ខេត្តកំពត ៖ ស្ត្រីស្រស់ស្អាតម្នាក់បានបាត់ពីផ្ទះដោយមិនដឹងពីមូលហេតុ ដែលកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី០៩ មេសា នេះ ស្ថិតក្នុងភូមិត្រពាំងក្តា ឃុំស្រែជាខាងត្បូង ស្រុកដងទង់ ខេត្តកំពត ខណៈក្រុមគ្រួសារកំពុងដើរតាមរកគ្រប់ទីកន្លែង ពិសេសនោះ គឺបុរសប្តីមានការបារម្ភខ្លាំងពីសុវត្ថិភាពរបស់ប្រពន្ធខ្លួន ។

សេចក្តីរាយការណ៍បន្តថា ស្ត្រីដែលបាត់ខ្លួនខាងលើ មានឈ្មោះលីណា អាយុ២២ឆ្នាំ រស់នៅក្នុងភូមិ-ឃុំខាងលើ មានប្តីឈ្មោះមករា មានកូនស្រីតូចម្នាក់នៅក្នុងបន្ទុក ។
បើតាមសម្តីឪពុកស្ត្រីខាងលើបានឱ្យដឹងថា នៅមុនពេលកើតហេតុ (នៅព្រឹកថ្ងៃកើតហេតុ) នៅក្នុងផ្ទះគឺមានបងប្អូនមកលេងជាច្រើននាក់ ដោយមានហូបអាហារជុំគ្នា និងនិយាយលេងសើចសប្បាយធម្មតា ។ លោកឪពុកបន្តថា ប៉ុន្តែកូនស្រីគាត់ (ស្ត្រីបាត់ខ្លួន) នៅពេលដែលហូបបាយរួច ក៏កើតអាការៈចង់ក្អួត និងអស់កម្លាំងភ្លាមៗ ។ នាងបានប្រាប់ថា ទៅងូតទឹកហើយចូលគេងនៅលើផ្ទះ មុនហើយ ខណៈបងប្អូននៅខាងក្រោមផ្ទះជាច្រើនកំពុងតែនិយាយគ្នាលេង ។
លោកបន្តទៀតថា មួយសន្ទុះក្រោយ គឺចៅស្រីគាត់បានយំ ពេលនោះកូនប្រសាគាត់ (ប្តីស្ត្រីបាត់ខ្លួន) ក៏យកចៅទៅលើផ្ទះដើម្បីឲ្យប្រពន្ធដែលកំពុងគេងមើលម្តង ។ នៅពេលដែលកូនប្រសាឡើងដល់លើផ្ទះ បែរជាអត់បានឃើញប្រពន្ធខ្លួនគេងនោះទេ ក៏បង្កការភ្ញាក់ផ្អើលពេលនោះតែម្តង ។
រីឯបុរសជាប្តីស្ត្រីបាត់ខ្លួននោះក៏បានឱ្យដឹងដែរថា កន្លងមក ប្រពន្ធគាត់ធ្លាប់បាននិយាយប្រាប់ថា «មានគេមកយកគាត់ទៅ» ។ គាត់នាំប្រពន្ធឱ្យព្រះសង្ឃស្រោចទឹកបាន២ដងដែរ ដែរកាលពីខែមុន ដើម្បីឱ្យស្រឡះក្នុងចិត្ត។ លុះមកដល់យប់ថ្ងៃទី០៩ មេសា នេះ (ថ្ងៃកើតហេតុ) ស្រាប់តែប្រពន្ធបានបាត់ពីផ្ទះដោយគ្មានអ្នកណាដឹងតែម្តង ។
ក្រុមគ្រួសារបានបានទៅដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ដើម្បីឱ្យជួយអន្តរាគមន៍តាមរកផងដែរ ហើយមកទល់ថ្ងៃទី១១ មេសា នេះ នៅតែមិនទាន់មានដំណឹងស្ត្រីរងគ្រោះដដែល ។ ដូច្នេះ បើបងប្អូនបានជួប ឬមានដំណឹងពីស្ត្រីខាងលើ សូមមេត្តាជួយផ្តល់ដំណឹងតាមរយៈលេខទូរស័ព្ទក្រុមគ្រួសារផ្ទាល់ 070 615 679 / 088 96 84 086 ៕
ចែករំលែកព័តមាននេះ