នៅក្នុងគម្ពីរព្រះពុទ្ធសាសនាបានបកស្រាយនូវពាក្យថា សីល គឺជាច្បាប់ផ្នែកព្រះពុទ្ធសាសនាសម្រាប់អប់រំកាយ វាចា ចិត្តឱ្យស្អាត ហាត់ពត់លត់ដំ កិរិយាមារយាទឱ្យបានត្រឹមត្រូវ ឲ្យមានរបៀបរៀបរយ មានសីលធម៌ មានគុណធម៌ មានសុជីវធម៌ល្អប្រសើរ និងវៀរចាកនូវអំពើអាក្រក់ទាំងឡាយ ។
សីលនេះពុំមែនជាឧបករណ៍ ឬជាអំណោយសម្រាប់ចែក សម្រាប់ឲ្យគ្នាបានឡើយ ព្រោះជាតួកុសលចេតនា។ ចំណែកសមាទាន គឺជាការខិតខំប្រតិបត្តិ រក្សាចិត្ត ឲ្យបានល្អប្រពៃ ព្យាយាមប្រយុទ្ធច្បាំងយកជ័យលើខ្មាំងសត្រូវគឺកិលេស ដែលពួនសម្ងំ បន្លំខ្លួន ធ្វើឲ្យយើងវង្វេង ស្រវឹង ញៀនញ៉ាមនឹងកាមគុណទាំង៥មិនចេះនឿយណាយ ។
ការសមាទានសីលគឺជាការរក្សាសីល សាងសីល ពុំមែនជាវត្ថុសម្រាប់សុំពីគ្នា ឬជាការចែករំលែកឱ្យគ្នា តាមមនោសញ្ចេតនាបានឡើយ ។ អ្នកឲ្យទោះជាមានសទ្ធាចង់ឲ្យ ក៏គ្មានវិធីណាអាចឲ្យគ្នាបានឡើយ។
ព្រះសម្ពុទ្ធបរមគ្រូ ទ្រង់បានប្រទាននូវឱវាទប្រៀនប្រដៅប្រាប់ពីកិច្ចប្រតិបត្តិ ដើម្បីឲ្យកើតជាសីល ឲ្យបាននូវសីល ឯអ្នកទទួល បើមិនប្រឹងសាងដោយខ្លួនឯងទេ ក៏មិនដឹងជាទទួលតាមវិធីណាបានដែរ។ ការគ្រាន់តែចាំ ឬសូត្រថាតាមនូវសិក្ខាបទទាំងឡាយ ពុំមែនមានន័យគ្រប់គ្រាន់ថាបាននូវសីលបរិបូណ៌នោះឡើយ ។
បើមិនយល់ន័យក្នុងសិក្ខាបទទាំងឡាយ ហើយចេះតែសូត្រថាតាមគេទាំងមិនដឹង មិនយល់ថា អ្វីជាសីលផងនោះ ហើយខ្វះការប្រតិបត្តិជាក់ស្តែងផង ក៏ពុំមានន័យអ្វីទាល់តែសោះសម្រាប់ការដុសលាង សម្អាតជីវិតឲ្យចេញចាកផុតពីភាពអវិជ្ជា ដែលជាប្រភពនៃអកុសលកម្មទាំងឡាយ ។
ចែករំលែកព័តមាននេះ