បញ្ហាជំងឺ​ពុក​ឆ្អឹង! ពេល​នេះ​កុំបារម្ភ នេះ​ជា​គន្លឹះ​ងាយៗ​ជួយ​ទប់ស្កាត់​ហានិភ័យ​


សុខភាព​ឆ្អឹង​រឹង​មាំ គឺ​ចាំបាច់​ណាស់​សម្រាប់​រក្សាសុខ​ភាព​រាង​កាយ​ទាំងមូល​ល្អ​ប្រសើរ​ដោយ​ជួយ​ការពារ​គ្រប់​សរីរាង្គ​ខាងក្នុង រួម​ទាំង​សាច់ដុំ ហើយ​អាច​ជៀស​ផុត​ពី​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​។​ប៉ុន្តែ​ថា​តើ​គួរ​ធ្វើ​យ៉ាងណា​ខ្លះទៅ​ដើម្បី​រក្សា​បាន​សុខភាព​ឆ្អឹង​ល្អ​ប្រសើរ​ជៀស​ផុត​ពី​បញ្ហា​ពុក​ឆ្អឹង? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗព្រមទាំង​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​ទប់ស្កាត់ ក៏​ដូច​ជា​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​បាន​យ៉ាង​ប្រសើរ ៖

+ ទម្លាប់​ដែល​អ្នក​គួរ​បញ្ឈប់

១. ជក់បារី ៖ មិនមែន​តែ​សួត​ប៉ុណ្ណោះ​ទេ​ដែល​ទទួល​រង​ផល​ប៉ះពាល់ ឬ​ត្រូវ​បំផ្លាញ​ដោយសារ​ការ​ជក់បារី ប៉ុន្តែ​សរីរាង្គ​ផ្សេង​ៗ​ទៀត​ក៏​រង​គ្រោះ​ដូច​គ្នា​ផង​ដែរ​។ រាង​កាយ​លែង​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​បង្កើត​កោសិកា​ឆ្អឹង​ថ្មី​ឡើយ ដោយសារ​តែ​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការ​ជក់បារី​លើ​អ័រម៉ូន​។ ប្រសិនបើ​អ្នកជា​អ្នក​ជក់បារី ចូរ​ព្យាយាម​ផ្ដាច់​ទៅ ដើម្បី​អាច​ជៀស​ផុត​ពី​បញ្ហា​ខ្សោយ​ឆ្អឹង និង​ជំងឺ​ពុក​ឆ្អឹង​។

២. ទទួលទាន​ជាតិ​សូ​ដ្យូ​ម​ច្រើន​ពេក  ៖ ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​បានដឹង​ហើយ​ថា ការ​ទទួលទាន ឬ​ទទួលយក​នូវ​ជាតិ​សូ​ដ្យូ​ម​ច្រើន​ពេក​ចូល​ក្នុង​រាង​កាយ គឺ​មិនល្អ​ឡើយ​ចំពោះ​សម្ពាធ​ឈាម និង​បេះដូង រួម​ទាំង​ឆ្អឹង​ផង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត អាហារ​ដែល​មាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម​ខ្ពស់​បណ្ដាល​អោយ​តម្រងនោម​បញ្ចេញ​នូវ​ជាតិ​កាល់ស្យូម​ចេញពី​រាង​កាយ​។

៣. មិន​ធ្វើ​លំ​ហាត់ប្រាណ ៖ ការ​មិន​ធ្វើ​លំ​ហាត់ប្រាណ​រាង​កាយ​ណាមួយ​សោះ​នោះ គឺ​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជា​ច្រើន​។ ការ​ធ្វើ​លំ​ហាត់ប្រាណ​មិន​បាន​គ្រប់គ្រាន់​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការ​បាត់បង់​ម៉ាស​ឆ្អឹង និង​ជំងឺ​ពុក​ឆ្អឹង​ផង​ដែរ​។ អ្នកជំនាញ​ជា​ច្រើន​និយាយ​ថា​ការ​ធ្វើ​លំ​ហាត់ប្រាណ​ស​សៃ​ឈាម​បេះដូង​ដូច​ជា ការ​ដើរ​, ការ​រត់​ត្រឹក​ៗ និង​ការ​ឡើងជណ្ដើរ គឺ​ជួយ​លើកកម្ពស់​ការ​លូតលាស់​នៃ​ជាលិកា​ឆ្អឹង​។

៤. គេច​ពន្លឺព្រះអាទិត្យ ៖ ក្នុង​បរិមាណ ឬ​កម្ដៅ​ល្មម ពន្លឺព្រះអាទិត្យ គឺ​ពិតជា​មាន​អត្ថប្រយោជន៍​ណាស់​ចំពោះ​សុខភាព​រាង​កាយ ទាំងមូល រួម​ទាំង​ឆ្អឹង​ល្អ​ប្រសើរ​។ រាង​កាយ​អាច​ទទួល​បាន​នូវ​វីតាមីន D តាម​រយៈ​ការ​ស្ថិត​ក្រោម ឬ​ប៉ះ ពាល់​នឹង​ពន្លឺព្រះអាទិត្យ​។ វីតាមីន D ជា​វីតាមីន​ដែល​ជួយ​បង្កើន​លើកកម្ពស់​ឆ្អឹង​ក្នុង​ការ​ស្រូប​យក​នូវ​ជាតិ​កាល់ស្យូម​។ បរិមាណ​នៃ​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់ គឺ​ជួយ​អោយ​ឆ្អឹង​រក្សា​បាន​នូវ​សុខភាព​ល្អ​រឹង​មាំ ជៀស​ឆ្ងាយ​ពី​ជំងឺ​ពុក​ឆ្អឹង​។

+ អ្វី​ដែល​អ្នក​គួរ​រួម​បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ

១. សណ្ដែកបារាំង ៖ បន្លែ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន K ដែល​ជួយ​បង្កើន​ការ​ស្រូប​យកជាតិ​កាល់ស្យូម​របស់​រាង​កាយ​និង​កាត់​បន្ថយ​ការ​បញ្ចេញ​ជាតិ​កាល់ស្យូម​តាម​ទឹកនោម​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​បាន​យ៉ាង​ប្រសើរ​។

២. ស៊ុត ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន D ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់​បំផុត​ជួយ​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​។ វីតាមីន D ជួយ​រាង​កាយ​ក្នុង​ការ​ស្រូប​យកជាតិ​កាល់ស្យូម​ពី​អាហារ​ផ្សេង​ៗ​ដែល​អ្នក​បាន​ទទួលទាន​។

៣. ត្រី​សាល​ម៉ុ​ន និង​ត្រី​សា​ឌី​ន​កំប៉ុង ៖ ចង់​ដឹង​មែន​ទេ​ថា​អ្វី​ដែល​ធ្វើ​ត្រី​សាល​ម៉ុ​ន និង​ត្រី​សា​ឌី​ន​កំប៉ុង​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​កាល់ស្យូម? នោះ​ក៏​ព្រោះតែ​ឆ្អឹង​នៃ​ត្រី​កំប៉ុង​ទាំង​ពីរ​នេះ​អាច​ទទួលទាន​បាន​! ក៏​មិន​ខុស​ពី​ឆ្អឹង​របស់​មនុស្ស​ដែរ ឆ្អឹង​ត្រី គឺជា​ផ្នែក​ដែល​មាន​ផ្ទុក​ជាតិ​កាល់ស្យូម​ច្រើន​បំផុត​ក្នុង​ខ្លួន​ត្រី​។ ក្រៅពី​ជាតិ​កាល់ស្យូម ត្រី​សាល​ម៉ុ​ន និង​ត្រី​សា​ឌី​ន មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​ដ៏​ចាំបាច់​មួយទៀត​សម្រាប់​សុខភាព​ធ្មេញ និង​ឆ្អឹង​នោះ គឺ​វីតាមីន D​។ ត្រី​សាល​ម៉ុ​ន និង​ត្រី​សា​ឌី​ន ក៏​ជា​ប្រភព​ដ៏​ល្អ​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​ល្អ​អូ​មេ​ហ្គា ៣ ដែល​មាន​សមត្ថភាព​ទប់ទល់​នឹង​ការ​រលាក​ផង​ដែរ​។ ដូចដែល​បានដឹង​ហើយ​ថា​ការ​រលាក​ភាគច្រើន គឺ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​បញ្ហា​ឆ្អឹង​ចុះ​ខ្សោយ​។

៤. ទឹកដោះគោ​ស្រស់ ៖ ភេសជ្ជៈ​នេះ​នៅ​តែ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​កាល់​ស​ស្យូ​ម​។ ទឹកដោះគោ​ក៏​មាន​ផ្ទុក​សារធាតុចិញ្ចឹម​ដទៃ​ទៀត រួម​បញ្ចូល​ទាំង​វីតាមីន B12, វីតាមីន D និង​ជាតិ​រ៉ែ​ដូច​ជា ម៉ា​ញ៉េ​ស្យូ​ម​, ប៉ូ​តា​ស្យូ​ម និង​ផូស្វ័រ​ផង​ដែរ​។

៥. ផ្កា​ខាត់ណា ៖ ផ្កា​ខាត់ណា​មាន​ផ្ទុក​វីតាមីន C ដែល​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ផលិត​កូ​ឡា​ជែ​ន​ជួយ​ការពារ​សន្លាក់​និង​ឆ្អឹង​ពី​ការ​រលាក​។ លើស​ពី​នេះ​ទៅ​ទៀត វា​ក៏​ជា​ប្រភព​នៃ​វិ​តា​មីន K ដែល​ដើរតួ​នាទី​ជួយ​ក្នុង​ការ​ទប់ស្កាត់​បញ្ហា​បាត់បង់​ម៉ាស​នៃ​ឆ្អឹង​ចំពោះ​ទាំង​បុរស​និង​ស្ត្រី​។

៦. ផ្លែ​បឺ​រ ៖ ផ្លែ​បឺ​រ​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន K ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ឆ្អឹង​ដោយ​វា​ជួយ​បង្កើន​ការ​ស្រូប​យកជាតិ​កាល់ស្យូម​របស់​រាង​កាយ​និង​កាត់​បន្ថយ​ការ​បញ្ចេញ​កាល់ស្យូម​ច្រើន​ពេក​តាម​រយៈ​ទឹកនោម (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ