ផ្អែកតាមប្រវត្តិសាស្ត្រនៃព្រះពុទ្ធសាសនាបានបង្ហាញថា កាលពីសម័យដើមគ្រូហោរជំនាន់នោះមិនទាន់ចេះលោភលន់អ្វីទេ ឃើញពិត ថាពិត មិនចេះក្រឡៃសាច់រឿង សទៅជាខ្មៅ អាក្រក់ថាល្អនោះឡើយ ឬក៏ម៉ិទៅតាមទឹកចិត្តអតិថិជននោះក៏ទេដែរ គឺទស្សន៍ទាយអ្វីដែលពិត ជាក់ស្តែង ឆុតរហូតដល់ទៅ99.9ភាគរយ។ ដូច្នេះការទស្សន៍ទាយរបស់គ្រូហោរជំនាន់នោះឆុតណាស់ ច្បាស់ណាស់ដូចពាក្យចាស់បានពោលថា ហ៊ានស៊ីហ៊ានសង ។
ជាក់ស្តែងដូចកំពូលហោរទាំង៨ទស្សន៍ទាយពីដំណើរជីវិតរបស់សិទ្ធត្ថរាជកុមារជាតួអង្គព្រះបរមសាស្តា គ្រូហោរ៧នាក់បានមើលជើងលេខហើយទស្សន៍ទាយដោយលើកម្រាមដៃពីរ មានន័យថា ព្រះរាជកុមារនេះបើនៅជាគ្រហស្ថនឹងបានជាស្តេចចក្រ តែបើចេញទៅបួសនឹងបានត្រាស់ជាព្រះពុទ្ធ។ ចំណែកគ្រូហោរម្នាក់ទៀតដែលនៅក្មេងជាងគេឈ្មោះអញ្ញាកោណ្ឌញ្ញៈបានលើកម្រាមដៃតែមួយ ហើយទស្សន៍ទាយថា រាជកុមារនេះទៅថ្ងៃអនាគតនឹងចេញទៅបួស ហើយបានត្រាស់ដឹងជាព្រះពុទ្ធគឺមិនអាចនៅជាគ្រហស្ថនោះទេ ។
បន្ទាប់ពីទស្សន៍ទាយរួចគ្រូហោរវ័យក្មេងនោះហ៊ានចេញទៅបួសចាំមុនទៀតដោយបបួលមិត្តភក្តិបាន៤នាក់បូកនឹងខ្លួនម្នាក់ផងជាប្រាំនាក់ ។ អ្នកទាំងប្រាំនេះហើយដែលព្រះពុទ្ធទេសនាប្រោសមុនគេនិងបាននាមថាជាបញ្ចវគ្គិយ ព្រះអរហន្តដំបូងគេក្នុងលោក ។
ត្រង់នេះសបញ្ជាក់ថា គ្រូហោរពីដើមគេអាចចាត់ថាជាអ្នកមានមាត់ទិព្វ ត្រចៀកទិព្វ ថាយ៉ាងម៉េចគឺយ៉ាងនោះហើយស័ក្តិសិទ្ធិណាស់ ។
តើគ្រូហោរទាំង៨នាក់នោះបានក្បួនទស្សន៍ទាយពីណាមក ?
តាមឯកសារបានប្រាប់ថា មុនធ្វើការទស្សន៍ទាយពីលក្ខណៈរបស់ព្រះរាជកុមារ៣ថ្ងៃ ព្រះឥន្ទ្របានយកក្បួនតម្រាសាស្ត្រមកឱ្យព្រាហ្មណ៍ទាំង៨នាក់នោះទន្ទេញឱ្យចាំមាត់ស្ទាត់ក្នុងចិត្ត ហើយធ្វើការទស្សន៍ទាយពីដំណើរជីវិតតែម្តង ទើបការគន់គូរជើងលេខចេញទៅឆុតខ្លាំងណាស់ ។
លុះមកសម័យក្រោយៗគ្រូហោររៀនតៗគ្នា ឬរៀនតាមគម្ពីរ ក្បួនច្បាប់ ឯកសារដែលបោះពុម្ពតៗគ្នាក៏មានការលើសខ្វះសាបរលាបដូចពាក្យចាស់តែងពោលថា ភូតនៅហោរ ចោរនៅជាងជាទ្រឹស្តីដែលសមបំផុតសម្រាប់គ្រូហោរបច្ចុប្បន្ន ។
ទោះជាយ៉ាងណា នេះគ្រាន់តែជាទ្រឹស្តីមួយជ្រុងដែលមានចែងនៅក្នុងប្រវត្តិព្រះពុទ្ធសាសនា ដែលការទស្សន៍ទាយកើតមានត្រឹមព្រះសិទ្ធត្ថរាជកុមារប្រសូតមកនោះឯង ។
ចែករំលែកព័តមាននេះ