មានះគឺការរឹងត្អឹងលើកតម្កើងខ្លួនឯងខ្ពស់ដូចដងទង់ ហើយមាក់ងាយអ្នកដទៃ ។
មនុស្សដែលមានៈប្រៀបបាននឹងសត្វហ៊ីងអ៊ីចឹង ធំតែពោះ អួតអាងខ្លួនព្រោះតែស្រែកឮខ្លាំងៗ នៅពេលដែលមេឃភ្លៀងម្ដងៗ ដោយសម្គាល់ថាខ្លួនប្រសើរ រហូតជ្រុលទៅមាក់ងាយអ្នកដទៃ ថាមិនប្រសើរដូចខ្លួន មានះបែបនេះលោកហៅថាអតិមានះ គឺមានះដ៏ក្រៃលែង ។
មនុស្សយើងដែលមានលក្ខណៈខ្ពស់ទាប ដោយសារតែមានះនេះឯង តែបើមិនមានមានះទេ លើលោកនេះក៏មិនមានការប្រកាន់ថា អ្នកនេះប្រសើរ អ្នកនេះថោកទាបដែរ ។ ពីព្រោះថាមនុស្សយើងតាមពិតឥតមានអ្នកខ្ពង់ខ្ពស់ ហើយក៏ឥតមានអ្នកថោកទាប ដែរនិយាយដោយបរមត្ថធម៌គឺសុទ្ធតែធាតុគឺ ដី ទឹក ភ្លើង ខ្យល់ ចិត្ត ចេតសិកតែប៉ុណ្ណោះ ។
ចុះហេតុអ្វីបានជា មនុស្ស យើងមានការលើកតម្កើងខ្លួនឯង ហើយមាក់ងាយអ្នកដទៃ ? មកពីមនុស្សយើង ឲ្យតម្លៃគ្នាទៅតាមអំណាចនៃកិលេសរបស់ខ្លួននោះឯង។
ចែករំលែកព័តមាននេះ