ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ក្រាន្ត​ឆ្នាំ​នេះ​ទេពធីតា​បុត្រី​ទី​១​នៃ​កបិល​មហាព្រហ្ម​ចុះ​មក​រក្សា​មនុស្សលោក

5 ឆ្នាំ មុន

ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ជា​ប្រពៃណី​ខ្មែរ​ដ៏​មាន​ប្រជាប្រិយភាព​តាំងពី​យូរលង់​ណាស់​មក​ហើយ ដែល​ប​ច្ឆ​ជន​បាន​កាន់​រក្សា​បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ជា​តំណ​ត​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។ សង្ក្រាន្ត​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃអាទិត្យ ១០​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមេសា គ​.​ស​. ២០១៩…

ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ជា​ប្រពៃណី​ខ្មែរ​ដ៏​មាន​ប្រជាប្រិយភាព​តាំងពី​យូរលង់​ណាស់​មក​ហើយ ដែល​ប​ច្ឆ​ជន​បាន​កាន់​រក្សា​បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ជា​តំណ​ត​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។ សង្ក្រាន្ត​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃអាទិត្យ ១០​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមេសា គ​.​ស​. ២០១៩ វេលា​ម៉ោង​៣​និង​១២​នាទី​រសៀល ។

ពេល​នោះ​មាន​ទេពធីតា​មួយ​ព្រះ​អង្គជា​មគ្គនាយិកា​នា​មធុ​ង្ស​ទេវី ជា​បុត្រី​ទី​១​នៃ​កបិល​មហាព្រហ្ម​គង់នៅ​ចា​តុ​ម្មហា​រា​ជិ​កា ទ្រង់​អម្ពរ​ពណ៌​ក្រហម លម្អ​នៅ​ព្រះ​កាណ៌​ដោយ​ផ្កា​ទទឹម អ​ភ​រណៈ​បទុមរាគ ភក្សាហារ​ទ្រង់​ផ្លែ​ឧទុម្ពរ ព្រះ​ហស្ត​ស្តាំ​ទ្រង់​កងចក្រ ព្រ​ហស្ត​ឆ្វេង​ទ្រង់​ស័​ង្ក ទ្រង់​អង្គុយ​ពាក់​ឆៀង​លើ​ខ្នង​ស្តេច​គ្រុឌ​ជា​ពាហនៈ​ ។

ទើប​នាំ​អស់​ទេវបុត្រ ទេវធីតា​ទាំង​មួយ​សែន​កោដិ​ហោះ​ទៅ​កាន់​គុហា​កែវ​ធម្ម​មោលី នាទី​ភ្នំ​កៃលាស ខេត្ត​ហិមពាន្ត​ជាទី​តម្កល់​ទុក​នូវ​ព្រះ​សិរសា​កបិល​មហាព្រហ្ម ដែល​តម្កល់​លើ​ពានមាស​នាំ​មក​ដង្ហែ​ប្រទក្សិណ​ជុំវិញ​ភ្នំ​ព្រះ​សុមេរុ​រាជ តាម​ផ្លូវ​ព្រះអាទិត្យ​ចរ​ចំនួន​៦០​នាទី ។

រួច​នាំ​សិរសា​យក​ទៅ​តម្កល់​ទុក​នៅ​កន្លែង​ដើម​វិញ ហើយ​ប្រជុំ​ទេវបុត្រ​ទេវធីតា​ទាំង​មួយ​សែន​កោដិ​ចូល​ទៅ​ស្រង់ទឹក​អ​នោ​ត្ត​មហា​ស្រះ​ដែល​មានទឹក​ហូរ​ចេញពី​បំពង់​ថ្មកែវ​ដ៏​ត្រជាក់​ក្សេមក្សាន្ត​ព្រះរាជ​ហឫទ័យ ហើយ​នាំ​គ្នា​ចូល​ទៅ​សមាទាន​រក្សាសីល ដោយ​សោមនស្ស​រីករាយ​គ្រប់​ៗ​ព្រះ​អង្គ ក្នុង​ភគវតី​សភា​សាលា​ដែល​ព្រះ​វិស្សកម្ម​ទេវបុត្រ​និ​មិ្ម​ត​ថ្វាយ​ដើម្បី​បន្ទោបង់​នូវ​អពមង្គល​ឱ្យ​ជ្រះស្រឡះ ហើយ​ចម្រើន​នូវ​សិរី​សួស្តី ជ័យ​មង្គល​ជន្មាយុ​យឺនយូរ​ដល់​ទេវតា និង​មនុស្ស​សត្វ​ផង​ទាំងឡាយ​តាំងពី​ឆ្នាំ​ថ្មី​ចូល​មកនេះ​បាន​សុខក្សេមក្សាន្ត​តរៀង​ទៅ ​។

នៅ​ក្នុង​ឱកាស​សង្ក្រាន្ត​ទាំង​បី​ថ្ងៃនេះ​សូម​អស់​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ផង​ទាំងឡាយ រៀបចំ​ពលិការ គ្រឿង​សក្ការបូជា អុច​ទាន ធូប​ថ្វាយ​ព្រះ​រតនត្រ័យ និង​ទទួល​ស្វាគមន៍​ទេវបុត្រ ទេវធីតា​ឆ្នាំ​ថ្មី​ហើយ​ខំ​លះបង់​ចិត្តអាក្រក់​អន្យតិរ្ថិយ​ជា​ចិត្ត​អប្រិយ​ជាប់​ដោយ​គំនុំគំកួន​ព្យាបាទ​ឈ្នានីស​ដែល​កើត​មាន​ក្នុង​ឆ្នាំ​ចាស់​ឱ្យ​ជ្រះស្រឡះ​តាំងចិត្ត​ប្រព្រឹត្ត​ល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង​បញ្ញា​ធ្វើបុណ្យ​សុន្ទរ៍ទាន​តាម​ប្រពៃណី រក្សាសីល​ប្រាំ​ឱ្យ​បាន​ជាប់​ជា​និច្ច នោះ​ទេវតា​នឹង​ឱ្យ​ពរ​សព្ទសាធុការ លោក​អ្នក​នឹង​មាន​សិរី​សួស្តី សុភមង្គល វិបុល​សុខ​គ្រប់​ប្រការ​តាំងពី​ឆ្នាំ​ថ្មី​នេះ​តរៀង​ទៅ ។