ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ​ថ្មី​នឹង​បម្រើសេវា​ដឹក ជញ្ជូន​ទំនិញ ខណៈ​ច្រក​ប៉ោយ​ប៉ែ​ត​សម្រាប់​ភ្ញៀវ​ទេសចរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ជិតខាង កម្ពុជា​បាន​បន្ត​បើក​ច្រកព្រំដែន​ថ្មី​ៗ​ជា​បន្តបន្ទាប់ ក្នុង​គោលបំណង​ជំរុញ​ការ​ដឹក​ជញ្ជូន​ទំនិញ​ចេញចូល អោយ​បាន​ឆាប់រហ័ស ជាក់ស្ដែង​កាលពី​ចុង​ស​ប្ដា​ហ៍​មុន​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​សាងសង់​មួយ ដើម្បី​សាងសង់ ច្រក​ទ្វារ​អន្តរជាតិ​ថ្មី​នៅ​ស្ទឹង​បត់…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ជិតខាង កម្ពុជា​បាន​បន្ត​បើក​ច្រកព្រំដែន​ថ្មី​ៗ​ជា​បន្តបន្ទាប់ ក្នុង​គោលបំណង​ជំរុញ​ការ​ដឹក​ជញ្ជូន​ទំនិញ​ចេញចូល អោយ​បាន​ឆាប់រហ័ស ជាក់ស្ដែង​កាលពី​ចុង​ស​ប្ដា​ហ៍​មុន​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​សាងសង់​មួយ ដើម្បី​សាងសង់ ច្រក​ទ្វារ​អន្តរជាតិ​ថ្មី​នៅ​ស្ទឹង​បត់ ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ អ្នក​ដឹក​ជញ្ជូន​ទំនិញ​កម្ពុជា មាន​ក្ដី​រំពឹង​ថា ពួក​គេ​នឹង​អាច​ព​ន្លឿ​ន​ការ​ដឹក​ជញ្ជូន ទំនិញ​ឆ្លងកាត់​ព្រំដែន​កាន់តែ​លឿន ដែល​ធ្វើ​អោយ​ការ​នាំ​ចេញ​នាំ​ចូល​កាន់តែ​មាន​សកម្មភាព​ខ្លាំង​ជាង​មុន ។

លោក ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​មាន​ប្រសាសន៍​ថា ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​នេះ នឹង​បម្រើ​តែ​សេវា​ដឹក​ជញ្ជូន​ប៉ុណ្ណោះ ដោយ​រក្សា​ទុក​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​សម្រាប់​បម្រើ​តែ​សេវា​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ ក៏​ដូច​ជា​ផ្ដល់​ភាព​ងាយស្រួល​ដល់​សមត្ថកិច្ច​ក្នុង​ការ​ត្រួតពិនិត្យ​ទំនិញ​ដឹក ជញ្ជូន​ឆ្លងកាត់​ព្រំដែន​ឱ្យ​មាន​ប្រសិទ្ធភាព តម្លាភាព និង​ចំណេញ​ពេលវេលា ។ ការ​សម្រេច​ទុក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ (​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​) ថ្មី​នឹង​បម្រើសេវា​ដឹក​ជញ្ជូន​ទំនិញ​តែ​ប៉ុណ្ណោះ ទទួល​បានការ​សាទរ​ពី​អ្នក​ដឹក​ជ​ញ្ជួ​ន ក៏​ប៉ុន្តែ​ពួក​គាត់​បាន​លើក​ឡើង​ថា ទំនិញ​អាច​នឹង​ត្រូវ​បញ្ជូន​បាន​លឿន ពេល​មាន​ច្រក​ទ្វារ​អន្តរជាតិ​កាន់តែ ច្រើន ជាមួយ​បណ្តា​ប្រទេស​ជិតខាង ។

លោក ស៊ិ​ន ច​ន្ធី សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ជា​ការ​ពិត​ណាស់ ច្រក​ទ្វារ​កាន់តែ​ច្រើន​យើង​មាន​ជម្រើស​ក្នុង​ការ​បញ្ជូន​ទំនិញ​ចេញ​ក្រៅ​កាន់តែ​ច្រើន ហើយនឹង​ព​ន្លឿ​ន​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា ទៅ​ក្រៅប្រទេស​កាន់តែ​ច្រើន​ផង​ដែរ ។ លោក ស៊ិ​ន ច​ន្ធី បាន​និយាយ​ថា «​បើក​ច្រក​កាន់តែ​ច្រើន​កាន់តែ​ប្រសើរ ហើយ​មិនមែន​ជួយ​តែ​អ្នក​ជញ្ជូន​ប៉ុណ្ណោះ​ទេ តែ​វា​នឹង​ជួយ​ដល់​កសិករ​នៅ​ជិត​មាត់ច្រក​នោះ ក្នុង​ការ​បញ្ជូន​ទំនិញ​របស់​ខ្លួន​ទៅ​ពាណិជ្ជករ​ប្រទេស​ជិតខាង​ដូច​ជា​ពាណិជ្ជករ​ថៃ វៀតណាម​ជាដើម ។​ម្យ៉ាងទៀត​នៅ​ពេល​ដែល​មាន​ផ្លូវ​កាត់ កាន់តែ​ជិត ការ​ដឹក​ជញ្ជូន​កាន់តែ​អស់​តិច វា​ក៏​អាច​ធ្វើ​អោយ​តម្លៃ​កសិផល​និង​ទំនិញ​របស់​កម្ពុជា ខ្ពស់​ជាង​មុន​បន្តិច​ដែរ » ។ លោក​បន្ត​ថា ការ​បើក​ច្រក​កាន់តែ​ច្រើន​ក៏​អាច​ជំរុញ កំណើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ជិតខាង​ផង​ដែរ ជាក់ស្ដែង​កាលពី​ច្រកព្រំដែន​ព្រុំ នៅ​ខេត្ត​ប៉ៃលិន​មិន​ទាន់ ហើយ​ចង់​ដឹក​ទំនិញ​ពី​កម្ពុជា​ទៅ​ថៃ គេ​ត្រូវ​ដឹក​ទៅ​ប៉ោយ​ប៉ែ​ត​បន្ទាយ​មាន​ជ័យ ហើយ​អ្នក​ដឹក​ជញ្ជូន​ត្រូវការ​ចំណាយ​ថ្លៃ​ហើយ​ដឹក​បាន​តិច​ទៀត​ផង​ក្នុង​មួយ​ខែ​ៗ តែ​នៅ​ពេល​ដែល​ច្រកព្រំដែន​ព្រុំ​បាន​បើក ធ្វើ​អោយ​ការ​ដឹក​ជញ្ជូន​ទៅ​ចេញពី​កម្ពុជា​បាន​លឿន​រហ័ស​និង​ចំណាយ​តិច​ជាង​មុន ។

លោក​បាន​បន្ថែម​ថា នៅ​ពេល​ដែល​កម្ពុជា មាន​ផ្លូវ​កាន់តែ​ច្រើន មាន​ច្រក​ក៏​កាន់តែ​ច្រើន ក៏​ធ្វើ​អោយ​អាជីវកម្ម​ដឹក​ជញ្ជូន​ក៏​កាន់តែ​រីក​ដុះដាល​ដែរ ជាក់ស្ដែង​កាលពី​៥​ឆ្នាំ​មុន អាជីវកម្ម​ដឹក​ជញ្ជូន​នៅ​កម្ពុជា​មាន​តែ​ប្រមា​ន​២០០​ទៅ​៣០០​ក្រុមហ៊ុន​ប៉ុណ្ណោះ តែ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​នៅ​កម្ពុជា​បាន​កើនឡើង​ដល់​ជាង​៥០០​ក្រុមហ៊ុន ពោល​គឺ​កើនឡើង​ជាង​ពាក់កណ្ដាល ។

បើ​តាម​មន្ត្រី​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​កន្លង​មក​ថា ដើម្បី​ជំរុញ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃ​អោយ​បាន​ដល់​គោលដៅ​ដែល​បាន​កំណត់ ភាគី​ទាំង​ពីរ នឹង​សហការ​បន្ត​បើក​ច្រក​ថ្មី​ៗ​បន្ថែម​ទៀត​ដើម្បី​បញ្ជូន​ទំនិញ​រវាង​ប្រទេស​ទាំង​ពីរ​អោយ​បាន​កាន់​ច្រើន ។ គួរ​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ប្រា​យុទ្ធ ចាន់​អូ​ចា នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បី​ផ្សេង​គ្នា​នៅ​លើ​ទឹកដី​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត បន្ទាយ​មាន​ជ័យ ដែល​កម្មវិធី​ទាំង​បី​នោះ​រួម​មាន​៖ ១) ការ​ចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ពាន​ស្ទឹង​បត់​) ២)​ការ​បើក​ការដ្ឋាន​សាងសង់​អគារ​រដ្ឋបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ និង​ផ្លូវ ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ ៥ និង ៣) ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួម​គ្នា​លើ​ការ​ដឹក​ជញ្ជូន ឆ្លងកាត់​ព្រំដែន និង​ពិធី​ប្រគល់​-​ទទួល​ក្បាល​រដ្ឋ​ភ្លើង​DMU ។

សូម​រម្លឹក​ថា​លោក ស៊ុន ចាន់​ថុ​ល បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​គម្រោង​សាងសង់​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ ជាមួយ​ក្រុមហ៊ុន​សាងសង់ FIN TECHNIC កាលពី​ថ្ងៃ​ទី ២៤ ខែឧសភា ដែល​ពិធី​នេះ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ឯកឧត្ដម Panyarak Poolthup អគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា ឯកឧត្ដម Perames Vudthitornetiraks នាយក​ភ្នាក់ងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​ជិតខាង ឯកឧត្ដម​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​នាយក ក្រុមហ៊ុន FIN TECHNIC និង​ភាគី​ពាក់ព័ន្ធ​ផង​ដែរ​។ គម្រោង​នេះ​ផ្ដោត​លើ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ច្រក​ទ្វារ​ព្រំដែន ដែល​រួម​មាន​៖ អគារ​រដ្ឋបាល​ច្រកចូល​ទ្វារ​ព្រំដែន និង​ផ្លូវ សំណង់​អគារ​អន្តេវាសិកដ្ឋាន ចំណត​សម្រាប់​ផ្ទេរ​ទំនិញ​ឆ្លងកាត់ សំណង់​កាត់ បន្ថយ​គ្រោះ​ទឹកជំនន់ និង​ការ​ជួសជុល​កែ​លម្អ​ផ្លូវ​ចាស់​។ គម្រោង​នេះ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ៩២៨ ១១០ ៦៨១ បាត (​ប្រមាណ​ជាង 29,176,087 ដុល្លារ​អា​មេ​រិ​ក​) ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​រាជរដ្ឋាភិបាល​ថៃ និង​ប្រើ​រយៈពេល​២៤​ខែ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ