ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកល្បង​ប្រើ​វិធី​រំលត់ភ្លើង​ទោសៈ​ខាងក្រោម​នេះ​ល​មើល

7 ឆ្នាំ មុន

សូម​សាធុជន​កុំ​បណ្តោយ​ឱ្យ​ភ្លើង​ទោសៈ​ឆេះ​ឡើង​ឱ្យ​សោះ ព្រោះ​វា​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​ណាស់ តែបើ​កាលណា​ឆេះ​ឡើង​ហើយ ចង់​បញ្ឈប់​ភ្លើងកំហឹង​នោះ​ឱ្យ​រលត់​ទៅ​វិញ​ក៏​មិនមែន​ជា​រឿង​ងាយ តែ​ក៏​មិនមែន​ដល់​ទៅ​ពិបាក​រហូត​រំលត់ភ្លើង​ទោសៈ​មិន​បាន​នោះ​ដែរ សំខាន់​គឺ​នៅ​ត្រង់​ថា យើង​ត្រូវ​តាំងចិត្ត​បញ្ឈប់​ចិត្ត​ខឹង​ឱ្យ​បាន​តែ​ប៉ុណ្ណោះ ។
លោក​អ្នក​អាច​សាកល្បង​វិធី​រំលត់ភ្លើង​ទោសៈ​មួយ​ចំនួន​ខាងក្រោម​នេះ​ល​មើល​នឹង​អាច​មាន​ប្រសិទ្ធភាព​ច្រើន​គឺៈ
១-​យល់​ឃើញ​ត្រូវ គឺ​ចិត្ត​ស​ស្អាត ពិចារណា​ឱ្យ​ឃើញ​ទោស​នៃ​ទោសៈ និង​ផល​អាក្រក់​ដែល​កើត​ពី​ទោសៈ ឬ​ពិចារណា​តាម​ពុទ្ធឱវាទ​ផ្សេង​ៗ​ទៀត​ឱ្យ​បាន​ច្បាស់ រហូត​ដល់​យល់​ថា ទោសៈ​នេះ​មានទោស​អាក្រក់​មែន​។

២-​ត្រូវ​ពិចារណា​ឱ្យ​ឃើញ​ផលប្រយោជន៍​ដ៏​មហាសាល ដែល​នឹង​កើតមក​អំពី​ការ​ដែល​មិន​មានទោសៈ​។

៣-​ប្រើ​វិធី​ទន្ទេញ ឬ​ភាវនា​ខ្សឹប​ៗ ប្រាប់​ខ្លួនឯង​ថា កុំ​ខឹង កុំ​ខឹង កុំ​ខឹង មិន​ខ្ចី​ខឹង មិន​ខ្ចី​ខឹង កុំទៅ​ខឹង​ៗ ខឹង​បានការ​អ្វី​ៗ ឱ្យ​បាន​ជាប់​ជា​និច្ច​រាល់​ឥរិយាបថ រាល់​កិច្ច និង​រាល់ពេល​ដែល​មាន​អារម្មណ៍​ទោសៈ​ចូល​មក​ប៉ះ​ចិត្ត ។

៤-​មាន​ទស្សនៈ​ទៅ​លើ​អ្វី​ៗ​ក្នុង​ន័យ​ជា​ល្អ ជា​វិជ្ជមាន កុំ​សូវ​គិត​ទៅ​លើ​រឿង​អាក្រក់​ឥតប្រយោជន៍​ពេក ។

៥-​មាន​របៀប​រម្ងាប់​ទោសៈ​តាម​បែប​ថា នៅ​ពេល​យើង​ខឹង​គេ ហើយ​ចង់​ឈ្លោះ​ត​តប​វិញ ត្រូវ​រាប់​លេខ​ឱ្យ​បាន​ចំនួន​១០០០ នោះ​នឹង​អាច​ឈប់​ខឹង​ហើយ ។

៦-​វិធី​មួយ​ដែល​គេឯង​ប្រើ​មាន​ប្រសិទ្ធភាព គឺ​ការ​ធ្វើ​សមាធិ​នៅ​ពេល​ខឹង​។ ឧទាហរណ៍ បើ​យើង​ខឹង​អ្នក​ណា​មួយ​ខ្លាំង គប្បី​បិទ​ភ្នែក ឬ​មិនបាច់​បិទ​ក៏​បាន ហើយ​ដកដង្ហើម​ឱ្យ​បាន​វែង​ៗ​ជាទី​បំផុត​ចំនួន​១០​ដង​។ នៅ​ពេល​កំពុង​ដកដង្ហើម​វែង​ៗ​នោះ ភ្នែក ឬ​ចិត្ត ត្រូវ​សម្លឹង​មើល​ចុង​ច្រមុះ​ជា​កន្លែង​ដែល​ខ្យល់​រត់​ចេញ​រត់​ចូល​ប៉ះ​នឹង​រឹម​ច្រមុះ កុំឱ្យ​ចិត្ត​ងាក​បែរ​ទៅ​ណា​ឱ្យ​សោះ​។ ធ្វើ​ដូច្នេះ​កម្លាំង​របស់​ទោសៈ​នឹង​ថយ​ចុះ​ជា​លំដាប់​រហូត​បាត់​អស់​ជា​មិន​ខាន ។

៧-​ចម្រើនមេត្តា​កម្មដ្ឋាន ពោល​គឺ​ផ្សាយ​មេត្តា នឹក​ស្រមៃ​ក្នុង​ចិត្ត​ថា សូម​ឱ្យ​មនុស្ស​សត្វ​ទាំងអស់​បាន​សេចក្តីសុខ កុំបី​មាន​ពៀរ​វេរា​រវាង​គ្នា​និង​គ្នា​ឡើយ ។

វិធីសាស្ត្រ​ទាំង​អស់នេះ​ជា​គន្លឹះ​យ៉ាង​សំខាន់​ជួយ​រំលត់ភ្លើង​ទោសៈ​ចេញពី​ចិត្ត និង​នាំ​ឱ្យ​អារម្មណ៍​ស្ងប់ ត្រជាក់ សុខ​ស្រួល​ជា​ប្រក្រតី ។