ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​ខេត្តបាត់ដំបង ៖ ឃើញ សម រ​ង្ស៊ី ចូល​​ច្រក​ណា​ក៏​ដោយ​ចាប់ខ្លួន​ជា​បន្ទាន់

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ «​បើ​ឃើញ​វត្តមាន​អតីត​មេ​បក្ស​ប្រឆាំង សម រង្សី ចូល​តាម​ច្រកព្រំដែន​ណាមួយ​មន្ត្រី​នគរបាល​នៅ ទីនោះ​ត្រូវ​អនុវត្ត​វិធានការ ចាប់ខ្លួន​ជា​បន្ទាន់​តាម​ដីកា បង្គាប់​របស់​តុលាការ​ដែល​មាន​ស្រាប់ »​។…

ខេត្តបាត់ដំបង ៖ «​បើ​ឃើញ​វត្តមាន​អតីត​មេ​បក្ស​ប្រឆាំង សម រង្សី ចូល​តាម​ច្រកព្រំដែន​ណាមួយ​មន្ត្រី​នគរបាល​នៅ ទីនោះ​ត្រូវ​អនុវត្ត​វិធានការ ចាប់ខ្លួន​ជា​បន្ទាន់​តាម​ដីកា បង្គាប់​របស់​តុលាការ​ដែល​មាន​ស្រាប់ »​។ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ល​ទ្ធ​ផល​ការងារ​ប្រចាំខែ មិថុនា ឆ្នាំ​២០១៩ និង​លើក ទិស​ដៅ​បន្ត​សម្រាប់​ខែ កក្កដា ឆ្នាំ ២០១៩ ។

នៅ​ចំពោះ​មុខមន្ត្រី​នគរបាល​ការពារ​ព្រំដែន​គោក​ជាប់​ព្រំដែន​ព្រះរាជាណាចក្រ​ថៃ ព្រមទាំង​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ពិសេស​ស្រុក​ចំនួន​៤ ដែល​មាន​ភូមិសាស្ត្រ​ជាប់​ព្រំដែន គឺ​ស្រុក​សំពៅ​លូន ស្រុក​ភ្នំព្រឹក ស្រុក​កំ​រៀង និង​ស្រុក​សំឡូត ខេត្តបាត់ដំបង ដែល​មាន​ភារកិច្ច​រក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​នៅ​ទីនោះ ត្រូវ​តែ​ចាប់ខ្លួន​ភ្លាម​បើ​ឃើញ​វត្តមាន​អតីត​មេ​បក្ស​ប្រឆាំង សម រង្សី នៅ​ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ​របស់​ខ្លួន ។

លោក​ឧត្តមសេនីយ៍ទោ​បាន​សង្កត់ធ្ងន់​ថា កងកម្លាំង​នគរបាល​ជាតិ ចំណុះ​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង​ទាំងអស់​បាន​ត្រៀមលក្ខណៈ​ជាប់​ជា ប្រចាំ​ដើម្បី​រង់ចាំ​ទទួល​នូវ​បទបញ្ជា​របស់​លោកនាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត​អគ្គស្នងការ​នគរបាល​ជាតិ ចេញ​ប្រតិបត្តិការ​ជា​បន្ទាន់​ធ្វើការ​បង្ក្រាប​បាន​ទាន់​ពេលវេលា​ចំពោះ​ជន​ណា ឬ​ក្រុម​ណា​ដែល​មាន​គោលបំណង​បំផ្លិចបំផ្លាញ​សុខ​សន្តិភាព បំផ្លិចបំផ្លាញ​សេចក្តីសុខ​សាន្ត​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ ឬ​ជន​ណា​ដែល​មាន​ចេតនា​បង្កចលា​ចល ធ្វើ​ឲ្យ​សង្គម​មាន​ភាព​វឹកវរ​ដោយសារ​ខ្លួន ។

លោក​ឧត្តមសេនីយ៍ទោ​បាន​សង្កត់ធ្ងន់​បន្ត​ថា ​ក្រៅពី​នោះ​មន្ត្រី​នគរបាល​គ្រប់​ថ្នាក់ គ្រប់​អង្គភាព​ត្រូវ​យកចិត្តទុកដាក់ ពិនិត្យ​សង្កេត​តាមដាន​នូវ​រាល់​បាតុភាព​កុហក បោកប្រាស់​ ភូតភរ ​បំភិតបំភ័យ​ អុជអាល ញុះញង់​របស់​ក្រុម​មនុស្ស​មួយ​ចំនួន ដែល​ពួក​គេ​មាន​គោលបំណង និង​ម​ហិ​ច្ឆិ​តា​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ហើយ​ជា​និច្ច​ជា​កាល​តែង​តែ​ប្រើប្រាស់​គ្រប់​សកម្មភាព ឧបាយកល និង​គ្រប់​រូបភាព​ជា​ច្រើន​ទម្រង់​ដើម្បី​បំភ័ន្ត​មតិ​ជាតិ មតិ​អន្តរជាតិ និង​ធ្វើ​ឲ្យ​មានការ​ភ័ន្ត​ច្រឡំ​ក្នុង​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ទូទៅ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ