ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សូរ​សំឡេង​ធ្លាក់​យ៉ាង​ខ្លាំង ប្រមាណ​ជា​២​នាទី​ក៏​ឡើង​ទៅ​មើល​ផ្អើល​ក្នុង​ពន្ធនាគារ

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ជា​ទណ្ឌិត​ម្នាក់​បាន​ស្លាប់​ក្នុង​ពន្ធនាគារ​ខេត្តកំពង់ធំ កាលពី​ម៉ោង​៦​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៩ ។ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ឡាយ មិថុនា ភេទ​ប្រុស…

ខេត្តកំពង់ធំ ៖ បុរស​ជា​ទណ្ឌិត​ម្នាក់​បាន​ស្លាប់​ក្នុង​ពន្ធនាគារ​ខេត្តកំពង់ធំ កាលពី​ម៉ោង​៦​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៩ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ឡាយ មិថុនា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។ ជន​រង​គ្រោះ​ជាប់ចោទ​ពី​បទ​ចាត់ចែង​ប្រើប្រាស់​គ្រឿងញៀន និង​ត្រូវ​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៦ ហើយ​កំពុង​អនុវត្ត​ទោស​៣​ឆ្នាំ ដោយ​ចៅក្រម​ឈ្មោះ ឃ​ន សុ​កល ប្រធាន​សាលាដំបូង​ខេត្តកំពង់ធំ​។

តាម​ប្រភព​ព័ត៌មាន​ពី​ពិរុទ្ធជន​ឈ្មោះ មួន សុ​ផា​នី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​បន្ទប់​ឃុំឃាំង​ជាមួយ​ជន​រង​គ្រោះ​បាន​រៀបរាប់​ថា នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះជា​ប្រធាន​បន្ទប់​បាន​ដាស់​សមាជិក​ប្រជុំ​ក្នុង​បន្ទប់ ដើម្បី​រៀន​បទបញ្ជាផ្ទៃក្នុង​ពន្ធនាគារ បន្ទាប់​មក​ទណ្ឌិត​ដែល​ជាប់​ឃុំ​ទាំងអស់​បាន​ចុះ​មក​ក្រោម រីឯ​ជន​រង​គ្រោះ​នៅ​ក្នុង​បន្ទប់ទឹក ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​គាត់​ក៏​ឮ​សូរ​សំឡេង​ធ្លាក់​ប៊ីដុង​ទឹក​យ៉ាង​ខ្លាំង​ប្រមាណ​ជា​២​នាទី គាត់​ក៏​បាន​ឡើង​ទៅ​ផឹកទឹក​នៅ​បន្ទប់​ខាងលើ ហើយ​បាន​ដើរទៅ​មើល ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដួល​ផ្ងារពោះ​នៅ​លើ​ការ៉ូ ដោយ​ជើង​ឆ្វេង​គង​លើ​ខឿន​ចាន​បង្គន់ និង​បញ្ឈរភ្នែក ។ ពេល​ឃើញ​សភាព​បែប​នេះ គាត់​បាន​យកដៃ​ទៅ​អង្រួន​ជន​រង​គ្រោះ នៅ​តែ​មិនដឹង​ខ្លួន ហើយ​ក៏​បាន​ហៅ​ទណ្ឌិត​ឯទៀត​ឡើង​មក​ជួយ​មើល និង​ធ្វើ​ចលនា​ដោយ​លាប​ប្រេងកូឡា ដើម្បី​ឱ្យ​ជន​រង​គ្រោះ​ដឹងខ្លួន តែ​នៅ​មិនដឹង​ខ្លួន​ទៀត ទើប​អនុរក្ស​ពន្ធនាគារ​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរ ពេទ្យ​ខេត្តកំពង់ធំ លុះ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្ត ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត​ប្រាប់​ថា ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម សមត្ថកិច្ច​ជំនាញ​ខេត្ត​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ជាក់ស្តែង និង​បាន​ពិនិត្យ​សព​នៅ​មន្ទីរពេទ្យ​ខេត្ត ក្នុង​ការ​ពិនិត្យ​សព​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ​។

តាម​ការ​ការ​សន្និដ្ឋាន​របស់​វេជ្ជបណ្ឌិត​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ដួល​ប៉ះពាល់​ផ្នែក​ក្បាល​ខាងក្រោយ​។ ក្រោយ​ការ​ពិនិត្យ​រួច សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ