ការ​ដែល​នៅ​តែ​មិន​ចេះ​គ្រប់​ហ្នឹងហើយ​ជា​ទុក្ខ​របស់​សត្វលោក


តម្រូវការ​របស់​មនុស្ស​បើ​ទោះជា​មាន​មាសប្រាក់​ចាក់​គរ​ដូច​ភ្នំ​យ៉ាងណា ក៏​នៅ​តែ​ខ្វះ នៅ​តែ​មិន​ចេះ​គ្រប់ មិន​អាច​បំពេញ​ចំណង់​របស់​ខ្លួន​បាន ។ ការ​ដែល​មិន​ចេះ​គ្រប់​គឺ​នៅ​តែ​ខ្វះ​ហ្នឹងហើយ​ជា​ទុក្ខ​ធំ​របស់​សត្វលោក ។
ខាងក្រោម​នេះ​ជា​ទុក្ខ​របស់​សត្វ​ព្រោះតែ​ចំណង់​មិន​គ្រប់ៈ

១-​បុគ្គល​ពួក​ខ្លះ​បាន​អាហារ​មក​បរិភោគ​ឆ្អែត​ហើយ តែ​នៅ​ចង់​មាន ចង់បាន​ឲ្យ​ច្រើន​ជាង​ហ្នឹង ចង់​មានបាន​ទុក​សម្រាប់​ចែក​កូនចៅ សម្រាប់​មុខមាត់​កិត្តិយស និងសម្រាប់​ទុកបង្អួត​អ្នកផងទាំងពួងគឺ កើត​លោភៈ​ចង់បាន​មិន​ចេះ​ចប់ ។

២-​បាន​អាហារ​ពេញ​ពោះ​ហើយ តែ​នៅ​ត្រូវការ​ឲ្យ​ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត នឹកគិត​បាន​នូវ​ចំណី​អារម្មណ៍ល្អ​ៗ​ទៀត ។

៣-​ប៉ុន្តែ​នៅ​ពេល​ស្វែងរក​រូប សំឡេង ក្លិន រស សម្ផស្ស តាម​ចំណង់​ចំណូលចិត្ត មិន​បាន​ដូច​ការ​ប៉ង ក៏​ជា​ទុក្ខ គឺ​ទុក្ខ​ព្រោះ​អន្ទះសា​ក្នុង​ការ​ស្វែងរក​បន្ត ទុក្ខ​ព្រោះ​ការ​បាន​មក​មិន​សម​តាម​ប្រាថ្នា ទុក្ខ​ព្រោះ​របស់​ដែល​បាន​មក​មានការ​ប្រែប្រួល​ទៅ​វិញ​ជា​ធម្មតា​គឺ​ទុក្ខ​រហូត​ពេញ​មួយ​ជីវិត ។

បើ​និយាយ​ពី​សត្វ​តិរច្ឆាន​មានទុក្ខ​ព្រោះ​ស្រែក​ឃ្លាន និង​ព្រោះ​ត្រូវ​គេ​គំរាមកំហែង​បៀត​ប្រៀន​អាយុជីវិត តែ​ចំណែក​មនុស្ស​មានទុក្ខ​ព្រោះ​ចំណង់​ត្រង់​មិន​ចេះ​គ្រប់ មិន​ចេះ​ហើយ បាន​នេះ​ហើយ ចង់បាន​នោះ​ទៀត​គឺ​នៅ​តែ​ខ្វះ នៅ​តែ​មានទុក្ខ ការ​មិន​ចេះ​គ្រប់​ហ្នឹងហើយ ជា​ទុក្ខ​មិន​ចេះ​ចប់​នោះ ។

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ