ការប្រព្រឹត្តល្អខ្លះ មិនល្អខ្លះ ឬគួរខ្លះ និងមិនគួរខ្លះ វាជារឿងធម្មតារបស់បុថុជ្ជនទៅហើយ ព្រោះហេតុនោះទើបពេលខ្លះមានការអាក់អន់ចិត្តនឹងគ្នា ឬប៉ះពៀរពាក្យសម្តីគ្នា តែបន្តិចក្រោយមកក៏ត្រូវរ៉ូវគ្នាវិញដែលបញ្ហាទាំងអស់នេះវាជារឿងធម្មតាទៅហើយ។ ហេតុនេះគ្រួសារប្តីប្រពន្ធកូនចៅដែលនៅអាស្រ័យជាមួយគ្នា បានសុខ ឬកើតទុក្ខនោះ គឺអាស្រ័យលើការចេះយល់ចិត្តគ្នា ពិសេសគឺផ្តល់ក្តីសន្តោសឱ្យដល់គ្នា ។
ភក្តីភាពគឺជាជ័រស្អិតធ្វើឲ្យប្តីប្រពន្ធស្រឡាញ់គ្នារហូតដូចជា ពោលពាក្យពីរោះ ពាក្យពិតត្រង់ និយាយក្នុងរឿងអ្វីដែលគួរនិយាយ ស្លៀកពាក់ស្អាតបាតជានិច្ច ព្យាយាមក្នុងការងារដែលជាតួនាទីរបស់ខ្លួនជាដើម ។
បើជាប្រពន្ធត្រូវធ្វើការដណ្ដាំស្ល បោកគក់ខោអាវ បោសសម្អាតផ្ទះសម្បែង មិនហួងហែងហួសហេតុ មិនមានចិត្តចង្អៀតពេក មិនទាស់ទែងជាមួយញាតិមិត្តរបស់ប្តី គោរពចំពោះឪពុកម្តាយក្មេក និងប្តីជានិច្ច។ រាប់អានញាតិមិត្តជិតខាង ចេះកោតក្រែងចិត្តអ្នកដទៃ ស្មោះត្រង់ចំពោះប្តី ដាច់ខាតកុំលេងល្បែងស៊ីសង និងត្រូវចេះពីរបៀបចាយវាយផងដែរ ។
បើជាប្តីវិញក៏ត្រូវព្យាយាមធ្វើការរកប្រាក់ វៀរចាកសេពគ្រឿងញៀន ប្រព្រឹត្តអំពើអបាយមុខសព្វបែបយ៉ាង ត្រូវធ្វើខ្លួនឲ្យជាប្តីល្អ និងជាឪពុកល្អរបស់កូន តាំងចិត្តស្មោះត្រង់ និងអាណិតអាសូរចំពោះភរិយាខ្លួនជានិច្ច ។
ប្តីប្រពន្ធត្រូវស្វែងយល់ចិត្តគ្នាទៅវិញទៅមក ហើយព្យាយាមថ្នមចិត្តគ្នា កុំចេះតែធ្វើអ្វីៗតាមតែចិត្តរបស់ខ្លួន ជាពិសេសត្រូវចេះនឹករលឹកដល់គុណ គឺសេចក្តីល្អរវាងគ្នានឹងគ្នាតរៀងទៅ ទើបគ្រួសារមានសុភមង្គល ។
ចែករំលែកព័តមាននេះ