បាតុកម្ម​ហុងកុង​ ត្រាំ​ព្រមាន​ប្រឆាំង​ធៀន​អាន​មេន​ថ្មី


ក្រុង​ហុងកុង ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៨​សីហា​បាន​ព្រមាន​ចិន​ដោយ​អះអាង​ថា ការ​បង្ក្រាប​បាតុកម្ម​ក្រុង​ហុងកុង​ដូច​ការ​កម្ទេច​ការ​បះបោរ​នៅ​ទីលាន​ធៀន​អាន​មេន នឹង​បំផ្លាញ​ធ្ងន់ធ្ងរ​ដល់​ការ​ចរចា​ស្ដី​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ចិន​-​អា​មេ​រិ​ក​។

លោក​ត្រាំ​ថ្លែង​កាលពី​ថ្ងៃ​ទី​១៨​សីហា​ទៅ​កាន់​បណ្ដា​អ្នកកាសែត​នៅ​ញូ​វ​ចឺ​ស៊ី​ថា ខ្ញុំ​យល់​ថា​វា​ពិតជា​ពិបាក​ខ្លាំង​ណាស់ ក្នុង​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ប្រសិនបើ​ចិន​ប្រើ​អំពើ​ហិង្សា​ដូច​គ្នា​នឹង​អ្វី​ដែល​ខ្លួន​ធ្លាប់​ធ្វើ​នៅ​ទីលាន​ធៀន​អាន​មេន​។ លោក​ត្រាំ​ធ្វើ​សេចក្ដីថ្លែងការណ៍​នោះ ខណៈ​ទីប្រឹក្សា​សេដ្ឋកិច្ច​ពិសេស​របស់់​លោក គឺ​លោក​LARRY KUDLOV អះអាង​នា​ព្រឹក​ថ្ងៃ​ទី​១៨​សីហា​ថា ក្រុង​វ៉ា​ស៊ិ​ន​តោន​និង​ក្រុង​ប៉េ​កាំ​ង ប៉ុនប៉ង​យ៉ាង​សកម្ម​ឲ្យ​កិច្ចចរចា​ដំណើរការ ដើម្បី​បញ្ចប់ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទាំង​២​។

កាលពី​ថ្ងៃ​ទី​១៨​សីហា​ពួក​បាតុករ​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​ជា​ច្រើន​រយ​ពាន់​នាក់ បាន​លើកគ្នា​ដើរ​ហែ​ក្បួន​យ៉ាង​គគ្រឹកគគ្រេង តាម​ដង​វិ​ថី​នានា​នៃ​ក្រុង​ហុងកុង ដោយ​ផ្គើន​ប៉ូលិស​និង​មិន​ចុះ​ញ៉ម​ចំពោះ​កាណុង​បាញ់​ទឹក ដើម្បី​បង្ហាញ​ថា​ចលនា​របស់​ពួក​គេ នៅ​តែ​មាន​ប្រជាប្រិយភាព ទោះបី​មាន​អំពើ​ហិង្សា​នានា​និង​ការ​គំរាម​ធ្វើ​អន្តរាគមន៍​របស់​ចិន​ក្ដី​។

ដើម្បី​តតាំង​នឹង​ការ​ចោទប្រកាន់​ពី​ភេរវកម្ម​ពី​សំណាក់​រដ្ឋាភិបាល​ចិន ការ​អំពាវនាវ​ឲ្យ​មានការ​ប្រមូលផ្ដុំ​មនុស្ស​ធ្វើ​បាតុកម្ម​ធំ​ដោយ​គ្មាន​អំពើ​ហិង្សា ត្រូវ​បាន​ធ្វើ​ដោយ​រណៈសិរ្ស​ស៊ី​វិល​នៃ​សិទ្ធិ​មនុស្ស​។ យោង​តាម​អង្គការ​នោះ​ថា​បាតុកម្ម​លើក​នេះ​ដែល​អហិង្សា មាន​មនុស្ស​ចូលរួម​ដល់​ទៅ​ជាង​១,៧​លាន​នាក់ គឺជា​មហា​បាតុកម្ម​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ​។ ចំណែក​ប៉ូលិស​ប៉ាន់​ប្រមាណ​ថា មាន​មនុស្ស​១២៨.០០០​នាក់ បាន​មក​ចូលរួម​ក្នុង​បាតុកម្ម​ដែល​មានការ​អនុញ្ញាត​នោះ នៅ​ក្នុង​ឧទ្យាន​មួយ​នៃ​ទីក្រុង តែ​ដោយ​មិន​រាប់​ប​ញ្ចូ​ន​បាតុករ​ដែល​ប្រមូលផ្ដុំ​គ្នា​ជា​ច្រើន​នៅ​តាម​បណ្ដា​វិ​ថី​ជាប់​ជិតខាង​ផង​ទេ​។

នា​ដើម​រសៀល​បាតុករ​ដំបូង​ប្រមូលផ្ដុំ​គ្នា ក្រោម​ដំណក់ទឹកភ្លៀង ក្នុង​ឧទ្យាន​PARC VICTORIA នា​កណ្ដាល​កោះ​ហុងកុង ដោយ​បង្កើត​ជា​សមុទ្រ​ឆ័​ត្រ​ចម្រុះ​ពណ៌​មួយ​។ ពួក​បាតុករ​បន្ទាប់​មក​លើកគ្នា​ដើរ​ហែ​ក្បួន សំដៅ​ទៅ​សង្កាត់​ADMIRALTY ដោយ​បំពាន​ការ​ហាមឃាត់​របស់​ប៉ូលិស ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​បាតុកម្ម​តែ​ក្នុង​ឧទ្យាន​។ រួច​នា​យប់​ថ្ងៃ​ទី​១៨​សីហា​បាតុករ​ច្រើន​រយ​នាក់​ដែល​ពាក់​ម៉ាស់ បាន​លើកគ្នា​ហែ​ក្បួន​ជុំវិញ​វិមាន​រដ្ឋាភិបាល​ដោយ​ស្រែក​ពាក្យ​ថា យើង​ដណ្ដើម​យក​ហុងកុង​មក​វិញ​ឬ​បដិវត្តន៍​នៃ​សម័យកាល​យើង​។

កងទ័ព​ចិន​នៅ​ក្រុង​SHENZHEN​ចម្ងាយ​៧​គីឡូម៉ែត្រ​ពី​ក្រុង​ហុងកុង ពេល​នេះ​កំពុង​ហាត់​ពី​ការ​ប្រើ​ឧបករណ៍​ពិសេស គឺ​ស្លាបព្រា​យក្ស ដែល​មាន​អគ្គិសនី​ឆក់​ទប់ទល់​ពួក​បាតុករ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ