នាយហុងដា ជួបរឿងខ្វល់ចិត្តជាថ្មី
- ភ្នំពេញ
រាជធានីភ្នំពេញ៖ ស្ងាត់ព័ត៌មានមួយរយៈពេលនេះតារាកំប្លែងនាយហុងដា បានជួបប្រទះនឹងបញ្ហាប្រឈមស្ទើរដោះស្រាយមិនចេញ ។ វាជារឿងកើតឡើងក្នុងក្រុមគ្រួសារ ។ ក្រោយពេលជួបរឿងរ៉ាវជីវិតសោកភរិយាស្លាប់មក នាយហុងដាបានបង្ហាញមុខតាមរយៈវេទិកាសិល្បៈឡើងវិញ ដោយនៅជាបុរសពោះម៉ាយមើលថែកូន ។

បន្ទាប់ពីប្រពន្ឋវ័យក្មេងស្លាប់ចោលមកពេលនេះនាយហុងដាស្រាប់តែពើបប្រទះជីវិតស្មុគស្មាញសាជាថ្មីដោយនាយបានទម្លាយប្រាប់ដល់សារព័ត៌មានកោះសន្តិភាពកាលពីពេល ថ្មីៗកន្លងមក ។ ហុងដា និយាយថា រយៈពេល៤ទៅ៥ខែមកហើយលោកជួបបញ្ហាក្នុងក្រុមគ្រួសារ គឺលោកឪពុករបស់លោកកើតជំងឺមហារីកសួតដំណាក់កាលទី៣ ធ្វើឲ្យក្រុមគ្រួសាររន្ធត់ចិត្ត និងព្រួយបារម្ភបំផុត ។

នាយហុងដា និយាយថា«រយៈពេល១ខែនេះលោកឪពុកធ្វើទុក្ខខ្លាំងដោយទៅពេទ្យទាហាន និងគ្រូខ្មែរ រហូតដល់ពេទ្យសុរិន្ទ ចុងក្រោយមកមើលក្នុងស្រុកទៀតវិញ ។ តាំងពីមុនចូលឆ្នាំមកខ្ញុំគ្មានបានធ្វើការសម្តែងអ្វីទេ បើនិយាយពីកម្មវិធីកាត់សក់ការខាតជាង១០រោងគិតជាសាច់ប្រាក់២-៣ពាន់ដុល្លារ ។ យ៉ាងណាខ្ញុំចេះតែលាក់រឿងដោយសារមិនចង់ត្អូញត្អែរប្រាប់អ្នកណាក្រៅពីអ្នកជិតដិត ។ រាល់ថ្ងៃនេះបានប្អូនបង្កើតម្នាក់ជំនួសដៃជើងមកថែពុក ហើយខ្ញុំឆ្លៀតសម្តែងខ្លះ ។
ឪពុកខ្ញុំពិបាកពេលចំដាច់ចរន្តអគ្គិសនីគឺពិបាកដកដង្ហើយ មានតែគ្រាហ៍គាត់ចូលសម្រាកក្នុងឡានបញ្ឆេះដើម្បីបើម៉ាស៊ីនត្រជាក់ ។ មានតែឪពុកមួយនេះទេជាការគោរពដឹងគុណ ឯអ្នកម្តាយស្លាប់ចោលជាង១០ឆ្នាំមកហើយ »។

នាយហុងដា ក្នុងពេលត្រូវការប្រាក់ចំណាយក្នុងផ្ទះខ្លាំង លោកបែរជាបដិសេធមិនទទួលសម្តែងកំប្លែងនៅតាមហាង ឬបៀរហ្គាឌិនណាទៀតទេ ។ ហេតុផលដោយសារតែលោកខ្លាចភ្ញៀវហៅជល់កែវផឹកស្រានាំឲ្យខូចសុខភាពព្រោះលោកវ័យច្រើនបើសិនទទួលទានជាតិស្រវឹងខ្លាំងពេកងាយមានបញ្ហា និងយល់ថាបើលោកឈឺទៀតនោះក្រុមគ្រួសារកាន់តែលំបាក»៕

ចែករំលែកព័តមាននេះ