រាជធានីភ្នំពេញ ៖ កុំឲ្យមានការប្រកាន់និន្នាការនយោបាយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើមន្ត្រីឃុំសង្កាត់មកពីគណបក្សនយោបាយ ផ្សេងគ្នាត្រូវខិតខំធ្វើការបម្រើប្រជាពលរដ្ឋ ។ មានប្រសាសន៍ក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៧ ខែមិថុនាថា «កុំឲ្យគេថា យើងឯកបក្ស និងមិនប្រជាធិបតេយ្យអញ្ចឹងទេក្រុមប្រឹក្សាដែលជាប់ឆ្នោតត្រូវខិតខំធ្វើការជាមួយគ្នា ដោយបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាធំ» ។
សម្តេចបានឲ្យដឹងថា បើតាមលទ្ធផលរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា សមាជិកក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៣ មានចំនួន៤១១៤រូប ក្នុងនោះ ក្រុមប្រឹក្សារាជធានីខេត្ត១៥៩រូប ក្រុមប្រឹក្សាក្រុង ស្រុកខណ្ឌ៣៥៥៥រូប ។ សម្តេចក៏បានគូសបញ្ជាក់ថា ៖«ការចូលកាន់អំណែងរបស់ក្រុមប្រឹក្សារាជធានី ក្រោយបោះឆ្នោត គឺជាបញ្ហាទី១ធំ ទាក់ទង និងការបោះឆ្នោត ។ ទី២ ធំនោះទាក់ទង និងការធ្វើដំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលការធ្វើកំណែទម្រងនេះមានភាពស្មុគស្មាញ» ។
សម្តេចក្រឡាហោមក៏បានស្នើក្រុមប្រឹក្សាឃុំសង្កាត់នៅពេលខាងមុខនេះនៅពេលមានកិច្ចប្រជុំអ្វីពាក់ព័ន្ធស្ថានភាពក្នុងឃុំត្រូវបិទនៅសាលាឃុំ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹង ។ ហើយបើអាចត្រូវប្រាប់ប្រជាពលរដ្ឋដែលពាក់ព័ន្ធចូលរួមស្តាប់នៅក្នុងកិច្ចប្រជុំផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ