ប្រទេសអារ៉ាប៊ីសាអូឌីត ៖ ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត MOHAMMED BEN SALMANE កាលពីថ្ងៃទី១៦មិថុនា បានចោទអុីរ៉ង់ជាគូប្រជែងធំរបស់ប្រទេសទ្រង់ថា ជាអ្នកវាយប្រហារប្រឆាំងនាវាដឹកប្រេង២គ្រឿងក្នុងសមុទ្រអូម៉ង់កាលពីថ្ងៃទី១៣មិថុនា។
ក្នុងបទសម្ភាសន៍មួយជាមួយកាសែតASHARQ AL AWSATរជ្ជទាយាទអង្គនោះថ្លែងថា របបអុីរ៉ង់ពុំគោរពចំពោះវត្តមាននាយករដ្ឋមន្ត្រីជប៉ុននៅក្រុងតេហេរ៉ង់ និងឆ្លើយតបចំពោះការខិតខំប្រឹងប្រែងខាងការទូតរបស់លោក ដោយវាយប្រហារនាវាដឹកប្រេងទាំង២គ្រឿងនោះ ដែល១គ្រឿងជារបស់ជប៉ុន។
អុីរ៉ង់ក៏រងការចោទប្រកាន់ពីសំណាក់សហរដ្ឋអាមេរិក លើការវាយប្រហារនោះដែលអីុរ៉ង់បដិសេធយ៉ាងម៉ឺងម៉ាត់ដែរ។ ការវាយប្រហារនោះកើតមាននៅជិតចក្រសមុទ្រORMUZ ជាច្រកដឹកប្រេងឆ្លងកាត់ប្រមាណជា១ភាគ៣នៃការបញ្ជូនប្រេងតាមសមុទ្រលើពិភពលោក។

រជ្ជទាយាទអារ៉ាប៊ីសាអូឌីតបានព្រមានថា យើងពុំចង់បានសង្គ្រាមមួយក្នុងតំបន់ឡើយ ប៉ុន្តែយើងនឹងមិនរារែកឡើយ ក្នុងការបញ្ចេញរាល់ប្រតិកម្ម ចំពោះរាល់ការគំរាមកំហែងប្រឆាំងប្រជាជនយើង អធិបតេយ្យភាព បូរណភាពដែនដីនិងបណ្ដាផលប្រយោជន៍ស្លាប់រស់របស់យើង។ អុីរ៉ង់ដែលនៅជាប់ច្រកសមុទ្រORMUZ តែងគំរាមកំហែងជាញឹកញាប់ថា នឹងរាំងខ្ទប់ច្រកសមុទ្រនោះ ក្នុងករណីមានការវាយប្រហាររបស់អាមេរិក។
អារ៉ាប៊ីសាអូឌីតនិងអេមីរ៉ាត់អារ៉ាប់រួមកាលពីថ្ងៃទី១៥មិថុនា បានអំពាវនាវឲ្យការពារសន្តិសុខ ដល់ការផ្គត់ផ្គង់ថាមពលកាត់ឈូងសមុទ្រពែរ្ស៍ ក្រោយការវាយប្រហារនាវាដឹកប្រេង២គ្រឿងក្នុងតំបន់នោះ ដែលកំពុងមានភាពតានតឹងខ្លាំង រវាងអុីរ៉ង់ និងសហរដ្ឋអាមេរិក។ ជាគូប្រជែងធំរបស់អុីរ៉ង់ អារ៉ាប៊ីសាអូឌីតនិងអេមីរ៉ាត់អារ៉ាប់រួមជាសម្ព័ន្ធមិត្ត ព្រមទាំងសហរដ្ឋអាមេរិក បានស្នើឲ្យមានការឆ្លើយតបវិញដ៏ខ្លាំងក្លា ចំពោះការគំរាមកំហែងលើការផ្គត់ផ្គង់ប្រេង ដែលពួកគេថា បង្កើតឡើងដោយសារសកម្មភាពភេរវកម្ម្មនាពេលថ្មីៗនេះ។ អង់គ្លេសក៏ចោទដាក់អុីរ៉ង់ដែរនាំឲ្យអុីរ៉ងខឹង កោះហៅឯកអគ្គរដ្ឋទូតខ្លួនមកប្រទេសវិញ ជាប្រតិកម្មតបចំពោះការចោទប្រកាន់ដែលខ្លួនថា មិនអាចទទួលយកបាន។
រដ្ឋាភិបាលអឺរ៉ុបមួយចំនួនបដិសេធមិនគាំទ្រការអះអាងរបស់អាមេរិកដែលថា អុីរ៉ង់ជាអ្នកទទួលខុសត្រូវលើការវាយប្រហារនាវាដឹកប្រេងទាំង២នោះ។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់យល់ថា វីដេអូអាមេរិកបង្ហាញពីកងទាហានអុីរ៉ង់ បាញ់គ្រាប់មីនម៉ាញ៉េទិកពុំអាចយកមកធ្វើជាការសន្និដ្ឋាន លើកអ្នកទទួលខុសត្រូវលើការវាយប្រហារនេះឡើយ។ ទស្សនៈបែបនេះក៏គាំទ្រដែរពី់ទីប្រឹក្សាសំខាន់ម្នាក់ របស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបលោកស្រីFEDERICA MOGHERINI ដែលមុននេះក៏គូសបញ្ជាក់ដែរថា មុននឹងចោទនរណាម្នាក់ យើងត្រូវមានភស្ដុតាងគួរឲ្យជឿជាក់នានា។ លោកស្រីអំពាវនាវឲ្យចៀសវាងរាល់ការបង្កហេតុក្នុងតំបន់។ បារាំងក៏មិនធ្វើអត្ថាធិប្បាយលើព័ត៌មានរបស់អាមេរិកដែរ ខុសពីអង់គ្លេសដែលវ៉ៃស្របតាមអាមេរិក៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ