តន្ត្រី និងចម្រៀងសម័យជាសិល្បៈដ៏ពេញនិយមក្នុងសង្គមខ្មែរយើង និងសាកលលោក ។ សិល្បៈចម្រៀងសម័យនេះខ្មែរយើងមានមោទនភាពដែលមានអ្នកចម្រៀងសំឡេងមាសលោក ស៊ីន ស៊ីសាមុត និងអ្នកស្រីរស់ សេរីសុទ្ធា ព្រមទាំងអ្នកចម្រៀងមួយចំនួនទៀតដែលមានទឹកដមសំនៀងពីរោះជាចំណីអារម្មណ៍របស់មហាជនទូទៅ ។
តើសិល្បៈចម្រៀងសម័យចាប់កំណើតនៅពេលណាក្នុងសង្គមខ្មែរយើង និងមានប្រភពមកពីណា ?
តាមឯកសារទស្សនីយភាពខ្មែរលើកឡើងថា ប្រវត្តិតន្ត្រីសម័យនៅប្រទេសកម្ពុជា បើតាមឯកសារមហាបុរសខ្មែរឱ្យដឹងថា សិល្បៈប្រភេទនេះហូរចូលមកប្រទេសខ្មែរពីបស្ចិមប្រទេស ពិសេសក្នុងរជ្ជកាលព្រះបាទ នរោត្តម (១៨៥៩-១៩០៤ ?) ពោលគឺក្នុងពេលដែលមានវត្តមានអាណានិគមបារាំង ជិះជាន់ត្រួតត្រាលើទឹកដីកម្ពុជា ។
ក្នុងពេលដែលចូលមកត្រួតត្រាលើប្រទេសកម្ពុជា ក្រៅពីអ្នកធ្វើការរដ្ឋបាល និងកម្លាំងទ័ព ពួកបារាំងបាននាំទាំងទាហានភ្លេងត្រែ សម្រាប់ពិធី ផ្សេងៗ ខាងទ័ពរបស់គេមកជាមួយផង ប៉ុន្តែពេលនោះ ខ្មែរហាក់ដូចជាមិនទាន់បានទទួលយកនូវឥទ្ធិពលនៃភ្លេងនោះនៅឡើយ ។
រហូតមកដល់គ្រឹស្តសករាជ១៨៧២ ក្នុងព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះបាទនរោត្តម ទៅកាន់ក្រុងហុងកុង ក្រុងម៉ាកាវ ដែលកាន់កាប់ដោយកម្លាំងទ័ពចក្រភពអង់គ្លេស និងក្រុងម៉ានីលនៃប្រទេសហ្វ៊ីលីពីន ដែលកាន់កាប់ដោយអេស៉្បាញនោះ ទើបខ្មែរចាប់ផ្តើមទទួលយកឥទ្ធិពលនៃតន្ត្រីបស្ចិមប្រទេសនេះ ។ មុនពេលយាងនិវត្តមកកាន់មាតុភូមិកម្ពុជាវិញ ព្រះបាទ នរោត្តម បានទទួលតង្វាយជាកងទ័ពម៉ានីល ដែលក្នុងនោះមានទាំងទ័ពភ្លេងត្រែផង ពីលោក Gouverneur ជនជាតិអេស៉្បាញ ហើយនាំឱ្យមករស់នៅក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យផ្គត់ផ្គង់ និងប្រទានបណ្តាស័ក្តិឱ្យ គ្រប់ៗគ្នាផង ហើយចាត់តាំងលំនៅឋានក្នុងភូមិមួយដាក់ឈ្មោះថា ភូមិម៉ានីល ស្ថិតនៅជាប់នឹងរបងព្រះបរមរាជវាំង ប៉ែកខាងក្រោយ ។ គឺចាប់ពីពេលនោះមកហើយ ដែលខ្មែរបានទទួលយកដោយផ្ទាល់នូវឥទ្ធិពលតន្ត្រីបស្ចិមប្រទេស ។
ក្រោយពីបានមករស់នៅប្រទេសកម្ពុជា ក្រោមព្រះរាជឧបត្ថម្ភរបស់ព្រះមហាក្សត្រខ្មែរ ពួកទ័ព និងតន្ត្រីករម៉ានីល ក៏បានបំពេញភារកិច្ចក្នុងវង់ភ្លេងត្រែ សម្រាប់ព្រះរាជពិធីនានា និងបានកសាងគ្រួសារជាមួយជនជាតិខ្មែរ ហើយបានបង្រៀនបន្តចំណេះដឹងតូរ្យតន្ត្រីខាងបស្ចិមប្រទេសនេះ មកឱ្យកូនខ្មែរថែមទៀតផង ។
នៅក្នុងប្រវត្តិដ៏យូរលង់ ពោលគឺតាំងពីរាជ្យព្រះបាទ នរោត្តម (១៨៥៩-១៩០៤) រាជ្យព្រះបាទ ស៊ីសុវត្ថិ (១៩០៤-១៩២៧) រាជ្យព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស (១៩២៧-១៩៤០) រាជព្រះបាទ នរោត្តម សីហនុ (១៩៤១-១៩៥៥) ព្រះបាទ នរោត្តម សុរាម្រឹត និងព្រះមហាក្សត្រីយានី កុសុមៈ នារីរតន៍ (១៩៥៥-១៩៦០) និងសម័យសង្គមរាស្ត្រនិយម (១៩៥៥-១៩៧០) តន្ត្រីសម័យដែលមានដើមកំណើតមកពីបស្ចិមប្រទេស បានរីកចម្រើនយ៉ាងខ្លាំងនៅប្រទេសកម្ពុជា ព្រោះព័ត៌មានខ្លះបានបញ្ជាក់ថា នៅក្នុងអំឡុងឆ្នាំ១៩៤០ មិនត្រឹមតែភ្លេងត្រែដែលខ្មែរនិយមឱ្យឈ្មោះថា ភ្លេងម៉ានីល ប៉ុណ្ណោះទេ ខ្មែរយើងបង្កើតបានជាវង់តន្ត្រីសម័យសម្រាប់កែកម្សាន្ត ដែលខ្មែរនិយមហៅថា ភ្លេងអ៊័រកេស “Orchestre” ហើយប្រគំក្នុងរង្គសាលរាំកម្សាន្តនានា ដូចជា បារអារិក “Bar Arec” ដែលមានទីតាំងនៅមាត់ទន្លេ ចំពីមុខព្រះសក្យមុនីចេតិយ និងបារឌុចនិល ដែលមានទីតាំងនៅម្តុំរោងល្ខោនថ្ម ស្ពានកូនកាត់ ម្តុំវត្តលង្កាសព្វថ្ងៃ ដែលជារង្គសាលដ៏ល្បីល្បាញ និងពេញនិយមនៅរាជធានីភ្នំពេញ ដែលមានក្រុមតន្ត្រីសម័យលាយចម្រុះនឹងឧបករណ៍តន្ត្រីបុរាណខ្មែរ (វង់មហោរីច្នៃ) ប្រគំជូនការរាំរែក និងកំដរការកម្សាន្តសប្បាយនានាផង ។ ឯទម្រង់ល្ខោនខ្លះដូចជាល្ខោនបាសាក់ ក៏បានទទួលយកឥទ្ធិពលភ្លេងនេះទៅប្រើប្រាស់ក្នុងទម្រង់សិល្បៈរបស់ខ្លួនដែរ ពិសេសគឺសម្រាប់ «ឡកម៉ាដាម» ។ ចំណែកឯទម្រង់ល្ខោនបាមោជ្ជទ័យ ដែលបានកើតមានឡើងក្នុងរយៈកាលនោះដែរ ក៏បានយកតន្ត្រីអ៊័រកេសនេះ ធ្វើជាគ្រឹះឱ្យទម្រង់របស់ខ្លួនតែម្តង ។
ឯកសារទស្សនីយភាពខ្មែរបញ្ជាក់ថា គឺចាប់ពីពេលនោះមកហើយ ដែលខ្មែរយើងចាប់ផ្តើមមានអ្នកនិពន្ធបទភ្លេង និងទំនុកច្រៀងខាងផ្នែកតន្ត្រីសម័យយ៉ាងល្បីល្បាញ ទាំងក្នុងព្រះរាជវង្សានុវង្ស ក៏ដូចជារាស្ត្រប្រជាសាមញ្ញដែរ មានព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដែលជាកវីនិពន្ធដ៏ឆ្នើមជាភស្តុតាងស្រាប់ ។
មិនត្រឹមតែប៉ុណ្ណោះ មុខវិជ្ជាខាងតន្ត្រីបស្ចិមប្រទេសនេះ បានពង្រីកឱ្យកាន់តែរីកចម្រើនឡើង ពិសេសនៅក្នុងសម័យសង្គមរាស្ត្រនិយម ។ រាជរដ្ឋាភិបាលក្នុងសម័យនោះ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះប្រមុខរដ្ឋ សម្តេចព្រះបាទនរោត្តម សីហនុ បានបើកឱ្យមានសាលាតូរ្យតន្ត្រី (១៩៥៩) ដែលមានទីតាំងដំបូងនៅម្តុំវិទ្យាល័យព្រះយុគន្ធរ (ពេទ្យចិន) រួចប្តូរមកទួលគោក… ហើយទីបំផុតក៏ក្លាយទៅជាមហាវិទ្យាល័យសិល្បៈតូរ្យតន្ត្រី ស្ថិតនៅក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលមានទីតាំងស្ថិតនៅជាប់នឹងទីស្តីការគណៈរដ្ឋមន្ត្រី សព្វថ្ងៃនេះ ហើយអប់រំបណ្តុះបណ្តាលបានសិស្ស-និស្សិតជាច្រើន រហូតដល់អាចបង្កើតបានជាក្រុមតន្ត្រីសំឡេងស្រាល “Orchestre de Chambre” និងក្រុមតន្ត្រីសាំងហ្វូនី “Orchestre Symaphonie” ដ៏ធំសម្បើម ព្រមទាំងក្រុមចម្រៀងជាពួក“Choral” ដែលមានលក្ខណៈជាអន្តរជាតិថែមទៀតផង ។
ក្នុងរយៈពេលនោះ ការហូរចូលតន្ត្រីសម័យពីបរទេសមកក្នុងប្រទេសកម្ពុជា ក៏មានច្រើនទាំងថាសចម្រៀង ទាំងក្រុមតន្ត្រី ដែលជាកត្តាគួបផ្សំ និងជួយជំរុញឱ្យតន្ត្រីសម័យនៅក្នុងស្រុកកាន់តែរីកចម្រើនឡើង ទាំងក្នុងអង្គភាពរដ្ឋ ទាំងក្រុមឯកជនជាច្រើន នៅរាជធានីភ្នំពេញ ក៏ដូចជានៅគ្រប់ខេត្ត-ខណ្ឌផង ។
ម៉្យាងទៀត ក្នុងរយៈពេលនោះអ្នកចម្រៀងមាននិស្ស័យខ្ពស់ និងទេពកោសល្យ ល្អៗ បានផុសឡើងព្រោងព្រាតដូចជា អ្នកស្រីម៉ៅ សារ៉េត, អ្នកស្រីកែវ មន្ថា, អ្នកស្រីហួយ មាស, អ្នកស្រីប៉ែន រ៉ន, អ្នកស្រីប៉ែន រ៉ម, លោកសុះ ម៉ាត់, លោកមាស សាម៉ន, លោកមាស ហុកសេង, លោកអុិន យ៉េង ព្រមទាំងអ្នកស្រី រស់ សេរីសុទ្ធា និងលោកស៊ីន ស៊ីសាមុត ដែលមានឈ្មោះល្បីល្បាញជាងគេបំផុតក្នុងប្រទេសកម្ពុជា ។
ថ្វីដ្បិតតែលោកស្រី និងអស់លោកជាអ្នកចម្រៀងទាំងអស់ នោះភាគច្រើនបានលាចាកលោកដោយក្តីសោកសៅជាទីបំផុត ក្នុងរបបប្រល័យពូជសាសន៍ ដ៏កាចសាហាវ ចន្លោះឆ្នាំ១៩៧៥-១៩៧៩ ទៅហើយក្តី ក៏សំឡេងដ៏ពីរោះរណ្តំរបស់ពួកគាត់នៅតែលាន់រងំនៅក្នុងសោតិន្ទ្រិយារម្មណ៍ និងបេះដូងខ្មែរជារៀងរហូត តាំងពីមុនរហូតពេលបច្ចុប្បន្ន និងក្នុងកាលអនាគត ទាំងនៅក្នុងមាតុភូមិកម្ពុជា ទាំងនៅឯបរទេស ពិសេសនៅប្រទេសទាំងឡាយ ក្នុងពិភពលោកដែលមានប្រជាជនខ្មែររស់នៅ ។
ចំណុចមួយដ៏សំខាន់ទៀត ទាក់ទងទៅនឹងដំណើរវិវឌ្ឍនៃតន្ត្រីសម័យ នៅប្រទេសកម្ពុជា ក្នុងដំណាក់កាលចុងក្រោយនេះ គឺចាប់ពីពេលដែលប្រទេសយើងដើរមកដល់របត់នយោបាយមួយថ្មី គឺបង្រួបបង្រួមផ្សះផ្សាជាតិ… ជាតិមានសុខសន្តិភាពមក (១៩៩៣) ហើយប្រទេសកម្ពុជាបានបើកទ្វារធំទូលាយ ក្នុងយុគសម័យសាកលភាវូបនីយកម្ម និងសេដ្ឋកិច្ចទីផ្សារសេរី… ការហូរចូលនៃវប្បធម៌បរទេស ពីគ្រប់ទិសទីនៃពិភពលោក តាមមធ្យោបាយដ៏មានប្រសិទ្ធភាព គឺទូរទស្សន៍ធម្មតា ទូរទស្សន៍ខ្សែកាប និងមធ្យោបាយទំនើប ផ្សេងៗជាច្រើន បានធ្វើឱ្យវប្បធម៌ខ្មែរ ជួបនូវផលពិបាកយ៉ាងខ្លាំងពីគ្រាដំបូង ពិសេសគឺផ្នែកសិល្បៈទស្សនីយភាពដែលមានទ្រង់ទ្រាយបុរាណ ។ ផ្ទុយទៅវិញ ក្នុងពេលជាមួយគ្នានោះ តន្ត្រីសម័យនៅប្រទេសកម្ពុជា ហាក់ហក់ទៅមុខយ៉ាងខ្លាំង ដែលពីដំបូងក្រុមអ្នកស្រាវជ្រាវសង្កេតឃើញហាក់ដូចជាច្រើនតែចម្លងរបស់បរទេសមកធ្វើជារបស់ខ្លួន ? ទាំងរូបភាព ទាំងខ្លឹមសារក៏ពិតមែន… ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ ឃើញមានការវិវឌ្ឍមករកពណ៌សម្បុរជាតិរបស់ខ្លួន ហើយមានការរីកចម្រើនទាំងបរិមាណ និងគុណភាពផង ។ ម៉្យាងទៀត ដោយមធ្យោបាយផ្សព្វផ្សាយទំនើប និងសម្បូរបែប ទូរទស្សន៍ជាច្រើន ខារ៉ាអូខេ កាស្សែតសំឡេង ស៊ីឌី (CD) វីស៊ីឌី (VCD) ឌីវីឌី (DVD) រួមផ្សំនឹងតន្ត្រីសម័យក្នុងពេលសព្វថ្ងៃនេះ បានក្លាយជាទីពេញនិយមរបស់ប្រជាជនខ្មែរយើងនៅទូទាំងប្រទេសផង សង្ឃឹមថា បទពិសោធន៍នានាក្នុងការងារអាជីព នឹងក្លាយជាមេរៀនដ៏ធំជំរុញសមត្ថភាពអ្នកនិពន្ធបទភ្លេង និងទំនុកច្រៀងខ្មែរយើង ក៏ដូចជាតន្ត្រីករ និងអ្នកចម្រៀងយុវវ័យជាច្រើន ក្នុងសម័យដើមសតវត្សទី២១នេះ ឱ្យកាន់តែមានកម្រិតខ្ពស់ឡើង និងជំរុញមុខជំនាញរបស់ខ្លួនឱ្យកាន់តែល្អប្រសើរក្នុងកាលអនាគតមិនខាន ៕
ចែករំលែកព័តមាននេះ