ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រី​អ៊ុ​ន សុផល ចង់​មក​នៅ​ស្រុក​ខ្មែរ​វិញ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​អ្នកស្រី​អ៊ុ​ន សុផល កំពុង​មាន​វត្តមាន​លើ​ទឹកដី​កំណើត ហើយ​កាលពី​ពេល ថ្មី​ៗ​នេះ​បាន​ចូលរួម​ច្រៀង​ក្នុង​កម្មវិធី​តន្ត្រី​ទូរទស្សន៍ ។ អ្នកចម្រៀង​ជំនាន់​លោក​ប៊ុ​ន ចាន់​ថន រូប​នេះ​បាន​បែក​ឃ្លាត​មាតុភូមិ​ចេញ​ទៅ​នៅ​អា​មេ​រិ​ក​ប្រមាណ​២០​ឆ្នាំ​ហើយ…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​អ្នកស្រី​អ៊ុ​ន សុផល កំពុង​មាន​វត្តមាន​លើ​ទឹកដី​កំណើត ហើយ​កាលពី​ពេល ថ្មី​ៗ​នេះ​បាន​ចូលរួម​ច្រៀង​ក្នុង​កម្មវិធី​តន្ត្រី​ទូរទស្សន៍ ។ អ្នកចម្រៀង​ជំនាន់​លោក​ប៊ុ​ន ចាន់​ថន រូប​នេះ​បាន​បែក​ឃ្លាត​មាតុភូមិ​ចេញ​ទៅ​នៅ​អា​មេ​រិ​ក​ប្រមាណ​២០​ឆ្នាំ​ហើយ ។

អ្នកស្រី​អ៊ុ​ន សុផល ក្រៅពី​ច្រៀង​បទ​សម័យ ក៏​ច្រៀង​បទ​ប្រពៃណី​ដែរ ហើយ​ទទួល​បានការ​សរសើរ​ពី​ទឹកដម​សំឡេង​ពីរោះ​រណ្តំ ។ បើ​ទោះជា​អ្នកស្រី​សុផល ចាកចេញ​ទៅ​នៅ​ស្រុក​គេ​ក្តី តែ​ក្នុង​កម្មវិធី​មង្គលការ​គេ​តែងតែ​ឮ​បទ​ចម្រៀង​ប្រពៃណី​របស់​អ្នកស្រី ។ ក្រៅពី​ច្រៀង​ភ្លេង​ការ អ្នកស្រី​អ៊ុ​ន សុផល ច្រៀង​បទ​សម័យ​ក៏​ពីរោះ​ពីរោះ​ដែរ ។

ថ្លែង​លើ​វេទិកា​តន្ត្រី​របស់​ទូរទស្សន៍​ភី​អិន​អិន កាលពី​យប់​ថ្ងៃ​ទី​២៣ មិថុនា ឆ្នាំ​២០១៩ អ្នកស្រី​អ៊ុ​ន សុផល ដែល​ចូលរួម​ច្រៀង​៣​បទ​ក្នុង​នោះ​ប្រពៃណី​២​បទ​បាន​រៀបរាប់ ខ្លះ​ៗ​ថា អ្នកស្រី​ចេញ​ទៅ​នៅ​អា​មេ​រិ​ក​ជិត​២០​ឆ្នាំ​មក​ហើយ ដោយ​អារម្មណ៍​ពិតជា​មហា​នឹក​មាតុភូមិ​ខ្មែរ​បំផុត ។ ទៅ​នៅ​អា​មេ​រិ​ក​អ្នកស្រី​នៅ​តែ​បន្ត​អាជីព​សិល្បៈ​ដោយ​សព្វថ្ងៃ​ច្រៀង​ប្រចាំ​នៅ​ភោជនីយដ្ឋាន​មួយ​រាល់​ចុង​អាទិត្យ ។

អ្នកស្រី​អ៊ុ​ន សុផល មិន​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ស្វាមី​អ្នកស្រី​ប្រកបការងារ​អ្វី ឬ​មាន​កូនចៅ​ប៉ុន្មាន​នោះ​ទេ ។ អ្នកស្រី​សុផល​បន្ត​ទៀត​ថា «​បែក​ស្រុក​២០​ឆ្នាំ​ទើបតែ​១១​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​ខ្ញុំ​មិន​បាន​មក ។ មក​លើក​នេះ​ពិតជា​ប្លែក​ឃើញ​ស្រុក​ទេស​ជឿនលឿន​ខ្លាំង ។ ឮ​គេ​ថា​ប្លែក​រីក​ចម្រើន ជាក់ស្តែង​មក​ដល់​ស្រុក​ឃើញ​ថា​លូតលាស់​រហូត​វង្វេងផ្លូវ​ចំណាំ​មិន​បាន​ដោយ​អារម្មណ៍ និង​ចិត្ត​វិញ​គឺ​អរ​ណាស់ ឃើញ​ប្រទេស​យើង​មាន​អ្វី ល្អ​ៗ​គ្រប់​បែប​យ៉ាង » ។

នៅ​ពេល​ពិធីករ​សួរ​ថាបើ​មាន​ផលិតកម្ម​ណា​ចង់​ឲ្យ​ថត​ចម្រៀង តើ​អ្នកស្រី​ថត​ទេ ហើយ​ចង់​នៅ​ស្រុក​ខ្មែរ​វិញ​ទេ ? អ្នកស្រី​សុផល​និយាយ​យ៉ាង​លឿន​ថា «​បើ​មាន​គេ​ហៅ​ថត​ចម្រៀង​ពេញចិត្ត​ទទួល ហើយ​បើ​និយាយ​ពី​ចិត្ត​អាច​នឹង​មាន​គម្រោង​ត្រឡប់​មក​នៅ​កម្ពុជា​យើង​វិញ​មិន​ចោល​នោះ​ទេ ដោយ​រង់ចាំ​ចាត់ចែង​ការងារ​ផ្ទាល់ខ្លួន​ឲ្យ​ចប់​រួចរាល់ នោះ​ផែនការ​មក​នៅ​ស្រុក​ខ្មែរ​អាច​កើត​មាន​ច្រើន​បំផុត​ព្រោះ​ស្រឡាញ់​ប្រទេស​យើង​បំផុត » ។

អ្នកស្រី​អ៊ុ​ន សុផល មិន​ទាន់​វិល​ទៅ​អា​មេ​រិ​ក​លឿន​វិញ​ទេ ដោយ​ចំណាយពេល​ច្រៀង​តាម​ទូរទស្សន៍​នានា ដើរ​កម្សាន្ត​តាម​ខេត្ត និង​ជា​ពិសេស​អ្នកស្រី​ចង់​សួរសុខទុក្ខ​មិត្តភក្តិ ចាស់​ៗ​ដែល​បែក​គ្នា​យូរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ