នាងលាភមិនទាន់ច្បាស់រឿងឡើងឆាកសម្តែងជាមួយនាយក្រឹម
- ភ្នំពេញ
ចាប់តាំងពីបានសម្រាលកូនភ្លោះមកនាងគង់ ចាន់ស៊ីណា ហៅនាងលាភភរិយាថ្មីរបស់នាយក្រឹមនៅមិនទាន់ឃើញថា នាងឡើងសម្តែងជាមួយក្រុមសម្តែងរបស់នាយក្រឹមដូចពេលមុនឡើយ បើទោះបីជាកូនស្រីភ្លោះរបស់នាងរឹងដៃជើងចាស់ខែក៏ដោយ ។ បងប្អូនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាកំប្លែងដ៏មានប្រជាប្រិយមិនចេះរីងស្ងួតម្នាក់នៅក្នុងប្រទេសកម្ពុជាយើងនោះ គឺនាយ ក្រឹម ហើយក៏ជាដៃគូដ៏ពិសេស និងសាកសមបំផុតផងដែរ ជាមួយនាយ កុយ ។

ឲ្យតែតារាកំប្លែងទាំង២នេះសម្តែងរួមគ្នាម្តងណាតែងតែធ្វើឲ្យទស្សនិកជន ក្មេងចាស់ ប្រុសស្រី សើចឡើងហៀរទឹកភ្នែក មិនដែលខាននោះទេ នេះក៏ដោយសារតែទេពកោសល្យដ៏ពូកែរបស់អ្នកទាំង២ ដែលអាចឆក់យកបានបេះដូងពីមហាជនទូទៅរហូតមកទល់សព្វថ្ងៃនេះ ។ យ៉ាងណាមិញនាយក្រឹមបានធ្វើឲ្យគេភ្ញាក់ផ្អើល ព្រោះលង់ស្នេហ៍នាងលាភរហូតយល់ព្រមយកធ្វើជាប្រពន្ធដោយបានបង្កើតកូនភ្លោះពិតជាមិនអន់មែន បើទោះជាវ័យចាស់ ។

ក្រោយក្លាយជាប្តីប្រពន្ធពេញមុខមកឃើញថា នាយក្រឹមនៅតែខំបំពេញកិច្ចការងារសិល្បៈដើម្បីបំពេញតម្រូវការគ្រួសារ ។ មុននេះនាងលាភ និងនាយក្រឹម ទើបតែចេញទៅសម្តែងនៅប្រទេសកូរ៉េអបអរសង្ក្រាន្តឆ្នាំថ្មី ក្រោមការគាំទ្រពីពលករនៅទីនោះយ៉ាងច្រើន ។ អ្នកនាងគង់ ចាន់ស៊ីណា ហៅលាភបានឲ្យដឹងថា «មួយរយៈនេះនាងអាក់ខានសម្តែងកំប្លែងជាមួយក្រុមនាយក្រឹមតាមស្ថានីយដោយសារ តែនាងយល់ថា ក្រុមរបស់នាយក្រឹមបញ្ចូលគ្នាតែមួយជាមួយពូកុយហើយ សមាជិកច្រើនទើបនាងមិនទាន់ចេញមកសម្តែង ។

ម្យ៉ាងកូននៅតូចផងត្រូវមើលឲ្យពេញដៃ បើទោះជាមានមេដោះមើលថែក៏នាងជាម្តាយត្រូវបំពេញតួនាទីបន្ថែម» ។ ទោះបីបែបណានាងនៅតែជាសមាជិកក្រុមកំប្លែងដោយនៅតែសម្តែងក្រោយពេលកូនភ្លោះគេរឹងមាំជាងនេះ ហើយមហាជននឹងបាត់ចម្ងល់រឿងបាត់មុខខានកំប្លែង ៕


ចែករំលែកព័តមាននេះ