ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងច្បាស់ហើយ​ ប្រាក់​វាល់​លាន​ដុល្លារនេះ​យក​​ទៅ​​​ទុកនៅ​​​​ទី​ណា​..!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រមាណ​ជាង​៣,៥​លាន​ដុល្លារ ដែល​បាន​រឹបអូស​ពី​ជនជាតិ​ចិន​៣​នាក់​នាំ​ចូល​មក​ពី​ទីក្រុង​ហុងកុងកាលពី​រសៀល​ថ្ងៃ​ទី​២៩ មេ​សា​កន្លង​មក ត្រូវ​បាន​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះ​រាជ​អាជ្ញាធរ​រង​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​ទៅ​តម្កល់​នៅ​ធនាគារជាតិទុកជា​វត្ថុ​តាង…

រាជធានី​ភ្នំពេញ ៖ ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រមាណ​ជាង​៣,៥​លាន​ដុល្លារ ដែល​បាន​រឹបអូស​ពី​ជនជាតិ​ចិន​៣​នាក់​នាំ​ចូល​មក​ពី​ទីក្រុង​ហុងកុងកាលពី​រសៀល​ថ្ងៃ​ទី​២៩ មេ​សា​កន្លង​មក ត្រូវ​បាន​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះ​រាជ​អាជ្ញាធរ​រង​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​ទៅ​តម្កល់​នៅ​ធនាគារជាតិទុកជា​វត្ថុ​តាង ​នៅ​ពេល​បើក​សវនាការ​លើ​អង្គសេចក្តី បន្ទាប់​ពី​តំណាង​អយ្យការ​បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ ​ដែល​ជា​ម្ចាស់​ប្រាក់​៣​នាក់​​នោះ​រួច​មក ។

ជាមួយ​គ្នា​នោះ​ដែរ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង ក៏​បាន​តម្រូវ​ឲ្យ​អនុរក្ស​ពន្ធនាគារ ដោយ​មានការ​ចូលរួម​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​អន្តោប្រវេសន៍ នាំ​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​៣​នាក់ ដែល​មាន​វាសនា​បាន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ប៉េ​ហ្ស៊ី ទៅ​ពិនិត្យ​និង​តាម​អង្កេត​មើល​លុយ​របស់​ខ្លួន​ដែល​ត្រូវ​អាជ្ញាធរ​រឹបអូស យក​ទៅ​រក្សា​ទុក​ក្នុង​ធនាគារជាតិ​ជា​បណ្តោះអាសន្ន​នោះ ។

គួ​បញ្ជាក់​ថា ជនជាតិ​ចិន​ទាំង​៣​នាក់​ដែល​បាន​ចាប់ខ្លួន ១-​ឈ្មោះ WANG SHI PING ២-​ឈ្មោះ WANG LI CHAO និង​៣.​ឈ្មោះ ZHANG JIAN ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍​សហការ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២៣ មេ​សា នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ខណៈ​ជនជាតិ​ចិន​ទាំង​៣​នាក់​នេះ​បាន​នាំ​យក​ប្រាក់​ដុល្លារ​មាន​ប្រភព​មិន​ច្បាស់លាស់​ជាង​៣,៥​លាន​ដុល្លារ​អា​មេ​រិ​ក ពី​ទីក្រុង​ហុងកុង​ចូល​មក​កម្ពុជា ។

ជនសង្ស័យ​ត្រូវ​បាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពី​បទ​សម្អាត​ប្រាក់ តាម​មាត្រា​៣​ថ្មី និង​មាត្រា​២៩​ថ្មី នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម ។ ក្រោយ​ពី​តំណាង​អយ្យការ​បាន​ចោទប្រកាន់​ជា​ផ្លូវការ ជនសង្ស័យ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ប៉េ​ហ្ស៊ី ជា​បណ្តោះអាសន្ន ដើម្បី​បើក​ការ​ស៊ើបអង្កេត និង​ឈាន​ដល់​បើក​សវនាការ​ជំនុំជម្រះ​ក្តីនា​ពេល​ខាង​មុខ​នេះ ។

ទាក់ទិន​នឹង​ការ​រឹបអូស​ប្រាក់​ជាង​៣,៥​លាន​ដុល្លារ​នេះ មជ្ឈដ្ឋាន​នានា​បាន​សាកសួរ​គ្នា​ថា ​ប្រាក់​ដែល​បាន​ដកហូត​នោះតើ​គេ​យក​ទៅ​ណា ? អ្នកខ្លះ​និយាយ​បែប​កំប្លែង​ថា​ វា​ដូច​ជា​គ្រឿងញៀន ឬ​វត្ថុ​បទល្មើស​ដែរ នឹង​ត្រូវ​យក​ទៅ​ដុត​ចោល តែ​ការ​ពិត​នរណា​ដាច់​ចិត្ត​យក​លុយ​វាល់​លាន​ទៅ​ដុត​បំផ្លាញ​ចោល​នោះ ។ ទី​បំផុត ​គឺ​ច្បាស់​ហើយ ប្រាក់​នោះ​ត្រូវ​បាន​ផ្ញើ​ទុក​នៅ​ធនាគារជាតិ​នៃ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ