កម្ពុជា​-​អា​មេ​រិ​ក​រំពឹង​បញ្ចប់​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​នឹង​បច្ចេកទេស​យានយន្ត​ឆាប់​ៗ


រាជធានី​ភ្នំពេញ​៖ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក (USTR) ថ្មី​ៗ​នេះ​បាន​យល់ព្រម​គ្នា​ក្នុង​ការ​ព​ន្លឿ​ន​នូវ​ការងារ​មួយ​ចំនួន​ដើម្បី​ធ្វើ​យ៉ាងណា​ធ្វើ​ឲ្យ​សម្រេច​នូវ​កិច្ចព្រមព្រៀង​បច្ចេកទេស និង​នីតិវិធី​ផ្សេង​ៗ​ឲ្យ​មាន​ភាព​រលូន សំដៅ​ឲ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​យានយន្ត​របស់​សហរដ្ឋអាមេរិក​សម្រាប់​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា​ធានា​បាន​នូវ​កំរិតស្តង់ដារ និង​សុវត្ថិភាព​លើ​ដងផ្លូវ ។

គណៈប្រតិភូ​មួយ​ក្រុម​នៃ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក (USTR) និង​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ចាប់​ថ្ងៃ​ទី ៣ ដល់​ថ្ងៃ​ទី ៧
ខែមិថុនា​នេះ ដើម្បី​ពិភាក្សា​ពី​បញ្ហា​ពាណិជ្ជកម្ម​ទ្វេភាគី ដោយ​រាប់​ទាំង​បទដ្ឋាន​បច្ចេកទេស​យានយន្ត ក៏​ដូច​ជា​ស្ថានភាព​វិស័យ​ការងារ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​។ គណៈប្រតិភូ ដឹកនាំ​ដោយ Karl Ehlers ឧបការី តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក ទទួល​បន្ទុក​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ី​អ​គ្នេ​យ៍ និង​ប៉ា​ស៊ី​ហ្វិ​ក និង​លោក Lewis Karesh ឧបការី​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ទទួល​បន្ទុក​កិច្ចការ​ការងារ ។

ជាមួយ​គ្នា​នោះ​ផង​ដែរ​ក៏​មាន​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ជាមួយ​លោក Karl Ehlers និង​ក្រុមការងារ​របស់​លោក កាលពី​ថ្ង​ទី ៥ មិថុនា ដែល​ក្នុង​ជំនួប​នោះ ភាគី​ទាំង​ពីរ​បាន​ផ្តោត​ជា​សំខាន់​លើ​ការងារ​លម្អិត​បន្ថែម ក៏​ដូច​ជា​ការងារ​សេសសល់​មួយ​ចំនួន បន្ទាប់​ពី​ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​ព្រមព្រៀង​លើ​ចំណុចរួម​គ្នា​ជា​ច្រើន​រួច​មក​ហើយ​នា​ពេល​កន្លង​មក ក្រោម​ក្របខ័ណ្ឌ​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​ស្តី​ពី​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ វិនិយោគ និង​ពាណិជ្ជកម្ម (TIFA)​ក៏​ដូច​ជា កិច្ចប្រជុំ​រវាង​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា ជាមួយ​ក្រុមការងារ​បច្ចេកទេស របស់​សហរដ្ឋអាមេរិក អំពី​ស្តង់ដារ និង​នីតិវិធី​ពាក់ព័ន្ធ​និង​ការ​ធ្វើ​ពាណិជ្ជកម្ម​យានយន្ត​របស់​សហរដ្ឋអាមេរិក​នៅ​កម្ពុជា ។

​លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​ការងារ ។ ក្នុង​នោះ ជា​រួម​ភាគី​កម្ពុជា​បាន​ឯកភាព​ទទួលស្គាល់​ស្តង់ដារ​សុវត្ថិភាព​យានយន្ត​សហរដ្ឋអាមេរិក (FMVSS) និង អនុញ្ញាត​ឲ្យ​នាំ​ចូល​ផលិតផល​យានយន្ត​មក​កម្ពុជា ដោយ​មាន​បញ្ជាក់​ពី​អាជ្ញាធរ​សុ​វត្ថ​ភាព និង​ចរាចរ ផ្លូវជាតិ សហរដ្ឋអាមេរិក (NHTSA) រឺ តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក (USTR) ពី​ភាព​អនុលោម​ស្តង់ដារ FMVSS និង​នីតិវិធី​នៃ​ការ​ធ្វើតេស្ត​ពាក់ព័ន្ធ ។ ​ចំពោះ​កិច្ចការ​នា​ពេល​ខាង​មុខ ភាគី​ទាំង​ពីរ​ត្រូវ​ជម្រុញ​ការងារ​បង្កើត​ក្រុមបច្ចេកទេស ដែល​មាន​សមាសភាព​មក​ពី​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​អាជ្ញាធរ​សុ​វត្ថ​ភាព និង​ចរាចរ ផ្លូវជាតិ​សហរដ្ឋអាមេរិក​( NHTSA) រួម​ជាមួយ​តំណាង ពាណិជ្ជកម្ម សហរដ្ឋអាមេរិក (USTR) ដើម្បី​រៀបចំ​អនុ​កិច្ចព្រមព្រៀង រឺ​កិច្ចព្រមព្រៀង​បច្ចេកទេស និង​នីតិវិធី​ផ្សេង​ៗ ដែល ពាក់ព័ន្ធ​និង​ការ​ត្រួតពិនិត្យ ការ​ទទួលស្គាល់​លទ្ធផល​ធ្វើតេស្ត និង​វិញ្ញាបនបត្រ​បញ្ជាក់ បូក​រួម​និង​ការ​ចុះ បញ្ជី​ផង​ដែរ ។ ក្នុង​នោះ​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ក៏​បាន​ស្នើ​ឲ្យ​ក្រុមបច្ចេកទេស​ត្រូវ​បន្ត​រៀបចំ​ឯកសារ​គតិយុត្តិ រឺ​បទដ្ឋាន​បច្ចេកទេស​នានា​ឲ្យ​បាន​រួចរាល់​ជា​មុន មុន​នឹង​ប្រកាស​លេខ ១៥០ MIH/2016 ចូល​ជា​ធរមាន​ពេញ លេញ​នៅ​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២០ ខាង​មុខ ។

លោក Karl Ehlers បាន​បង្ហាញ​នូវ​ជំហរ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ហើយ​សន្យា​ថា «​នឹង​បញ្ជូន​ក្រុមការងារ ក៏​ដូច​ជា​ឯកសារ​ពាក់ព័ន្ធ​និង​បទដ្ឋាន​បច្ចេកទេស​ផ្សេង​ៗ តាម​តម្រូវការ​របស់​ភាគី​កម្ពុជា ដើម្បី​ជា​មូលដ្ឋាន​ឈាន​ទៅ​សម្រេច​កិច្ចព្រមព្រៀង​ឲ្យ​មាន​ភាព​រលូន សំដៅ​ឲ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​យានយន្ត​របស់​សហរដ្ឋអាមេរិក​សម្រាប់​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា ធានា​បាន​នូវ​កំរិតស្តង់ដារ និង​សុវត្ថិភាព​លើ​ដងផ្លូវ​» ។

សូម​បញ្ជាក់​ថា​កម្ពុជា​គឺជា​ទីផ្សារ​នាំ​ចេញ​ទំនិញ​ធំ​បំផុត​ទី ១០៤ របស់​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ ២០១៨ ។ ការ​នាំ​ចេញ​ទំនិញ​របស់​សហរដ្ឋអាមេរិក​ទៅ​កាន់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ ២០១៨ មាន​ចំនួន ៤៤៧ លាន​ដុល្លារ​ពោល​គឺ​កើនឡើង ១១,៦% (៤៦ លាន​ដុល្លារ​) ចាប់ពី​ឆ្នាំ ២០១៧ និង​កើនឡើង ១៨៩,៧% ពី​ឆ្នាំ ២០១៨ ។ ប្រភេទ​នៃ​ការ​នាំ​ចេញ​លំដាប់​លេខ 2 ខ្ទង់​នៅ​ឆ្នាំ 2018 រួម​មាន​៖ រថយន្ត (២៩០ លាន​ដុល្លារ​) ចំណីអាហារ​ចំណី​សត្វ (២៧ លានដុល្លារ​)៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ