រាជធានីភ្នំពេញ ៖ ជនជាតិចិន២ក្រុមសង្ស័យឈ្លោះប្រកែកគ្នារឿងប្រពន្ធដើម និងប្រពន្ធចុង បានបើករថយន្ត២គ្រឿងដេញបុកគ្នា បណ្តាលឲ្យរថយន្តមួយគ្រឿងជ្រុលទៅបុករបងការដ្ឋានហោះធ្លាក់ទៅទើរនៅមាត់ច្រាំងទន្លេបាសាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង4និង30នាទីទៀបភ្លឺថ្ងៃទី17 ខែឧសភា ឆ្នាំ២០១៩ នៅមាត់ច្រាំងទន្លេបាសាក់ តាមបណ្តោយផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
រថយន្តបង្កម៉ាក MAZADA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY:3139 មានស្រីប្រុសជាជនជាតិចិនជិះក្នុងរថយន្តចំនួន៤នាក់ ក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ។

តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ប្រាប់ឱ្យដឹងថា មុនកើតហេតុ គឺគេឃើញរថយន្ដបង្កខាងលើបើកដេញគ្នាពីក្រោយជាមួយរថយន្តមួយគ្រឿងទៀតមិនចាំម៉ាក សុទ្ធតែជនជាតិចិនដូចគ្នាជិះចូលទៅសណ្ឋាគារសូហ្វីតែល ហើយឈប់រថយន្តឈ្លោះប្រកែកគ្នាឡូឡាពេញសណ្ឋាគារដោយនិយាយជាភាសាចិន ប៉ុន្តែមានអ្នកចេះភាសាចិនបានស្តាប់ដឹងថា ឈ្លោះប្រកែកគ្នារឿងប្រពន្ធដើម និងប្រពន្ធចុង។
ប្រភពដដែលបន្តថា ភ្លាមៗនោះខាងសណ្ឋាគារខ្លាចរំខានដល់ភ្ញៀវស្នាក់នៅក៏ឲ្យសន្តិសុខដេញរថយន្ដទាំងពីរគ្រឿងនោះចេញក្រៅ ស្រាប់តែរថយន្ដមិនចាំម៉ាកនោះបើករត់ចេញមកយ៉ាងលឿន ហើយរថយន្ដបង្កក៏ដេញពីក្រោយមករហូតដល់ផ្លូវទន្លេបាសាក់ផ្លូវឡើងស្ពានឥន្ធនូកោះពេជ្រ ថែមទាំងបើកបរក្នុងល្បឿនលឿនដូចហោះដូចគ្នាទៀត ។

ប្រភពដដែលបន្តទៀតថា លុះមកដល់កន្លែងកើតហេតុរថយន្តមិនចាំម៉ាកបានបត់ឆ្វេងចូលផ្លូវសបិតក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ចំណែករថយន្តបង្កបើកតាមពីក្រោយ ពេលមកដល់បួងចង្កូតបត់តាម តែបត់មិនទាន់ក៏ជ្រុលទៅបុករបងការដ្ឋានដែលហ៊ុមដោយស័ង្កសី បណ្តាលឲ្យធ្លុះធ្លាយស័ង្កសី និងបន្តទៅបុកបាក់ដើមក្រខុបអស់មួយដើមទៀតធ្វើឲ្យរថយន្តធ្លាក់ពីលើផ្លូវទៅក្រោមនៅទើរជាប់មាត់ច្រាំងទន្លេបាសាក់ ប៉ុន្តែសំណាងល្អអ្នកបើកបរ និងអ្នករួមដំណើរក្នុងរថយន្ដរងរបួសស្រាល ។
ក្រោយកើតហេតុភ្លាមៗ ជនជាតិចិនប្រុសស្រីទាំង4នាក់នោះបានចេញពីរថយន្ដនាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់ទៅ បន្សល់ទុកតែរថយន្តបង្កនៅមាត់ច្រាំងទន្លេបាសាក់ ទុកឱ្យសមត្ថកិច្ចជំនាញចរាចរណ៍ជួយដោះស្រាយផង ៕









ចែករំលែកព័តមាននេះ