាំង ផាស្តា និងបាយ ព្រោះវាអាចធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ ដែលអាចប៉ះពាល់ដល់សម្ពាធឈាមផង។ ការសិក្សាបានបង្ហាញថា ការកាត់បន្ថយចំនួនកាបូអ៊ីដ្រាតក្នុងអាហារ អាចបន្ថយសម្ពាធឈាម និងមិនឲ្យមានបញ្ហាលើសសម្ពាធឈាមទៀតផង។ ដូច្នេះ អ្នកគួរតែញ៉ាំគ្រាប់ធញ្ញជាតិ ផ្លែឈើ និងបន្លែឲ្យបានច្រើនវិញ។
៣-ញ៉ាំទឹកឲ្យបានច្រើន ៖ ការបង្គ្រប់ជាតិទឹកក្នុងខ្លួន មានន័យថា កំពុងតែលុបបំបាត់រោគសញ្ញានៃការខ្សោយសម្ពាធឈាម ព្រមទាំងការខ្សោះជាតិទឹកក្នុងខ្លួនផង។ ការញ៉ាំទឹកគ្រប់គ្រាន់នឹងជួយឲ្យកម្រិតជាតិទឹកក្នុងរាងកាយកើនឡើង និងជំរុញដល់របត់ឈាមរត់បានទៀតផង។
៤-តាមដានការញ៉ាំជាតិប្រៃ ៖ ការញ៉ាំប្រៃច្រើនពេកអាចប្រឈមនឹងការលើសសម្ពាធឈាមបាន។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហាខ្សោយសម្ពាធឈាម អ្នកគួរតែតាមដានការញ៉ាំប្រៃរបស់ខ្លួនវិញ ហើយគួរតែធ្វើយ៉ាងណាញ៉ាំអំបិលពី ២ ទៅ៣មីលីក្រាម ក្នុងរបបអាហារ។
៥-ចៀសវាងគ្រឿងស្រវឹង ៖ គ្រឿងស្រវឹងអាចធ្វើឲ្យខ្សោះជាតិទឹក និងបញ្ចុះសម្ពាធឈាមបាន។ ចូរចាំថា គ្រឿងស្រវឹងប្រហែលជាមានឥទ្ធិពលរបស់វាដែរទោះបីជាអ្នកញ៉ាំក្នុងកម្រិតមធ្យមក៏ដោយ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ