ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើអាក្រក់​២​ប្រការ​នាំ​ឱ្យ​វិនាស​ទាន់ហន់

4 ឆ្នាំ មុន

បាបកម្ម​ពីរ​ប្រភេទ​ដែល​បុគ្គល​គួរ​វៀរ​គឺ ការ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​១(​ល្បែង​ស្រី​) និង​អំពើ​ពា​លា​ល្បែងភ្នាល់ ១ អំពើអាក្រក់​ពីរ​ប្រការ​នេះ​បើ​បុគ្គល​ណា​ឈាន​ជើង​ចូល​ទៅ​ប្រព្រឹត្ត​មែន​ៗ​ហើយ បុគ្គល​នោះ​កម្រ​គេច​ផុត​ពី​ក្តី​អន្តរាយ​បាន​ណាស់ ពោល​គឺ បើជា​អ្នកមាន​ទ្រព្យ​រមែង​អស់ទ្រព្យ បើជា​មនុស្ស​មានយស​ស័ក្តិ បុណ្យស័ក្តិ​នោះ​រមែង​សាបសូន្យ​ទៅ…

បាបកម្ម​ពីរ​ប្រភេទ​ដែល​បុគ្គល​គួរ​វៀរ​គឺ ការ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​១(​ល្បែង​ស្រី​) និង​អំពើ​ពា​លា​ល្បែងភ្នាល់ ១ អំពើអាក្រក់​ពីរ​ប្រការ​នេះ​បើ​បុគ្គល​ណា​ឈាន​ជើង​ចូល​ទៅ​ប្រព្រឹត្ត​មែន​ៗ​ហើយ បុគ្គល​នោះ​កម្រ​គេច​ផុត​ពី​ក្តី​អន្តរាយ​បាន​ណាស់ ពោល​គឺ បើជា​អ្នកមាន​ទ្រព្យ​រមែង​អស់ទ្រព្យ បើជា​មនុស្ស​មានយស​ស័ក្តិ បុណ្យស័ក្តិ​នោះ​រមែង​សាបសូន្យ​ទៅ និង​រស់នៅ​ក្នុង​សភាព​ក្រលំបាក អាប់ឱន​កិត្តិយស និង​មាន​វិប្បដិសារី​អស់​មួយ​ជាតិ ។

នៅ​ក្នុង​គម្ពី​ធម្ម​វិភាគ​លោក​បាន​ពន្យល់​ថា ស្ត្រី​ក្នុង​ទី​នេះ​ចែក​ចេញ​ជា​ពីរ​ប្រភេទ គឺ​ស្រី​ធម្មតា​១ និង​ស្រីផ្កាមាស​១​។ បើ​បុរស​ណា​ជាប់ជំពាក់​ក្នុង​ស្ត្រី​ទាំង​២​ប្រភេទ​នេះ ទោះជា​ប្រភេទ​មួយ​ណា​ក៏​ដោយ ងប់ងុល​ត្បុរ​ចូល​មិន​មាន​ពេល​លះបង់ ងងឹតមុខ​ដិតអារម្មណ៍​ជាប់​រហូត​មិន​ភ្លឺស្វាង បុរស​នោះ​ឈ្មោះ​ថា ជា​អ្នកលេង​ស្រី (​ឥត្ថី​ធុ​ត្តោ​) ជា​ហេតុ​នាំ​មក​នូវ​ក្តី​វិនាស ។

ចំណែក​អ្នកលេង​ល្បែងភ្នាល់​បាន​ដល់​អំពើ​ពា​លា ឬ​លេងល្បែង​ស៊ីសង​(​អក្ខ​ធុ​ត្តោ​) មាន​សេចក្តី​សម្គាល់ថា ល្បែង​ទាំងនោះ​មាន​ច្រើន​ប្រភេទ​ណាស់​ដូច​ជា បៀ អាប៉ោង ចាក់​កន្ទុយលេខ ភ្នាល់​បាល់ បញ្ជល់មាន់​ជាដើម ទាំង​អស់នេះ​ចាត់​ថា​ជា​ការ​ភ្នាល់ ។

បុគ្គល​ណា​ចាប់​យក​អាជីព​ល្បែង​ទាំងនេះ​ជា​ត្រីមុខ ព្យាយាម​លេង​មែន​ៗ បុគ្គល​នោះ​ឈ្មោះ​ថា​ជា​អ្នក​បង់យស កេរ្តិ៍ឈ្មោះ​ផ្សាយ​ទៅ​មិន​ពីរោះពិសា និង​មិន​ជាទី​ពេញចិត្ត​ចំពោះ​អ្នកផង​ទាំងពួង តែង​រង្កៀស​ចិត្ត​អ្នក​ដទៃ​។ ជន​ទាំង​អស់នោះ​ហើយ​ជា​មុខសញ្ញា​ចោរលួច ចោរប្លន់ ឬ​ជា​អ្នក​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ៗ​ទៀត ។

បុគ្គល​ណា​ប្រកបដោយ​ទោស​ទាំង​ពីរ​ប្រការ​ដូច​បាន​ពោល​មកនេះ ឈ្មោះ​ថា​ជា​មនុស្ស​អាក្រក់ បើ​ហ៊ាន​សេពគប់​យក​មក​ធ្វើ​ជា​មិត្តសម្លាញ់ ប្រៀប​បាន​យក​ថ្នាំ​ពិស​មក​ទុក​ក្នុងផ្ទះ​របស់​ខ្លួន​នឹង​មាន​គ្រោះថ្នាក់​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន​។