ភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍មកកាលពីថ្ងៃចន្ទ ថាក្រុមហ៊ុន Huawei Technologies របស់ប្រទេសចិនបានចេញកម្មវិធី Hardware ទំនាក់ទំនងបែប 5G ដំបូងគេបង្អស់សម្រាប់វិស័យយានយន្ត ដែលជាមុខសញ្ញាបង្ហាញពីកំណើនមហិច្ចតាដើម្បីក្លាយជាអ្នកផ្គត់ផ្គង់ដ៏សំខាន់សម្រាប់បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ ។
Huawei បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា កម្មវិធី MG5000 នេះគឺយោងតាមឈីប Balong 5000 5G ដែលត្រូវបានចេញកាលពីខែមករាកន្លងមក។ ពួកគេបានបន្តថា «យោងតាមឈីបនេះ Huawei បានបង្កើតម៉ូឌីល 5G ដំបូងគេបង្អស់សម្រាប់រថយន្តដែលមានល្បឿនលឿន និងគុណភាពខ្ពស់» ។
ពួកគេបានប្រកាសពីម៉ូឌីលនេះនៅ Shanghai Autoshow ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុនរហូតដល់ថ្ងៃព្រហស្បត្តិ៍នេះ។

Huawei បាននិយាយថា«ក្នុងនាមជាផលិតផលទំនាក់ទំនងដ៏សំខាន់សម្រាប់ការដឹកជញ្ជូនតាមរថយន្តវៃឆ្លាតនាពេលអនាគត ម៉ូឌីលរថយន្ត 5G នេះលើកតម្កើងវិស័យស្វ័យប្រវត្តិកម្មឲ្យឈានចូលជំនាន់5G»។
ពួកគេបានបន្តថា ម៉ូឌីលនេះនឹងជួយដល់គម្រោងរបស់ពួកគេក្នុងការចាប់ផ្តើមលក់បច្ចេកវិទ្យាបណ្តាញ 5G សម្រាប់វិស័យស្វ័យប្រវត្តិកម្មក្នុងឆមាសទី២នាឆ្នាំនេះ។
ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗ Huawei បានធ្វើការសាកល្បងបច្ចេកវិទ្យាសម្រាប់រថយន្តវៃឆ្លាតក្នុងទីក្រុងជាច្រើនរបស់ប្រទេសចិនដូចជា Shanghai, Shenzhen និង Wuxi ជាដើម និងបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុនផលិតយានយន្តជាច្រើនដូចជា FAW, Dongfeng និង Changan ជាដើម ។
ក្រុមហ៊ុននេះក៏ជាក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ធំជាងគេរបស់ពិភពលោកដែរ ហើយពួកគេកំពុងតែមានគោលដៅនាំមុខគេក្នុងការប្រកួតប្រជែងសម្រាប់បណ្តាញ 5G ជំនាន់ក្រោយ ប៉ុន្តែបានជួបប្រទះនឹងការរិះគន់យ៉ាងខ្លាំងពីសហរដ្ឋអាមេរិកដែលបានចោទប្រកាន់ដល់ពួកគេថាឧបករណ៍របស់ពួកគេអាចត្រូវបានប្រើប្រាស់ដើម្បីធ្វើចារកម្ម ៕
ចែករំលែកព័តមាននេះ