ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ស្ត្រីវ័យ៦៣ឆ្នាំម្នាក់បានស្លាប់ ខណៈដែលក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ដោយសារជនរងគ្រោះចាស់ជរាហើយវង្វេងភ្លេចភ្លាំងក៏បានយកថ្នាំខ្មៅលាបសក់យកមកផឹក បណ្តាលឲ្យពុលប្រកាច់ស្លាប់ពេលកូនៗយកទៅដល់មន្ទីរពេទ្យខេត្ត ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ នៅផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិថ្មីឃុំសំបួរស្រុក ស្វាយទាប ខេត្តស្វាយរៀង ។
បើតាមសតម្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គង់ ម៉ាន់ ភេទស្រី អាយុ៦៣ឆ្នាំ ចាស់ជរាមានជំងឺវង្វេង មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ សមត្ថកិច្ចបន្តទៀតថា នៅមុនពេលកើតហេតុកូនរបស់គាត់បានយកថ្នាំលាបសក់ចាក់ដាក់ចាន ហើយយកទៅទុកលើទូក្នុងផ្ទះ តែមិនដឹងថា យ៉ាងមេចទេ ស្រាប់តែជនរងគ្រោះគាត់យកថ្នាំដាក់នៅលើទូយកមកផឹកអស់ ។ ប្រភពបានបន្តទៀតថា ក្រោយពីជនរងគ្រោះផឹកថ្នាំលាបសក់រួចមក ថ្នាំចាប់ផ្តើមធ្វើទុកប្រកាច់បែកពពុះមាត់ ខណៈពេលនោះកូនចៅក្រុមគ្រួសារបានមកឃើញក៏បានបញ្ជូនគាត់ទៅសង្គ្រោះនៅមន្ទីពេទ្យស្រុកស្វាយទាប ។
ប្រភពបញ្ជាក់ទៀតថា ដោយស្ថានភាពរបស់អ្នកជំងឺធ្ងន់ធ្ងរពេក មន្ទីរពេទ្យស្រុកស្វាយទាបបានបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះ ។ ពេលដែលទៅដល់មន្ទីរខេត្តស្វាយរៀងក្រុមគ្រូពេទ្យពិនិត្យហើយបានប្រាប់ថា គាត់បានស្លាប់ហើយ ។ បន្ទាប់ពីទទួលបានព័ត៌មានសមត្ថកិច្ចចុះដល់កន្លែង និងបានពិនិត្យធ្វើកោសល្យវិច្ច័យឃើញថា ឈ្មោះគង់ ម៉ាន់ពិតជាបានផឹកថ្នាំអ៊ុតសក់ បណ្តាលឲ្យស្លាប់ពិតប្រាកដមែន ហើយបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ