នាយស្វិតសរសើរប្រពន្ធចុងចិត្តបាននឹងកូនដើម
- ភ្នំពេញ
រាជធានីភ្នំពេញ៖ អ្នកសិល្បៈសុទ្ឋតែដឹងថាតារាកំប្លែងនាយស្វិតមានប្រពន្ឋពីរ ហើយសព្វថ្ងៃនេះនាយរស់នៅជាមួយប្រពន្ឋទី២ជាតារាកំប្លែងដែរ ។ អាចខុសពីពាក្យថាម្តាយចុងមិនត្រូវជាមួយកូនដើម ព្រោះប្រពន្ធចុងរបស់នាយស្វិត ល្អជាមួយកូនដើមរបស់នាយ ហើយជួយត្រួសត្រាយផ្លូវក្នុងអាជីពសិល្បៈទៀតផង ។

តារាកំប្លែងនាយស្វិតមួយរយៈពេលចុងក្រោយនេះហាក់ធ្វើឲ្យគេចាប់អារម្មណ៍ព្រោះស្រាប់តែចេញមុខតាមកញ្ចក់ទូរទស្សន៍ ធំៗ ពិសេសកម្មវិធី«ពេញចិត្ត ឬអត់»របស់ម៉ាយធីវី ។ ក្រៅពីនេះលេងកំប្លែងនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ និងហង្សមាស ។ នាយស្វិតក៏ជាអ្នកកាត់សក់មង្គលការ និងជួលភ្លេងសម័យតាមកម្មវិធី ផ្សេងៗដែរ ។

កាលពីពេល ថ្មីៗកន្លងមកនាយស្វិតបាននិយាយថា«ដោយសារតែបានទឹកចិត្តប្រពន្ឋក្រោយគ្នាទូលាយទើបខ្ញុំមានឱកាសនាំកូនស្រីច្បងវ័យ១៦ឆ្នាំចូលសិល្បៈវាយលុកជាមួយរូបខ្ញុំ និងភរិយាជាតារាកំប្លែងដោយទៅណាមកណាសម្តែង ជុំៗគ្នាដូចជាពិធីជប់លៀងក្នុងមង្គលការជាដើម ។ កូនស្រីច្បងដែលចូលសិល្បៈនេះគេមាននិស្ស័យខាងច្រៀងច្រើនជាង ដោយសំឡេងអំណោយផល។ បើកំប្លែងនៅមិនទាន់ដឹងថាបែបណា រង់ចាំមើលបន្តទៀត។ ខ្ញុំអរគុណភរិយាដែលបានបើកចិត្តទូលាយមានធម៌ក្នុងខ្លួន ដោយសុខចិត្តឲ្យកូនច្បងរបស់ខ្ញុំមករស់នៅជាមួយប្រឡូកការងារសិល្បៈថែមទាំងទូន្មានប្រៀនប្រដៅឲ្យធ្វើអំពើ ល្អៗក្នុងសង្គម ខុសដាច់ពាក្យថាម្តាយចុងមិនល្អ ។ អ្នកផ្សេងមិនដឹងតែខ្ញុំឃើញស្តែងហើយថាប្រពន្ឋក្រោយគេចិត្តបាន ។

ទោះបីជាបែបណាខ្ញុំមានតែព្យាយាមខំបំពេញការងារសិល្បៈដែលមមាញឹកឲ្យល្អដើម្បីទ្រទ្រង់ជីវភាពរស់នៅឲ្យក្រុមគ្រួសារបានកក់ក្តៅជាបន្តទៀតតាមការលះបង់ ។ ជាពិសេសខ្ញុំសូមផ្ញើកូនស្រីម្នាក់ផងព្រោះគ្នាបានចូលសម្តែងជាមួយលោកជាឪពុក និងប្រពន្ឋ ហើយព្យាយាមកែខៃចំណុចខ្វះខាត ធ្វើយ៉ាងណាឲ្យមើលទៅមានការរីកចម្រើន ។ បើមិនល្បីខ្លាំងសុំឲ្យតែសម្បូរការងារក្នុងសិល្បៈច្រើនបានប្រាក់ទប់ទល់ក្នុងជីវិតរស់នៅក៏បាន »។

រីឯប្រពន្ធចុងនាយស្វិតនិយាយថា«យើងមាននិស្ស័យនឹងគ្នាទៅហើយត្រូវទទួលស្គាល់ការណ៍ពិត ហើយក៏ត្រូវជួយយឹតយោងគ្នាទៅវិញទៅមកសុទ្ឋតែមនុស្សដូចគ្នា ។ បើយើងខឹងគុំកួនបានអ្វីមកវិញ មានតែអំពើល្អប៉ុណ្ណោះដែលអាចឈ្នះអ្វីៗបាន ។ អង្គុយតែឈ្លោះគ្នាចំណេញអ្វីខ្លះមានតែការសហការគ្នាប៉ុណ្ណោះទើបអាចរកសុភមង្គលតទៅបាន»៕

ចែករំលែកព័តមាននេះ