ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ផ្ទុះ​សង្គ្រាម​សម្តី​ជាមួយ​​អតីត​ភរិយា ថៃ ន​រៈ​សត្យា ត្រូវ​ព្រះមហាក្សត្រ​ចេញ​​ព្រះ​រាជ​ក្រឹត្យ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ថៃ ន​រៈ​សត្យា ត្រូវ​បាន​ព្រះមហាក្សត្រ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខ​តំណែង​​​ជា​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បន្ទាប់​ពី​ផ្ទុះ​សង្គ្រាមពាក្យសម្តី​ហែកហួរ​គ្នា​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាមួយ​អតីត​ភរិយា គឺ​អ្នកស្រី…

រាជធានី​ភ្នំពេញ ៖ លោក ថៃ ន​រៈ​សត្យា ត្រូវ​បាន​ព្រះមហាក្សត្រ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខ​តំណែង​​​ជា​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បន្ទាប់​ពី​ផ្ទុះ​សង្គ្រាមពាក្យសម្តី​ហែកហួរ​គ្នា​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាមួយ​អតីត​ភរិយា គឺ​អ្នកស្រី ងិ​ន ម៉ា​នី​យ៉ា​។ បើ​យោង​តាម​ព្រះរាជក្រឹត្យ​លេខ ន​ស​/​រក​ត​/០៦២៩/៨៦៦ លោក ថៃ ន​រៈ​សត្យា ត្រូវ​បាន​បញ្ចប់​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី ១៩ ខែមិថុនា ឆ្នាំ​២០១៩​។

ដំណឹង​ពី​ការ​បញ្ចប់​តួនាទី​របស់​លោក ថៃ ន​រៈសត្យា នា​ពេល​នេះ​បាន​នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន ក្នុង​ពេល​ដែល​រឿងរ៉ាវ​ហែកហួរ​គ្នា​ជាមួយ​អតីត​ភរិយា​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ផ្ទុះ​ឡើង​យ៉ាង​កក្រើក ក្រោយ​លោក​បាន​បង្ហាញមុខ​ភរិយា​ថ្មី​។

ពាក់ព័ន្ធ​ការ​បញ្ចប់​តួនាទី​នេះ​ផង​ដែរ លោក ថៃ ន​រៈ​សត្យា មិន​បាន​អធិប្បាយ​អ្វី​វែង​ឆ្ងាយ​ឡើយ នៅ​ពេល​មានការ​សាកសួរ​ពី​កោះសន្តិភាព​តាម​សា​អេ​ឡិច​ត្រូ​និ​ច ប៉ុន្តែ​លោក​បាន​ទទួល​អំពី​រឿង​នេះ ខណៈ​ពេល​ដែល​លោក​បាន​ឆ្លើយ​មួយ​មាត់​យ៉ាង​ខ្លី​ថា «​មិន​មានអី​ទេ​»​។ ដោយឡែក​សម្រាប់​អ្នកស្រី ងិ​ន ម៉ា​នី​យ៉ា អតីត​ភរិយា​របស់​លោក ថៃ ន​រៈ សត្យា ក៏​មិន​បាន​ធ្វើការ​អធិប្បាយ​អ្វី​ឡើយ នៅ​ពេល​មានការ​សាកសួរ​ពី​កោះសន្តិភាព គិត​នៅ​ត្រឹម​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៩ នេះ​។

ជា​ការ​កត់សម្គាល់​នៅ​ពេល​ដែល​មានការ​ផ្សព្វផ្សាយ​ពី​ការ​បញ្ចប់​តួនាទី​នេះ លោក ថៃ ន​រៈ សត្យា បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ពាក់ព័ន្ធ​ជាមួយ​អតីត​ភរិយា​របស់​លោក​ថា ប៉ុន្មាន​ថ្ងៃនេះ ខ្ញុំ​ត្រូវ​រង​ការ​វាយប្រហារ​ពី​សំណាក់​ស្រី​កំណាច​ម្នាក់​ជា​អតីត​ភរិយា ដែល​ដាច់អហង្ការ​បាន​ប្តឹង​សុំ​លែងលះ​ខ្ញុំ​តាម​ផ្លូវច្បាប់​ជា​ស្ថាពរ​ជាង​ដប់​ឆ្នាំ​ហើយ គឺ​តាំងពី​អំឡុង​ឆ្នាំ ២០០៨ ដែល​កាលនោះ​លោក​ប្រធាន​គណ​:​មេធាវី​នៃ​រាជរដ្ឋាភិបាល ឃី តិច លោក​បានដឹង​ច្បាស់ ព្រោះ​ស្រី​នោះ​បាន​ទៅ​ពឹងពាក់​នៅ​ស្ថាប័ន​នេះ ព្រមទាំង​គំរាម​ដោយ​ត្រង់​ៗ​កាលពី​ពេល​នោះ​ថា នឹង​ធ្វើ​ឲ្យ​ខ្ញុំ​អស់ទាំង​ការងារ និង​ទាំង​ជីវិត​នយោបាយ ។

ដោយ​អំណាចច្បាប់ ខ្ញុំ​បាន​ចាកចេញ​មក​រស់នៅ​តាម​សមត្ថភាព​ដែល​ខ្ញុំ​អាច ខ្ញុំ​ខំ​ដោយ​លំបាកលំបិន​ណាស់​អស់​ជា​ច្រើន​ឆ្នាំ ជាមួយ​ភរិយា​ក្រោយ ទើប​សាង​បាន​ដោយ​លំបាក​នូវ​ជម្រក​ដ៏​ល្មម​មួយ​នៅ​ដាច់​ស្រយាល​ឯ​ជាយក្រុង​។ ខ្ញុំ​បាន​រៀបចំ​កម្មវិធី​ឡើងផ្ទះ​នោះ​ទៅ​តាម​លទ្ធភាព​ស្តួចស្តើង​របស់ខ្ញុំ តែ​បែរជា​ស្រី​កំណាច​នោះ​ផុស​បរិហារកេរ្តិ៍​ខ្ញុំ​បំភ័ន្ត​មតិ​មហាជន ឲ្យ​មើល​មក​ខ្ញុំ​នេះ​ដូច​ជា​មនុស្ស​អាវាសែ ដែល​ទើប​ដើរ​ចោល​ក្រុម​គ្រួសារ​អីចឹង​។ លោក ថៃ ន​រៈ​សត្យា ក៏​បាន​លើក​ឡើង​ពី​អំពើ​ភិត​ក្បត់ និង​ការ​មើលងាយ​ជេរ​ប្រមាថ​ដោយ​ពាក្យ​សម្តី​មួយ​ចំនួន​ដែល​អតីត​ភរិយា​របស់​លោក​បាន​ធ្វើ​កន្លង​មក​ផង​ដែរ ។

ចំណែក​អ្នកស្រី ងិ​ន ម៉ា​នី​យ៉ា ក៏​បាន​ទម្លាយ​រឿងរ៉ាវ​មួយ​ចំនួន​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផង​ដែរ​ថា « កាលពី​២៤​ឆ្នាំ​មុន នៅ​ពេល​ថ្មើរ​នេះ​ម៉ាក់​បាន​ប្រសូត​កូនស្រី​ម្នាក់​ដែល​ស្អាត​គួរ​ជាទី​ស្រឡាញ់​របស់​គ្រួសារ បងប្រុស​កូន​ទាំង​ពីរ​នាក់​សើច​ញញឹម​ប្រលែង​នឹង​កូន​មិន​ទៅ​ណា​ឆ្ងាយ​ពី​អូន​ឡើយ ព្រោះ​ខ្លាច​មាន​គេ​មក​ដណ្ដើម​យក​កូន​ទៅ ព្រោះតែ​មាន​ចាស់​ៗ​ជន្លលេង​ថា​«​យក​ប្អូន​ហើយ​យក​ៗ» ហេតុនេះ​ទើប​បងប្រុស​កូន​ទាំង​ពីរ​មិន​ទៅ​ណា​ឆ្ងាយ​ពី​កូន​ទេ គឺ​នៅ​យាម​អង្រឹង​កូន​ម្ខាង​ម្នាក់​។

ម៉ាក់​សប្បាយ​ចិត្តខ្លាំង​ណាស់ ទោះបី​ម៉ាក់​ស្ថិត​នៅ​ក្នុង​ភាព​ល្វើយ​ខ្សោយ​អស់កម្លាំង​យ៉ាងណា​ក៏​ដោយ ក៏​មាន​កម្លាំងចិត្ត និង​មាន​សុភមង្គល​បំផុត​ព្រោះតែ​មានកូន​ប្ដី​នៅ​ជុំ​គ្នា​។ ពេល​នោះ​ប៉ា​របស់​កូន​ៗ​ល្អ​ខ្លាំង​ណាស់ គឺជា​ឪពុក​ម្នាក់​ដែល​ស្រលាញ់​ប្រពន្ធ​ស្រឡាញ់ កូន​ស្រឡាញ់​ក្រុម​គ្រួសារ គួរ​ជាទី​ឱ្យ​គោរព​ជាទី​បំផុត​។ ប៉ុន្តែ​បន្ទាប់​ពី​កូន​ធំ​បន្តិច​មក ម៉ាក់​ក៏​បាន​ទៅ​ជួប​គ្រួសារ​ម្ដាយមីង​បង្កើត គឺ​ប្អូន​របស់​ម្ដាយ​ម៉ាក់​បង្កើត​​រស់នៅ​ឯ​កំពង់ឆ្នាំង ដោយសារ​ម៉ាក់យាយ​កូន គាត់​ទាមទារ​រក​ប្អូន នឹក​ប្អូន​គាត់​ខ្លាំង​ពេក ម៉ាក់​ក៏​តាម​ដើរ​ស្វែងរក​រហូត​ទើប​ជួប​គ្រួសារ​មួយ​នោះ ហើយ​ក៏​នាំ​យក​ចូល​ផ្ទះ​។

តែ​បំផុត​កូន​ដឹង​ហើយ ដូច​សព្វ​ថ្ងៃនេះ​ស្រី​ម្នាក់​នោះ​សាហាវ​ខ្លាំង​បំផុត គឺ​គេ​មិន​បាន​គិត​ពី​ក្រុម​គ្រួសារ​យើង​ទេ វា​នៅ​ក្មេង​សោះ ហើយ​មាន​ប្ដី​ទៀត បែរជា​លួច​សហាយ​ស្មន់នឹងគ្នា​នៅ​លើ​ផ្ទះ​ម៉ាក់ ទីបំផុត​អ្វី​ៗ​ដូច​សព្វ​ថ្ងៃនេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ