ខេត្តស្វាយរៀង ៖ វេលាម៉ោង៣និង៤៥នាទីទៀបភ្លឺថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ មិនដឹងមូលហេតុអ្វី ស្រាប់តែជនជាតិចិនមួយក្រុមមានគ្នាចំនួន៥នាក់មិនស្គាល់អត្តសញ្ញាណបានបើករថយន្តមួយគ្រឿង ពណ៌ស គ្មានស្លាកលេខ ចូលទៅក្នុងផ្សារស្ថិតក្នុងបរិវេណកាស៊ីណូម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ហើយក្រុមជនជាតិចិនទាំង៥នាក់នោះបានធ្វើសកម្មភាពយកឈើជ្រុងដើរទៅវាយជនជាតិចិនម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណដែលឈរនៅទីនោះ បណ្តាលឱ្យជនរងគ្រោះរបួសភ្នែកខាងស្តាំធ្ងន់ធ្ងរ។
បន្ទាប់មកកម្លាំងក្រុមប្រតិបត្តិការផ្ទៃក្នុងក្រសួងមហាផ្ទៃបានចុះទៅបង្ក្រាបនិងចាប់បញ្ជូនជនសង្ស័យទាំង៥នាក់ទៅអោយខាងជំនាញផែនព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀងចាត់ការបន្ត។
ក្រោយពីមន្ត្រីជំនាញបានធ្វើការសាកសួរក្រុមជនសង្ស័យជាជនជាតិចិនទាំង៥នាក់រួចមក ក៏បានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគបាលខេត្តស្វាយរៀង នៅវេលាម៉ោង៣ រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីចាត់ការតាមនីតិវិធី។
បើតាមមន្ត្រីនគរបាលម្នាក់បានបង្ហើបឲ្យដឹងថា ដោយមានការសម្របសម្រួល និងធ្វើការផ្សះផ្សាគ្នារួចមក ជនរងគ្រោះបានមកដកពាក្យបណ្តឹងវិញហើយ ចំណែកក្រុមជនសង្ស័យជាជនជាតិចិនទាំង៥នាក់នោះក៏ត្រូវបានដោះលែងឲ្យមានសេរីភាព ហើយត្រឡប់ទៅវិញនៅវេលាម៉ោង៦យប់ថ្ងៃ២៤ មិថុនា ផងដែរ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ