រាជធានីភ្នំពេញ ៖ លោក អ៊ូម៉ា អាឡាម នាយកការិយាល័យនៅភ្នំពេញ និងជាតំណាងអង្គការយូរណេស្កូប្រចាំកម្ពុជា បានអះអាងថា លោកនឹងផ្តល់កិច្ចសហការក្នុងការជំរុញនូវការចុះបញ្ជីទីក្រុងបី រួមមានក្រុងបាត់ដំបង ទីក្រុងកំពត និងទីក្រុងក្រចេះ ក្នុងបញ្ជីទីក្រុងបេតិកភណ្ឌ របស់អង្គការយូណេស្កូ ឱ្យបានឆាប់រហ័ស។
ការលើកឡើងបែបនេះ របស់លោក អ៊ូម៉ា អាឡាម បានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅក្នុងឱកាសដែលលោកបានអញ្ជើញ ជួបសំម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។
លោក អ៊ូម៉ា អាឡាម បានអះអាងយ៉ាងដូច្នេះថា៖ «លោកនឹងផ្តល់កិច្ចសហការក្នុងការជំរុញនូវការចុះបញ្ជីទីក្រុងបាត់ដំបង ទីក្រុងកំពត និងទីក្រុងក្រចេះ ក្នុងបញ្ជីទីក្រុងបេតិកភណ្ឌ របស់អង្គការយូណេស្កូ លោកនឹងជំរុញលើកិច្ចការនេះ ជាពិសេសជំរុញការងារជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើយ៉ាងឱ្យយើងបានចុះបញ្ជីទីក្រុងទាំង៣នេះ ឱ្យបានឆាប់រហ័ស»។
លោក អ៊ូម៉ា អាឡាម បានបន្តថា អង្គការយូណេស្កូ នឹងសហការជាមួយក្រសួងទេសចរណ៍ និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីពន្យាពេលស្នាក់នៅរបស់ភ្ញៀវទេសចរណ៍ ក៏ដូចជាជំរុញឱ្យភ្ញៀវទេសចរណ៍នឹងឱ្យធ្វើពិពិតកម្ម នូវគោលដៅរបស់គាត់ទៅកាន់ តំបន់បេតិកភណ្ឌផ្សេងទៀត។ លោកក៏បានបង្ហាញពីសមិទ្ធផលកន្លងមកដែលអង្គការយូណេស្កូ បានសហការជាមួយនឹងក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នពាក់ព័ន្ធនានា ក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សនូវសម្បត្តិបេតិកភណ្ឌរូបិ និងអរូបិ ព្រមទាំងរួមចំណែកក្នុងការជំរុញនូវវិស័យទេសចរណ៍ផ្សាភ្ជាប់នឹងវប្បធម៌ផងដែរ។
ជាមួយគ្នានវដែរ អង្គការយូណេស្កូលោកបានផ្តល់នូវអនុសាសន៍ចំនួន ដែលជំរុញឱ្យមានភ្ញៀវទេសចរណ៍បន្ថែមទៀត ឱ្យមកកាន់តំបន់បេតិកភណ្ឌ ក្រៅពីប្រាសាទអង្គរវត្ត ហើយបច្ចុប្បន្ននេះកម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោករួមមាន ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក ដូច្នេះអង្គការយូណេស្កូ នឹងខិតខំសហការជាមួយក្រសួងទេសចរណ៍ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដើម្បីពន្យាពេលស្នាក់ នៅរបស់ភ្ញៀវទេសចរណ៍ ក៏ដូចជាជំរុញឱ្យភ្ញៀវទេសចរណ៍មកទស្សនាតំបន់ទេសចរណ៍ផ្សេងៗទៀតរបស់កម្ពុជា។
ទន្ទឹមនឹងនេះដែរលោក ក៏បានបង្ហាញពីការពេញចិត្តចំពោះទស្សនវិស័យរបស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហើយនឹងសន្យាបន្ត សហការជាមួយគ្នារៀបចំនូវកម្មវិធីរួមគ្នា ឬក៏វគ្គបណ្តុះបណ្តាលជាមួយគ្នាផ្សេងទៀត ដើម្បីធ្វើយ៉ាងជំរុញឱ្យការអភិរក្ស វិស័យវប្បធម៌ ដើរទន្ទឹមគ្នាជាមួយគ្នានឹងការជំរុញ និងការអភិវឌ្ឍវិស័យទេសចរណ៍ ភ្ជាប់ទេសចរណ៍វប្បធម៌ជាមួយគ្នាតែម្តង។
នាឪកាសនោះលោក ថោង ខុន ក៏បានលើកឡើងពីការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសការផ្សាភ្ជាប់វិស័យទេសចរណ៍ វប្បធម៌ ព្រមទាំងការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប ក៏ដូចជានៅតាមគោលដៅទេសចរណ៍វប្បធម៌មួយចំនួន និងកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងទេសចរណ៍ លើកិច្ចការជំរុញភ្ញៀវទេសចរណ៍មកកាន់តំបន់ទេសចរណ៍បែបបេតិកភណ្ឌផងដែរ។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានជំរាបជូនអគ្គនាយកអង្គការយូណេស្កូ ថា ក្រោមការដឹកនាំចង្អុលបង្ហាញ ជាប់ជាប្រចាំ និងដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួង ទេសចរណ៍ ក្រសួងវប្បធម៍ អាជ្ញាធម៌អប្សរា អង្ការ UNWTO UNESCO មានកិច្សហការគ្នាយ៉ាងល្អ ជំរុញការអភិវឌ្ឍន៏ វិស័យទេសចរណ៍ វប្បធម៌ នៅកម្ពុជាដោយជោគជ័យ៕
ចែករំលែកព័តមាននេះ