រាជធានីភ្នំពេញ៖ ផលិតកម្មភាពយន្តជាច្រើនបានបង្កើតស្នាដៃរបស់ខ្លួនប្រជែងទីផ្សារកាលពីប៉ុន្មានឆ្នាំមុន ស្របពេលរោងភាពយន្តទំនើបៗបង្កើតឡើងច្រើនដែរ ។ ទោះជាយ៉ាងណាក្ដីជាបន្តបន្ទាប់ផលិតកម្មមួយចំនួនបានជួបប្រទះបញ្ហា ដូចជាទស្សនិកជនវាយតម្លៃថាផលិតមិនទាន់មានគុណភាពស្រប ពេលភាពយន្តបរទេសវាយលុកដែរនោះ ។
ប្រហែលជា៥ទៅ៦ឆ្នាំមុនបណ្តាផលិតកម្មជាច្រើនសកម្មក្នុងការបង្ហាញស្នាដៃរបស់ខ្លួនប្រជែងទីផ្សារចាក់បញ្ចាំងយ៉ាងព្រោងព្រាត។ គេឃើញផលិតកម្មទាំងអស់នោះភាគច្រើនបង្ហាញរឿង ស្រដៀងៗគ្នាដូចជាកំប្លែង និងរឿងខ្មោចជាដើម។ ទស្សនិកជនជាច្រើន កាលពីពេល ថ្មីៗកន្លងមកនិយាយស្រដៀងគ្នាថា ភាពរីកសាយនេះបានបាត់ទៅ បន្តិចម្តងៗ ផលិតកម្មខ្លះបានបិទទ្វារ ខ្លះទៀតងាកទៅរកមុខរបរថ្មីទាក់ទងសិល្បៈ ។ ដូច្នេះហើយធ្វើឲ្យវាសនាកុនខ្មែរ ផលិតកម្មខ្មែរម្តងងើបម្តងលឹប ជួបរឿង ដដែលៗទោះជាពុះពារបែបណាក្ដី ។
ផលិតកម្មខ្មែរដែលតស៊ូលើកស្ទួយកុនខ្មែរគេចាំបានរួមមាន៖ ផលិតកម្មស៊ីធូហ្គូ ផលិតកម្មហ្គាឡាក់ស៊ី ផលិតកម្មសរ កេសរ៉ា ផលិតកម្មចក្កវាឡពេជ្រ ផលិតកម្មឃ្លីបមេឌា ផលិតកម្មវ៉ុនដឺហ្វីម ផលិតក្មឥន្ទ្រានិម្មិត និងផលិតកម្មអូហ្វីម។ បើតាមការរៀបរាប់របស់លោកស្រីថុង សៀវទៀងម្ចាស់ផលិតកម្មចក្កវាឡឲ្យដឹងថាសម្រាប់ផលិតកម្មលោកស្រីគឺសម្រុកថតរឿងភាគវិញ ខណៈតាមស្ថានីយទូរទស្សន៍មួយចំនួនទាក់ទង ។ ចំពោះរឿងដុំដូចជាមិនមានគម្រោងបន្តទៀតនោះទេ អាស្រ័យលើភាពជាក់ស្តែង ។
លោកស្រីថុង សៀវទៀង ថ្លែងថា«ទោះបីកុនរបស់ខ្ញុំផលិតមកខាត តែចិត្តស្រឡាញ់ខិតខំរិះរកអ្នក ជំនាញៗបន្តទៀតដើម្បីកែខៃច្នៃបែបណាឲ្យល្អ ។ បើមិនស្រឡាញ់មិនតស៊ូទេព្រោះដឹងហើយកុនខ្មែរ តែយើងចង់ឲ្យកុនរស់រាន ចង់ឲ្យសិល្បករមានការងារសម្តែង »។
លោកតាន់ វុទ្ឋី តំណាងផលិតកម្មអូហ្វីមដែលធ្លាប់មានស្នាដៃដឹកនាំរឿង«ទឹកចិត្តឪពុក»បានឲ្យដឹងថាផលិតកម្មរបស់លោកបានខកខានផលិតរឿងជាង២ឆ្នាំដោយសារតែទីផ្សារភាពយន្តខ្មែរថយក្រោយពេក ។ ទោះជាយ៉ាងណាក្ដីលោកមិនបានប្រកាសបិទទ្វារទេ តែបានពុះពារកសាងស្នាដៃថ្មីមួយរឿងទៀតនាពេលចុងក្រោយនេះ ។ «ចិត្តស្រឡាញ់ទើបខំរិះរកគំនិតថ្មីៗបើទោះជាវិស័យកុនខ្មែរពិបាកប្រជែងគេ តែយើងគួរតែលើកស្ទួយអ្វីដែលជារបស់ខ្មែរ»។
លោកតាន់ វុទ្ធី ថាភាពយន្តថ្មីរបស់លោកភាគច្រើនជាតួ ថ្មីៗដែលលោកចង់ឲ្យមានឱកាសសាងស្នាដៃដើម្បីឲ្យទស្សនិកជនវាយតម្លៃពីការសម្តែង ។
ចាងហ្វាងផលិតកម្មមហាហង្សលោកអុិន សុភិន ឲ្យដឹងថាសម្រាប់មហាហង្សនៅតែព្យាយាមរកគំនិត ថ្មីៗមកអភិវឌ្ឍវិស័យភាពយន្តទាំងផលិតករ អ្នកនិពន្ឋ តួសម្តែងត្រូវឲ្យមានជំនាញពិតប្រាកដ ។ លោកថា«មានតែអ្នកទស្សនាជាតិសាសន៍យើងទេជាអ្នករុញបន្តឲ្យត្រដែត បើកុនយើងខុសឆ្គងត្រូវរិះគន់ស្ថាបនា នោះពិតជារកឃើញលទ្ឋផលវិជ្ជមាន និងមិនត្រូវជាន់ពន្លិចពីកំហុសនោះទេ» ។
តំណាងរោងកុនព្រីមសុីណើផ្លិច និយាយថា«រោងកុនយើងស្វាមគន៍សូមឲ្យបណ្តាផលិតកម្មទាំងអស់ព្យាយាមខិតខំរកចំណុច ល្អៗមកច្នៃរឿងខ្មែរ ឬផលិតផលរបស់យើងឲ្យមានគុណភាព ហើយរោងកុនពិតជាផ្តល់ទីតាំងម៉ោងចាក់បញ្ចាំងជូនដោយការពេញចិត្ត ។ ពោលយើងជួយខ្មែរបើទោះយើងមានរឿងបរទេសនាំចូលតែមិនភ្លេចការនឹកឃើញពីអ្វីជាព្រលឹងជាតិខ្មែរឡើយ»៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ