តាមប្រភពព័ត៌មាន Goal បានឱ្យដឹងថា ខ្សែការពាររបស់ក្លិបហង្សក្រហម Virgil van Dijk ត្រូវបានគេជ្រើសរើសជាប់ជាបេក្ខជនជាមួយនឹង Lionel Messi និង Cristiano Ronaldo ក្នុងការដណ្តើមយកពាន UEFA Player of the Year ។

កីឡាករខ្សែការពាររបស់ក្លិប Liverpool រូបនេះបានរួមចំណែកនាំក្រុមហង្សក្រហមទៅដល់ពាន European Cup ដោយយកឈ្នះ Tottenham ក្នុងលទ្ធផល 2-0 ក្នុងទីក្រុង Madrid ។ Messi ដែលជា Top Scorer នៅក្នុងការប្រកួត Champions League បានឈ្នះពានស្បែកជើងមាស ហើយក៏បានជួយក្រុមលើកពាន La Liga ទី១០ នៅក្លិប Barcelona ។ ចំណែកឯ Ronaldo វិញដែលត្រូវបានគេដឹងថា ជាជើងខ្លាំងបានជួយក្លិបសេះបង្កង់ Juventus ឱ្យបានលើកពាន Serie A នៅរដូវកាលមុនក្នុងប្រទេសអ៊ីតាលីផងដែរ ។

ឈ្មោះបេក្ខភាពត្រូវបានរើសដោយក្រុមអ្នកឱ្យពិន្ទុ ដែលមានគ្រូបង្វឹក៨០នាក់ព្រមទាំងអ្នកកាសែត៥៥នាក់ផងដែរ ។ ពួកគេបានជ្រើសរើសកីឡាករបីនាក់ដែលអ្នកទីមួយបាន៥ពិន្ទុ អ្នកទីពីរបាន៣ពិន្ទុ និងអ្នកទីបីបាន១ពិន្ទុ ។
គួរបញ្ជាក់ផងដែរថា អ្នកដែលជាប់លេខ៤គឺ Alisson Becker ខណៈដែល Sadio Mane ជាប់លេខ៥ និង Mohamed Salah ជាប់លេខ៦ ។ អ្នកឈ្នះក្នុងការយកពាននេះនឹងត្រូវប្រកាសនៅថ្ងៃទី២៩ សីហា នេះ ៕
ប្រភព ៖ goal , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ