ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​«​រំដួល​ដងស្ទឹង​សង្កែ​» វិចិត្រករ​ល្បី​ឈ្មោះ​​ចោទ​លោក​ស៊ី​ន ស៊ី​សា​មុត ច្រៀង​ដៀម​ដាម(វីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

បទ​ចម្រៀង​របស់​លោក​ស៊ី​ន ស៊ី​សា​មុត មាន​ចំណងជើង​ថា «​រំដួល​ដងស្ទឹង​សង្កែ​» ជា​បទ​ពេញ​និយម​មួយ​រហូត​មក​ដល់​សម័យ​បច្ចុប្បន្ន​នេះ ។ ទោះជា​យ៉ាងណា​ក្ដី​បទ​នេះ​ធ្វើ​ឲ្យ​វិចិត្រករ​ល្បីឈ្មោះ គឺ​លោក​ញឹក ឌឹ​ម ខឹង…

បទ​ចម្រៀង​របស់​លោក​ស៊ី​ន ស៊ី​សា​មុត មាន​ចំណងជើង​ថា «​រំដួល​ដងស្ទឹង​សង្កែ​» ជា​បទ​ពេញ​និយម​មួយ​រហូត​មក​ដល់​សម័យ​បច្ចុប្បន្ន​នេះ ។ ទោះជា​យ៉ាងណា​ក្ដី​បទ​នេះ​ធ្វើ​ឲ្យ​វិចិត្រករ​ល្បីឈ្មោះ គឺ​លោក​ញឹក ឌឹ​ម ខឹង ដោយ​ចោទ​ថា​ច្រៀង​ដៀមដាម​ឲ្យ​រូប​លោក ។ ហេតុ​អ្វី​បានជា​លោក​ញឹក ឌឹ​ម ចោទ​បែប​នេះ ?
បទ​ចម្រៀង «​រំដួល​ដងស្ទឹង​សង្កែ​» លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន តែង​ទាំង​ទំនុកច្រៀង និង​បទ​ភ្លេង​នៅ​ឆ្នាំ​១៩៧៤ និង​សម្រួល​តន្ត្រី​ដោយ​លោក​មែ​៊ ប៊ុ​​ន ។

នោះ​គឺជា​ប្រវត្តិ​នៃ​បទ ចម្រៀង «​រំដួល​ដងស្ទឹង​សង្កែ​» ប៉ុន្តែ​លោក​ញឹក ឌឹ​ម បែរជា​យក​មក​ភ្ជាប់​ពាក់ព័ន្ធ​នឹង​រូប​លោក​ទៅ​វិញ ។ បើ​តាម​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បញ្ជាក់​នៅ​ក្នុង​សៀវភៅ​«​កំណាព្យ​ស្នេហ៍​មាស​»​របស់​លោក​ថា ពេល​បទ​ចម្រៀង «​រំដួល​ដងស្ទឹង​សង្កែ​» ចាក់​ផ្សាយ​លើក​ដំបូង លោក​ញឹក ឌឹ​ម មាន​ប្រតិកម្ម​ខ្លាំង រករឿង​ខឹង​លោក​ស៊ី​ន ស៊ី​សា​មុត ដែល​ជា​អ្នក​ច្រៀង ដោយ​ចោទ​ថា លោក​ស៊ី​ន ស៊ី​សា​មុត ច្រៀង​ដៀមដាម​ឱ្យ​លោក ។ លោក​ញឹក ឌឹ​ម ចាប់​ចំណុច​ចោទ​លោក​ស៊ី​ន ស៊ី​សា​មុត ត្រង់​ឃ្លា​នៃ​ចម្រៀង​ថា «​វិចិត្រករ​អើយ​កុំ​បាច់​គូរ​អី នៅ​ក្នុង​លោកិយ​ស្រី​ល្អ​គ្មាន​ទេ​…» ។

នៅ​ពេល​បានដឹង​ថា បទ​ចម្រៀង «​រំដួល​ដងស្ទឹង​សង្កែ​» ជា​បទ​ដែល​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន តាក់តែង​ឡើង​ដើម្បី​រំឭក​ដល់​អនុស្សាវរីយ៍​ពី​អតីតកាល គឺ​ស​ម្ដៅ​រំដួល​ដងស្ទឹង​សង្កែ នៅ​ក្នុង​ក្តី​ស​ស្រមៃ​របស់​លោក ប៉ុន្តែ​គ្មាន​បំណង​ដៀមដាម ឬ​រិះគន់​ឱ្យ​លោក​ញឹក ឌឹ​ម​ទេ​នោះ​ទើប​លោក​ស្រាក​ខឹង​វិញ ។

លោក​ញឹក ឌឹ​ម កើត​នៅ​ភូមិ​រាប ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង នា​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​១៩៣៤ ។ លោក​ញឹក ឌឹ​ម ថ្វីបើ​កើត​ក្នុង​វង្ស​ត្រកូល​កសិករ តែ​មាន​និស្ស័យ​ទៅ​លើ​សិល្បៈ​គំនូរ ។ ឃើញ​កូន​មាន​និស្ស័យ​ទៅ​លើ​សិល្បៈ​គំនូរ ដោយ​បង្ហាញ​ភស្តុ​តាង​ជាក់ស្តែង គឺ​មាន​ទេព​កោសល្យ​គូររូប​តាំងពី​ក្មេង ឪពុក ម្តាយ​លោក​ញឹក ឌឹ​ម បាន​បញ្ជូន​លោក​ទៅ​សាលា​គំនូរ ។ បន្ទាប់​ពី​រៀន​ចប់​ថ្នាក់បឋមសិក្សា​នៅ​ស្រុក​កំណើត​​នា​ឆ្នាំ​១៩៤៩ លោក​ញឹក ឌឹ​ម លាចាក​ជនបទ​ចូល​ទៅ​រៀន​សិល្បៈ​គំនូរ​នៅ​សាលា​វិចិត្រសិល្បៈ​នាទី ក្រុងភ្នំពេញ ។

ទឹកដៃ​គំនូរ​របស់​វិចិត្រករ​ញឹក ឌឹ​ម ទទួល​បានការ​ពេញចិត្ត និង​កោតសរសើរ​ពី​មហាជន​ទូទៅ ។ ស្នាដៃ​ជា​ច្រើន​របស់​វិចិត្រករ​រូប​នេះ​ដែល​ទទួល​បានការ​សរសើរ​មាន​ដូច​ជា សម្រស់​រមណីយដ្ឋាន​ទឹកឈូ ខេត្តកំពត ប្រាសាទអង្គរវត្ត រូប​ខ្មែរ​ជំនាន់​ដើម រូប​អ្នកចម្រៀង​លោក​ស៊ី​ន ស៊ី​សា​មុត អ្នកស្រី​រស់ សេរី​សុទ្ធា អ្នកស្រី​ប៉ែន រ៉​៉​ន និង​អ្នកស្រី​ហួយ មាស​ជាដើម ។

រូបភាព​ត្រជាក់ ភ្នែក និង​រឹតតែ​គួរ​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង​ទៀត​របស់​វិចិត្រករ​ញឹក ឌឹ​ម​នោះ គឺ​រូប​នារី​ក្រមុំ​ស្លៀក​សារុង និង​រុំ​ស្បៃ​ឃើញ​សម្រស់​ដងខ្លួន និង​សុដន់​ក្រពុំ​មូលក្លំ ៕ (កែ​សម្រួលដោយ ៖ បុប្ផា) (ប្រភព​វីដេអូ ៖ OUM Phynann)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ