ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​មូលនិធិ​សម្រាប់​ផលិតករ​ខ្ចី​ថត​កុន​​ចេញ​មិន​រួច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រហូត​មក​ដល់​ពេល​នេះ​គម្រោង​មូលនិធិ​ប្រាក់​កម្ចី​សម្រាប់​ផលិតករ​យក​ធ្វើ​ទុន​ផលិត​កុន​មិន​បាន​ចេញ​ជា​រូបរាង​ទេ ។ គម្រោង​មូលនិធិ​ប្រាក់​កម្ចី​សម្រាប់​ផលិតករ​យក​ធ្វើ​ទុន​ផលិត​កុន​នេះ​ត្រូវ​គេ​ដឹង​ថា​តាំងពី​អំឡុង​លោក​សុះ ម៉ាច នៅ​ធ្វើ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​មក​ម្លេះ ប៉ុន្តែ​ក្រោយ​ពី​លោក​ផុត​អាណត្តិ​មក គម្រោង​មួយ​នេះ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ ហើយ​គេ​ក៏​មិនដឹង​ថា វា​កំពុង​តែ​ដំណើរការ…

រាជធានី​ភ្នំពេញ​៖ រហូត​មក​ដល់​ពេល​នេះ​គម្រោង​មូលនិធិ​ប្រាក់​កម្ចី​សម្រាប់​ផលិតករ​យក​ធ្វើ​ទុន​ផលិត​កុន​មិន​បាន​ចេញ​ជា​រូបរាង​ទេ ។ គម្រោង​មូលនិធិ​ប្រាក់​កម្ចី​សម្រាប់​ផលិតករ​យក​ធ្វើ​ទុន​ផលិត​កុន​នេះ​ត្រូវ​គេ​ដឹង​ថា​តាំងពី​អំឡុង​លោក​សុះ ម៉ាច នៅ​ធ្វើ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​មក​ម្លេះ ប៉ុន្តែ​ក្រោយ​ពី​លោក​ផុត​អាណត្តិ​មក គម្រោង​មួយ​នេះ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ ហើយ​គេ​ក៏​មិនដឹង​ថា វា​កំពុង​តែ​ដំណើរការ ឬ​ក៏​មិន​អាច​រក​ច្រកចេញ​បាន​បែប​ណា​នោះ​ទេ ។

លោក​សុះ ម៉ាច ធ្លាប់​បាន​អះអាង​ថា រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​មាន​គម្រោង​មូលនិធិ​ប្រាក់​កម្ចី​សម្រាប់​ផលិតករ​យក​មក​ធ្វើ​ទុន​ផលិត​កុន ។ សមាគម​សិល្បៈ ក៏​ដូច​ជា​ផលិតករ​បាន​រួម​គ្នា​ធ្វើ​គម្រោង​នេះ មុន​បញ្ជូន​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ពិនិត្យ ហើយ​ក្រសួង​បញ្ជូន​បន្ត​ទៅ​រដ្ឋាភិបាល​ពិនិត្យ និង​បន្ត​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​រៀបចំ​កញ្ចប់​ថវិកា​ដាក់​ឲ្យ​ខ្ចី​មក​វិនិយោគ​ផលិតភាព​យន្ត​ក្នុង​លក្ខខណ្ឌ​ដ៏​សម​ស្រប​មួយ​ដើម្បី​ជួយ​ជំរុញ​ឲ្យ​ការ​ផលិតភាព​យន្ត​ក្នុងស្រុក​កាន់តែ​មាន​សន្ទុះ និង​មានគុណ​ភាព ។

អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​បាន​អះអាង​ប្រាប់​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​នេះ​ថា រហូត​មក​ដល់​ពេល​នេះ​លោក​មិនដឹង​ពី​គម្រោង​មួយ​នេះ​ដើរ​ដល់​ណា​ហើយ​ទេ ។ កាលពី​លោក​នៅ​ជា​ប្រធាន​សមាគម​លោក​តែងតែ​ខំ​ជួយ​ជំរុញ​អំពី​បញ្ហា​នេះ តែ​ឥឡូវ​លោក​គ្មាន​សិទ្ធិ​ទេ ។

លោក​សុស ម៉ាច រំឭក​ថា រដ្ឋាភិបាល​ធ្លាប់​បាន​លើក​ឡើង​បញ្ហា​នេះ​ប្រមាណ​ជា​ជាង​៣​ឆ្នាំ​មុន ប៉ុន្តែ​មក​ទល់​ពេល​នេះ​លោក​មិន​បានដឹង​ទេ​ថា​តើ​ខាង​សមាគម​ភាពយន្ត​ខ្មែរ​បាន​រៀបចំ​ឯកសារ ឬ​មានការ​រួបរួម​គ្នា ដើម្បី​ដាក់​ទៅ​ក្រសួង​ពាក់ព័ន្ធ ឬ​យ៉ាងណា​ទេ ។ បញ្ហា​នេះ​គឺជា​មោទនភាព​មួយ​ដែរ​រាជរដ្ឋាភិបាល​បាន​គិតគូរ​ដល់​វិស័យ​ភាពយន្ត​ខ្មែរ​យើង ប៉ុន្តែ​បញ្ហា​អាច​ដំណើរការ​ដល់​ណា​នោះ​រូប​លោក​គឺ​គ្មាន​សិទ្ធិ និង​តួនាទី​អ្វី​សម្រាប់​ដេញដោល​សួរ​បញ្ហា​នេះ​ទៀត​ឡើយ ។

បើ​តាម​លោក​សុះ ម៉ាច បើ​មិន​មាន​អ្វី​ខុស​ដំណឹង​មួយ​នេះ​លោក​បានឮ​ប្រសាសន៍​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ដោយ​ផ្ទល់ ហើយ​បើ​ដំណឹង​នេះ​មិន​បាន​ចេញពី​មន្ត្រី​រដ្ឋាភិបាល​ទេ​នោះ​លោក​ក៏​មិន​អាច​លើកយក​មក​និយាយ​ដែរ ។

ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ​ផលិតករ​លោក​មុត ថា​រី និង​អតីត​ប្រធាន​សមាគម​ភាពយន្ត​ខ្មែរ​លោក​ឆាយ បូ​រ៉ា សុទ្ធតែ​បាន​អះអាង​ដូច​គ្នា​ថា លោក​ហាក់​មិន​បានដឹង​រឿង​មួយ​នេះ​ទេ ប៉ុន្តែ​ប្រសិនបើ​ក​គម្រោង​នេះ​អាច​ចេញ​ជា​រូបរាង​លោក​ស្វាគមន៍ និង​សាទរ ។

រហូត​មក​ដល់​ពេល​នេះ​ខ្សែភាពយន្ត​ភាគ​ដែល​បាន​ដាក់​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​ហាក់​កំពុង​តែ​មាន​សន្ទុះ​កើន​ឡើងជា​បន្តបន្ទាប់ បើ​ទោះបីជា​ភាពយន្ត​ខ្លះ​ទទួល​បានការ​គាំទ្រ​ច្រើន និង​ខ្លះ​មិនសូវ​មាន​អ្នក​ទស្សនា​ក្ដី ។ ភាគច្រើន​ការ​ផលិត​ជា​ខ្សែភាពយន្ត​ភាគ​ដាក់​បញ្ចាំង​តាម​ទូរទស្សន៍​នោះ គឺ​ខាង​ស្ថានីយ​ផ្ទាល់​ជា​អ្នក​ចេញ ចំណាយ ឯ​រឿង​ខ្លះ​ផលិតករ​ចំណាយ​ទុន​ខ្លួនឯង​យក​ទៅ​ជួល​ផ្សាយ ។ ក្រៅពី​មានការ​ផលិត​សម្រាប់​បញ្ចាំង​តាម​រោង​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ