ក្រុងហុងកុង ៖ មនុស្សច្រើនសិបពាន់នាក់កាលពីថ្ងៃទី៧ កក្កដា ២០១៩ បានធ្វើបាតុកម្មនៅហុងកុងដើម្បីរក្សាការគាបសង្កត់លើរដ្ឋាភិបាលមូលដ្ឋានស្និទ្ធក្រុងប៉េកាំង ហើយប៉ូលិសបានបំបែកអ្នកតវ៉ាមួយក្រុម ក្រោយការប្រមូលផ្ដុំគ្នា នៅមុខស្ថានីយរថភ្លើងលឿន ដែលរត់រវាងក្រុងហុងកុងនិងចិនដីគោក។
បាតុកម្មថ្មីនោះជាបាតុកម្មធំបន្តពីបាតុកម្មធំកាលពីថ្ងៃទី១កក្កដា លុកចូលបង្កការបំផ្លិចបំផ្លាញក្នុងសភាហុងកុងមក។ បាតុកម្មលើកនេះ តាមអ្នករៀបចំម្នាក់ថា ប្រមូលផ្ដុំមនុស្សជាង២៣០.០០០នាក់ តែប៉ូលិសថា មានប្រមាណជា៥៦.០០០នាក់។ ទោះជាបាតុកម្មនោះប្រព្រឹត្តទៅ ដោយគ្មានឧប្បត្តិហេតុតែប៉ូលិសនាវេលាល្ងាចបានប៉ះទង្គិចគ្នាជាមួយពួកអ្នកតវ៉ាដែលបិទមុខ ក្នុងសង្កាត់MONGKOKនាភាគខាងត្បូងក្រុង។ ពួកអ្នកតវ៉ាប្រមាណជា៣០០នាក់ភាគច្រើនជាពួកយុវជនបិទមុខ ទីបំផុតបានត្រូវបំបែកនិងចាប់ខ្លួនច្រើននាក់។
ចាប់តាំងពីច្រើនសប្ដាហ៍មកហើយ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនេះ បានធ្លាក់ចូលក្នុងវិបត្តិនយោបាយដ៏ជ្រៅ ដែលផ្ទុះឡើងតាមរយៈគម្រោងច្បាប់មួយ ដែលអនុញ្ញាតឲ្យធ្វើបត្យាប័នទៅកាន់ចិនដីគោក។ គម្រោងច្បាប់នោះបង្កឲ្យផ្ទុះជាបាតុកម្មធំៗ ដែលពេលខ្លះមានការប៉ះទង្គិចគ្នាដ៏សាហាវជាមួយប៉ូលិស។
គម្រោងច្បាប់ត្រូវបានផ្អាកតែទោះជាយ៉ាងណា នៅពុំអាចរំងាប់កំហឹង ហើយប្រែក្លាយទៅជាចលនាកាន់តែធំ ទាមទារការកែទម្រង់ប្រជាធិបតេយ្យ ហើយឲ្យបញ្ឈប់ការធ្វើឲ្យប៉ះពាល់ដល់សេរីភាព ក្នុងដែនដីពាក់កណ្ដាលស្វយ័តនោះ។ កាលពីថ្ងៃទី៧កក្កដាពួកបាតុករបានលើកគ្នាដើរហែក្បួនក្នុងវិថីនានា នៃសង្កាត់TSIM SHA THUIជាសង្កាត់ទេសចរណ៍មួយនៃក្រុងនោះ ដើម្បីបង្ហាញពីចលនាពួកគេប្រាប់ដល់ពួកអ្នកទេសចរ។
នៅចិនបាតុកម្មទាំងឡាយនៅក្រុងហុងកុង ត្រូវបានចាត់ទុកថា ជាការឃុបឃិតគ្នា ជាមួយបរទេសដើម្បីបង្កអស្ថេរភាព ហើយពុំមែនជាចលនាប្រជាជន ប្រឆាំងការលូកដៃកាន់តែខ្លាំងរបស់ចិនចូលក្រុងហុងកុងឡើយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ