សត្វលោកមានសេចក្តីលោភលន់ មានមហិច្ឆតាតាំងតែពីកំណើតមក ហេតុអ្វីបានជាមានទស្សនៈបែបនេះ? ព្រោះមានសញ្ញាខ្លះដែលសាធុជនគ្រប់រូបគួរពិចារណាដូចតទៅៈ
សូមមើលពីសញ្ញាជាក់ស្តែងដែលមនុស្សយើងទើបកើតមកតែងស្រែកយំខ្លាំងៗ និងក្ដាប់ដៃយ៉ាងណែន លុះពេលស្លាប់ទៅវិញក៏លាត្រដាងដៃខ្ញាក។ ត្រង់នេះលោកចង់ពន្យល់ថា ការដែលកើតមកយំក្ដាប់ដៃនោះ ជាសញ្ញាប្រាប់ថា អ្វីៗទាំងអស់នៅក្នុងលោកនេះជារបស់អញ ជាកម្មសិទ្ធិរបស់អញ អ្នកណាមករំលោភបំពានមិនបានទេ ។ ចំណែកការស្លាប់ទៅវិញលាដៃខ្ញាកនោះ ជាសញ្ញាប្រាប់ថា ខ្ញុំចុះចាញ់ហើយ ខ្ញុំយកអ្វីទៅមិនបានទេ ។
សេចក្តីនេះព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា បុគ្គលឆ្លាតកាលបើផ្ទះត្រូវភ្លើងឆេះហើយ ត្រូវតែប្រញាប់ជញ្ជូនយកទ្រព្យសម្បត្តិចេញពីផ្ទះជាបន្ទាន់ បើមិនដូច្នោះទេទ្រព្យទាំងនោះនឹងត្រូវភ្លើងឆេះអស់ទៅជាមួយផ្ទះមិនខាន យ៉ាងណាមិញអត្តភាពនេះ ក៏ត្រូវភ្លើងជរា ភ្លើងព្យាធិកំពុងតែដុតរោលរាល់ថ្ងៃ មិនយូរប៉ុន្មានគង់តែនឹងដល់ថ្ងៃស្លាប់ ។
បើបុគ្គលមិនបានបរិច្ចាគទ្រព្យធ្វើទានជាស្ពានចម្លងសង្ខារទៅកាន់សុគតិភពទេ ទ្រព្យនោះក៏ត្រូវវិនាសអស់ទៅនៅពេលដែលស្លាប់នោះឯង ហើយជីវិតពិតជាកំសត់ក្នុងវាលវដ្តសង្សារជាក់ជាមិនខាន ។
ចែករំលែកព័តមាននេះ