រាជធានីភ្នំពេញ ៖ លោកគង់ គាំ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានអះអាងថា គណបក្សសង្គ្រោះជាតិមិនអាចកើតឡើងជាថ្មីនោះទេ ។ លោកគង់ គាំ បានលើកឡើងយ៉ាងដូច្នេះថា ក្រោយអំណាចសាលដីកាតុលាការកំពូលកម្ពុជាកំណត់នៅចុងឆ្នាំ២០២២ ចំពោះអ្នកជាប់បំរាមបន្ត ឬមានទោសបន្ថែមចំពោះអតីតសមាជិកគណបក្សសង្គ្រោះជាតិតាមសកម្មភាពជាក់ស្តែង គឺជាចំណោទមិនអាចដឹងជាមុននោះទេ ។ លោកបានសរសេរលើកបណ្តាញសង្គមហ្វេសប៊ុកបញ្ចាក់ថា ៖«ប៉ុន្តែអ្វីដែលយើងអាចដឹងយ៉ាងច្បាស់ គឺគ្មានទេគណបក្សសង្គ្រោះ ជាតិជាថ្មីឡើងវិញ និងអាចថា គណបក្សនយោបាយថ្មីណា ដែលអាចមានកម្លាំងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិដដែលនោះមិនបានត្រូវគេអនុញ្ញាតឲ្យបង្កើតទេ» ។
ជាមួយគ្នានោះដែរអតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ហើយបច្ចុប្បន្នជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរក៏បានលើកឡើងថា ការចូលរួមការបោះឆ្នោតនៅឆ្នាំ២០១៨ នៅឆ្នាំ២០១៩ និងនៅឆ្នាំខាងមុខជាបន្តបន្ទាប់ជាប់មិនដាច់គណបក្សឆន្ទៈខ្មែរ ជាប៉ូលនយោបាយថ្មី ដែលមានក្រុមអ្នកនយោបាយស្រករក្រោយ និងជាអតីតសមាជិកគណបក្សសង្គ្រោះជាតិ និងក្រុមអ្នកនយោបាយវ័យក្មេង និងជាអ្នកចង់មានការផ្លាស់ប្តូរនៅកម្ពុជា ។ លោកថា ជាអ្នកចូលរួម គឺជាជម្រើសថ្មីជាសេចក្តីសង្ឃឹមថ្មី តាមវប្បធម៌នយោបាយថ្មីឆ្ពោះអនាគតថ្មី សំរាប់របបប្រជាធិបតេយ្យសេរីពហុបក្ស និងសិទ្ធិមនុស្សពិតប្រាកដនៅកម្ពុជា ។
មានតែតាមរយៈការបោះឆ្នោតពីប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នាតែមួយគត់ និងទៀងទាត់តែប៉ុណ្ណោះដែលអាចធានាសន្តិភាពប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍ចេរភាពរីកចម្រើនរឹងមាំយូរអង្វែង ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ