ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនេសាទ​ជីវិត​អណ្ដែត​ផុត​ផ្ទៃ​សាគរ​ក្លាយ​ជា​តារាចម្រៀង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មានចិត្ត​ស្រឡាញ់​និង​ស្រមៃ​ចង់​ក្លាយជា​តារាចម្រៀង​អាជីព តែ​វា​ជា​រឿង​អស់សង្ឃឹម ដ្បិត​មិនដឹង​ទៅ​ពឹង​អាស្រ័យ​អ្នក​ណា​ទេ​បើ​គ្មាន​ខ្សែរយៈ​ទាក់ទង​សោះ ។ នេះ​ជា​រឿង​របស់​លោក​ហួ​ន សំ​អុល ។ ទោះជា​យ៉ាងណា​ក្ដី​បុរស​ដែល​ថ្នឹក​ខាង​នេសាទ​ក្តាម ត្រី…

រាជធានី​ភ្នំពេញ​៖ មានចិត្ត​ស្រឡាញ់​និង​ស្រមៃ​ចង់​ក្លាយជា​តារាចម្រៀង​អាជីព តែ​វា​ជា​រឿង​អស់សង្ឃឹម ដ្បិត​មិនដឹង​ទៅ​ពឹង​អាស្រ័យ​អ្នក​ណា​ទេ​បើ​គ្មាន​ខ្សែរយៈ​ទាក់ទង​សោះ ។ នេះ​ជា​រឿង​របស់​លោក​ហួ​ន សំ​អុល ។ ទោះជា​យ៉ាងណា​ក្ដី​បុរស​ដែល​ថ្នឹក​ខាង​នេសាទ​ក្តាម ត្រី មឹក​…​ក្នុង​សមុទ្រ​រូប​នេះ ក្ដី​ស្រមៃ​បាន​ក្លាយជា​ការណ៍​ពិត​តាម​រយៈ​ការ​ប្រឹងប្រែង​របស់​ខ្លួន ។

អតីត​បេក្ខជន​ប្រឡង​ចម្រៀង​កម្មវិធី «​សំនៀង​ចែងចាំង​» និង​The Melody​របស់​ទូរទស្សន៍​បាយ័ន​លោក​ហួ​ន សំ​អុល កាលពី​ពេល ថ្មី​ៗ កន្លង​មកនេះ​ត្រូវ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា និង​ក្រុមការងារ​ជ្រើសរើស​ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម ។ នេះ​ដោយសារ​លោក​មាន​សំឡេង​ល្អ ។ លោក​ហួ​ន សំ​អុល ជា​បេក្ខជន​ឆ្លងកាត់​ការ​ប្រឡង ធំ​ៗ​ច្រើន​លើក តែ​បរាជ័យ​ច្រើន​ដង​លោក​មិន​ដែល​ចុះចាញ់​ទេ ព្រោះតែ​ចង់​ក្លាយជា​តារា​រះ​ចិញ្ចាច​សមតា​ម​បំណង ។

លោក​ហួ​ន សំ​អុល អតីត​អ្នកនេសាទ​នៅ​សមុទ្រ​កំពត និង​កែប បាន​តស៊ូ​អត់ធន់​ក្នុង​ជីវិត​បែប​នេះ​ជា​ច្រើន​ឆ្នាំ ទម្រាំ​បាន​ក្លាយជា​តារាចម្រៀង ។ លោក​ធ្វើ​ជា​អ្នកនេសាទ​តាម​ឳ​ពុក​តាំងពី​វ័យ​ជំទង់ ស្ទាត់ជំនាញ​រហូត​មើល​ដឹង​កន្លែង​ណា​មាន​ក្តាម​មាន​ត្រី​ឪពុក ។

ហួ​ន សំ​អុល និយាយ​ថា​«​ជីវិត​ហាលខ្យល់​ហាលភ្លៀង​លើ​ផ្ទៃសមុទ្រ​មិន​ដែល​គិត​ថា​បាន​ឱកាស​បាន​ឡើង​ឆាក​នឹង​គេ​ទេ តែ​ឲ្យ​តែ​ចេញ​ទៅ​នេសាទ​ដៃ​កាន់​ម៉ា​ញ៉េ​ហាត់​ច្រៀង​លើ​ទូក​ជា​ប្រចាំ ហើយ​សួរ​ខ្លួនឯង​ជា​និច្ច​ថាបើ​ចេះ​ស្ទាត់​នឹង​ចូល​ប្រឡង​នឹង​គេ​ក្រែង​មានឱកាស​ល្អ ។ នៅ​ទីបំផុត​ខ្ញុំ​ពិតជា​ធ្វើ​បាន តែ​ក៏​ជួប​ភាព​បរាជ័យ​ច្រើន​ដង​មុន​នឹង​មាន​ពេលវេលា​ដូច​សព្វ​ថ្ងៃនេះ​»​។

លោក​ហួ​ន សំ​អុល បាន​ក្លាយជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​របស់​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ដោយ​បាន​ចូល​ហាត់​ការងា​ច្រើន​ស​ប្តា​ហ៍​មក​ហើយ ។ «​នេះ​ជា​សំណាង​ខ្ញុំ ហើយ​ក៏​មិន​ដែល​គិត​ថា​មានឱកាស​បាន​រៀមច្បង​សិល្បៈ​មើលឃើញ​បែប​នេះ​ឡើយ ខ្ញុំ​ពិតជា​ចង​ចាំ​ជា​និច្ច​ពី​គុណ​ដ៏​ពិសេស​នេះ »​។

ផលិតកម្ម​នោះ​បើ​តាម​លោក​ហួ​ន សំ​អុល មាន​អ្នកជំនាញ​ច្រើន ដូច​ជា​លោក​សួន ពិសិដ្ឋ​ជា​អ្នក​និ​ព​ន្ឋ​ទាំង​ចម្រៀង និង​បទ​ភ្លេង ជាដើម ។ មិនតែប៉ុណ្ណោះ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា និង​លោក​ហេង ឡុ​ង យក​ចិត្តទុកដាក់​រក​គន្លឹះ​ឲ្យ​ផលិតកម្ម​បោះ​ជំហាន​ទៅ​មុខ ។ ចំពោះ​តារាចម្រៀង​ក្រៅពី​លោក​ហួ​ន សំ​អុ​ន នៅ​មាន​តារាចម្រៀង​មួយ​ចំនួន​ទៀត​ប្រចាំ​ផលិតកម្ម ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ