មាន សូនីតា តក់ស្លុតនឹងការឆេះបំផ្លាញព្រះវិហារ Notre Dame Cathedral របស់បារាំង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សិល្បការិនីដ៏ល្បីមួយរូបរបស់កម្ពុជា បានសម្តែងការសោកស្តាយចំពោះព្រះវិហារ Notre Dame Cathedral នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលត្រូវភ្លើងឆេះកាលពីយប់ថ្ងៃច័ន្ទ។ តាមរយៈហ្វេសប៊ុករបស់ មាន សូនីតា បានសរសេរថា «សោកស្តាយខ្លាំងណាស់។ គ្មានពាក្យអ្វីនិយាយអ្វីក្រៅ បើមានឱកាសត្រូវធ្វើ ធ្វើអោយហើយខ្លាចគ្មានឱកាសថ្ងៃក្រោយទៀត, លើលោកនេះគ្មានអ្វីទៀងទាត់ទេ»។

តាមរយ:រូបភាពដែលនាងបានបង្ហោះ មាន សូនីតា ធ្លាប់ធ្វើដំណើរទៅទស្សនាព្រះវិហារ Notre Dame នោះផងដែរ កន្លងមក។ ភ្លើងបានឆាបឆេះបំផ្លាញព្រះវិហារ Notre Dame Cathedral ដ៏ល្បីល្បាញរបស់បារាំងជាច្រើនម៉ោងកាលពីយប់ថ្ងៃច័ន្ទ ដោយធ្វើអោយមានការតក់ស្លុតក្នុងចំណោមប្រជាជនបារាំង និងអ្នកដែលឃើញទិដ្ឋភាពនោះ។

ព្រះវិហារ Notre Dame Cathedral ត្រូវបានសាងសង់ឡើងកាលពីសតវត្សរ៍ទី១៣ ហើយជាតំបន់ប្រវត្តិសាស្ត្រដ៏សំខាន់បំផុតមួយរបស់បារាំង។ វាក៏ត្រូវបានគេស្គាល់ពាសពេញពិភពលោកផងដែរ។ ភ្លើងបានបំផ្លាញកំពូលស្រួច និងដំបូលរបស់ព្រះវិហារ មុនពេលដែលអ្នកពន្លត់អគ្គិភ័យប្រមាណ៤០០នាក់ អាចគ្រប់គ្រងស្ថានការណ៍បាន។

សេចក្តីរាយការណ៍ពីសារព័ត៌មាន CNN បានអោយដឹងថា អ្នកពន្លត់អគ្គិភ័យបានអាចគ្រប់គ្រង និងពន្លត់ភ្លើងនោះបានហើយនៅព្រឹកថ្ងៃអង្គារនេះ។ ព្រះវិហារ Notre Dame Cathedral គឺជាតំបន់ប្រវត្តិសាស្ត្រ និងទេសចរណ៍ដ៏សំខាន់បំផុតមួយរបស់បារាំងដោយអាចទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណជា១៣លាននាក់ក្នុងមួយឆ្នាំ ដោយច្រើនជាងចំនួនភ្ញៀវដែលមកលេងប្រទេសកម្ពុជាដល់ទីពីរដង៕







ចែករំលែកព័តមាននេះ