ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋប្រជាការពារនគរបាល និងអង្គការ CPU របស់អូរស្ត្រាលីចូលខ្ទង់រយនាក់ ដោយនៅក្នុងដៃមានដំបង កាបិត បាននាំគ្នាបន្តដើររុកតាមព្រៃស្វាយចន្ទីរ ចំការចេក នៅខាងក្រោយផ្ទះ នាព្រឹកថ្ងៃទី០៨ មេសា២ ២០១៩ បានបន្តតាមរកក្បាលសពជីដូន និងចៅ ដោយបានតាមរកគ្រប់ទិសទីនូវតែមិនឃើញដដែល ។ ខណៈវិធីបុណ្យសពគំរប់០៧ថ្ងៃជីដូននៅចៅស្រីតូចអាយុ០៦ឆ្នាំនៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ កំពុងតែបានរៀបចំឡើងនោះ ។
កូនស្រីរបស់ជនរងគ្រោះឈ្មោះ ស្តើង ចន្ថា អាយុ២៤ឆ្នាំ ប្រាប់ឲ្យដឹងថា ឪពុកឈ្មោះ ស្តើង ទុយបានស្លាប់ប្រមាណជាង១០ឆ្នាំមកហើយ ដោយបានបន្សល់ទុកនូវកូនចំនួន០៥នាក់ រួមទាំងកូនប្តីមុន ហើយម្តាយឈ្មោះ វង្ស អូន អាយុ៥៦ឆ្នាំ បានក្លាយទៅជាស្ត្រីមេម៉ាយ ដោយមានជីវភាពខ្វះខាត ។ កូនអ្នករងគ្រោះ ស្តើង ចន្ថា ប្រាប់បន្តថា ដំបូងមិនដែលបានដឹងម្តាយបានទាក់ទងជាមួយនឹងបុរសឈ្មោះ ខេង រស់នៅក្នុងភូមិជាមួយគ្នានោះទេលុះមកដល់ចុងក្រោយក្នុងអំឡុង១ទៅ២ឆ្នាំមុនកើតហេតុ ទើបដឹងថា បុរសឈ្មោះ ខេង ឧស្សាហ៍មកលេងផ្ទះម្តាយ ដោយនាងបានឃើញដោយផ្ទាល់ភ្នែកហើយក៏មិនហ៊ានសួរនាំម្តាយដែរ ។
ហើយចុងក្រោយនៅថ្ងៃទី០៣ មេសា ២០១៩ បងស្រីឈ្មោះ ថន បានមកដល់ផ្ទះបាត់ម្តាយមិនឃើញ ហើយផ្ទះចាក់សោទៀត រកអស់ចិត្តមិនឃើញក៏បានទូរស័ព្ទហៅ
នាង និងប្តីឲ្យមកតាមជួយរកទីបំផុតបានរកឃើញនៅក្នុងដីចំការស្វាយចន្ទី សពម្តាយ និងចៅត្រូវបានឃាតករកាត់ក្បាលយកទៅបាត់ ដោយមានមនុស្សរាប់សិបនាក់ចូលរួមតាមរក ហើយក៏មានការចូលរួមពីសមត្ថកិច្ចផងដែរ ។ ដោយមានការខ្លាចខ្មោចលងនោះអ្នកភូមិបានស្នើសុំឲ្យនាងរុះរើជញ្ជាំងស្លឹក២ផ្ទាំង គឺខាងមុខ និងចំហៀង ក្រោយបុណ្យ៧ថ្ងៃចប់ រង់ចាំមើលសមត្ថកិច្ចចាប់ឃាតករបានត្រឹមត្រូវចប់សព្វគ្រប់នោះនឹងនាំគ្នាចេញទៅធ្វើកម្មករសំណង់ នៅភ្នំពេញ កំពត ឬកំពង់ឆ្នាំង តាមដែលមេជាងហៅឲ្យទៅធ្វើ ដើម្បីរកលុយដោះស្រាយជីវភាពគ្រួសារ ។
ដោយឈ្មោះស្តើង ថន ភេទស្រី អាយុ៣៥ឆ្នាំ កូនអ្នករងគ្រោះប្រាប់ថា នៅថ្ងៃទី៣១ មីនា ២០១៩ មុនកើតហេតុបានចេញពីភ្នំពេញ ដើម្បីមកលេងម្តាយនៅស្រុកកំណើតក្នុងភូមិត្រពាំងបឹង ស្របពេលដែលមកដល់ផ្ទះ ក្រោយពីម្តាយឈ្មោះ វង្ស អូន ដឹងថា កូនមកដល់នោះក៏បានជិះកង់១គ្រឿងដោយបានឌុបចៅស្រីតូចឈ្មោះសាវឿន មកលេង ហើយម្តាយក៏បានដំណាលរឿងប្រាប់ថា «ម្តាយពិបាកចិត្តដោយបានស្រលាញ់ប្តីគេឈ្មោះ ខេង នៅភូមិជាមួយគ្នា» ហើយថែមទាំងមានទឹកមុខស្រងូតស្រងាត់ ក៏មិនហ៊ានសួរនាំម្តាយបន្តទៀតខ្លាចគាត់យំ ។ លុះមកដល់ព្រឹកថ្ងៃទី០៣ មេសា ២០១៩ បានមកដល់ផ្ទះម្តាយមិនឃើញ ចុងក្រោយប្តឹងសមត្ថកិច្ចឲ្យជួយតាមរកទើបប្រទះឃើញស្លាប់ នៅក្នុងព្រៃចំការស្វាយចន្ទីរក្រោយផ្ទះប្រមាណ៣៥០ម៉ែត្រ ហើយត្រូវបានឃាតករកាត់ក្បាលទៀត ពិតជាសាហាវណាស់ ហើយកូនៗស្រែកទ្រហោរយំគ្រប់គ្នា ។
ចំណែកបុរសចំណាស់ឈ្មោះ ស៊ុយ រីម អាយុ៦២ឆ្នាំ នៅភូមិថ្មពូនកណ្តាល ឃុំថ្មពូន ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី០៨ មេសា ២០១៩ថា ចំពោះការលើកឡើងរបស់បុរសសង្ស័យជាឃាតករឈ្មោះ ស៊ីម ខេង បានឆ្លើយនៅចំពោះមុខសមត្ថកិច្ចថា នៅថ្ងៃកើតហេតុទី០២ មេសា ២០១៩ បានមកចូលរួមផឹកតែជាមួយនឹងគាត់ជារឿងមិនពិតទាល់តែសោះ ។ ព្រោះថា នៅថ្ងៃនោះកន្លែងផឹកតែមានមនុស្សចំនួន០៤នាក់មាន១-រូបគាត់ ២- ឈ្មោះ លី ៣-ឈ្មោះ លីម ៤-ឈ្មោះឡាយ ដោយមិនមានវត្តមានឈ្មោះខេង ឡើយ ។
គ្រួសាររងគ្រោះបានទៅរកគ្រូឲ្យខាបព្រលឹងក៏បានដឹងថា «នៅថ្ងៃកើតហេតុនោះបានឮសម្លេងម្តាយយំស្រែកថា មានមនុស្សប្រុសដែលធ្លាប់ឲ្យប្រាក់កូនកន្លងមក បានមកធ្វើបាប និងសម្លាប់កាត់ក្បាលគាត់និងចៅស្រី ដោយបានយកទៅកប់ចោល និងចិញ្ច្រាំខ្ទេចខ្ទី តែមិនបានបញ្ជាក់ថា អ្នកណាសម្លាប់ »។
សមត្ថកិច្ចបានយកសម្លេងគ្រូខាបព្រលឹងមកឲ្យបុរសសង្ស័យឈ្មោះ ស៊ីម ខេង ស្តាប់ក៏បានទទួលស្គាល់ថា សម្លេងរបស់យាយអូន ហើយបានលើកដៃសំពះថា «ខ្ញុំមិនបានដឹងអីនោះទេ» ។ លោកឧត្តមសេនីយត្រី ហេង វុទ្ធី ស្នងការរងនគរបាលខេត្តទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា នៅក្រោយកើតហេតុរូបលោកបានចុះមកដល់កន្លែងកើតហេតុជាមួយនឹងកម្លាំងការិយាល័យបច្ចេកទេសខេត្តក្រោមការបញ្ជារបស់លោកឧត្តមសេនីយទោ ឯម កុសល ស្នងការនគរបាលខេត្ត និងលោកគួច ចំរើន អភិបាលខេត្ត ដោយមានកម្លាំងជាច្រើនបានចុះរុករកក្នុងព្រៃរកក្បាលសពជីដូន និងចៅស្រី ទីបំផុតបានឃាត់ជនសង្ស័យឈ្មោះ ស៊ីម ខេង នៅភូមិជាមួយគ្នាបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ ។ រហូតមកដល់បុណ្យសព៧ថ្ងៃ ត្រូវនឹងព្រឹកថ្ងៃទី០៨ មេសា អង្គការ CPU អូរស្ត្រាលីបានចុះមកវិភាគនូវសំណល់ផ្សេងៗ ដែលប្រមូលបានក្រោយកើតហេតុហើយបាននាំគ្នបន្តចុះទៅក្នុងព្រៃតាមរកក្បាលសពបន្តទៀត រហូតមកដល់វេលាម៉ោង៥ល្ងាច ហើយនូវរកមិនទាន់ឃើញ ។
សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី០៨ មេសា ២០១៩ លោកអ៊ុយ សំអាត នាយករងគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា និងសហការីតំណាងឲ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី-ហ៊ុន សែន អមដំណើរដោយលោកឡោ ចាន់លី អភិបាលស្រុកព្រៃឈរ បាននាំយកអំណោយមកប្រគល់ជូនគ្រួសារសពក្នុងនោះមានថវិការចំនួន៣លានរៀល អង្ករ២បាវ ស្មើ១០០គីឡូក្រាម មី៥កេស ត្រីខ៥កេស ទឹកក្រូច៥កេស មកប្រគល់ជូនគ្រួសារនៃសព ។ ជាមួយនោះគ្រួសារនៃសពបានសំដែងនូវក្តីសប្បាយរីករាយដោយជូនពរដល់សម្តេចកិតិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោឲ្យជួបតែសេចក្តីសុខសាន្ត ហើយដឹកនាំប្រទេសឲ្យមានការរីកចម្រើន ៕
ចែករំលែកព័តមាននេះ