(ប្រទេសថៃ) ៖ អ្នកនាំចេញអង្ករថៃកំពុងតែព្រួយបារម្ភពីទស្សនៈវិស័យក្នុងឆ្នាំនេះព្រោះប្រទេសចិនចង់បង្កើនការនាំចេញជាពិសេសទៅកាន់អាហ្វ្រិក។ នេះបើយោងតាមភ្នាក់ងារសារពត៌មាន Bangkok Post ចុះថ្ងៃទី១២ ខែមិថុនា ។
លោក Chookiat Ophaswonse ដែលជាប្រធានកត្តិយសប្រចាំសមាគមន៍អ្នកនាំចេញអង្ករថៃបានឲ្យដឹងថា ទិន្នផលអង្កររបស់ប្រទេសចិនមានស្មើប្រមាណ១២០លានតោនក្នុងមួយឆ្នាំ ។ ហើយប្រទេសចិននេះអាចនឹងបង្កើនការនាំចេញចំនួន ៣ លានតោនបន្ថែមពីលើអ្វីដែលធ្លាប់តែបន្ថែមត្រឹមតែ ពី ១.៥ ទៅ ២លានតោនកាលពីឆ្នាំមុននោះ។ លោកបានបន្តថា អាហ្វ្រិក គឺជាទីផ្សារដែលមានសក្តានុពលសម្រាប់ប្រទេសចិនព្រោះអតិថិជនមានទម្លាប់បរិភោគបាយ។
អង្ករសរបស់ប្រទេសចិនមានតម្លៃប្រមាណ ៣០០ដុល្លារអាមេរិកក្នុងមួយតោន ខណៈដែលអង្ករសរបស់ថៃមានតម្លៃដល់ទៅ ៣៩០ដុល្លារអាមេរិកក្នុងមួយតោន និងអង្ករសវៀតណាមមានតម្លៃ ៣៦០ដុល្លារអាមេរិកក្នុងមួយតោន ព្រមទាំងអង្ករសឥណ្ឌាមានតម្លៃ ៣៧០ដុល្លារអាមេរិកក្នុងមួយតោន។
លោក Chookiat បានបន្តថា «អង្កររបស់ចិនគឺពិតជាមានតម្លៃទាបណាស់បើធៀបនឹងអង្ករដទៃ។ លើសពីនេះទៅទៀត ប្រទេសថៃកំពុងតែអស់អង្ករពីស្តុកហើយ»។
ការនាំចេញអង្កររបស់ប្រទេសថៃសរុបស្មើ ១១.០៩លានតោនកាលពីឆ្នាំមុន ឬធ្លាក់ចុះ ៥%ពី ១១.៦៧លានតោនក្នុងឆ្នាំ ២០១៧។ តម្លៃនៃការនាំចេញអង្ករថៃបានកើនឡើង ៨.៣%កាលពីឆ្នាំមុន ពី៥.១៨លានដុល្លារក្នុងឆ្នាំ ២០១៧មកស្មើ ៥.៦១ប៊ីលានដុល្លារ ។ តម្លៃអង្ករនាំចេញជាមធ្យមមានតម្លៃ ៥០៧ដុល្លារក្នុងមួយតោនផងដែរកាលពីឆ្នាំមុន ឬខ្ពស់ជាងតម្លៃក្នុងឆ្នាំ ២០១៧ ១៤.១%។ សម្រាប់ឆ្នាំ ២០១៩នេះ អ្នកនាំចេញអង្ករថៃព្យាករណ៍ថានឹងអាចនាំចេញបាន ៩.៥លានតោន ឬទាបជាងការព្យាករណ៍របស់ក្រសួងពាណិជ្ជកម្មប្រមាណ៥០ម៉ឺនតោន។
យោងទៅតាមលោក Chookiat បានឲ្យដឹងទៀតថា ប្រទេសចិនបានបន្តបង្កាត់ពូជប្រភេទអង្ករបន្ថែមដែលអាចប្រមូលទិន្នផលបានច្រើនជាងមុន មានន័យថាប្រទេសនេះអាចបង្កើនការនាំចេញអង្ករទៅកាន់ប្រទេសអាស៊ីក្នុងតម្លៃទាប។
លោកបាននិយាយថា «ឲ្យតែប្រទេសចិនមានសមត្ថភាពក្នុងការនាំចេញអង្ករទៅកាន់អាស៊ីជាពិសេសហុងកុង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន ទីផ្សារប្រទេសថៃនឹងទទួលរងការប៉ះពាល់ធ្ងន់ធ្ងរជាងគេ»។ លោកបានបន្ថែមថា រដ្ឋាភិបាលថ្មីគួរតែលើកតម្កើងការបង្កាត់ពូជប្រភេទអង្ករថ្មី និងគាំទ្រការស្រាវជ្រាវនិងអភិវឌ្ឍន៍ដើម្បីបង្កើនតម្លៃអង្ករថៃនិងកាត់បន្ថយការចំណាយក្នុងការដាំដុះស្រូវ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ