រាល់ថ្ងៃនេះបើយើងសម្លឹងទៅលើជីវិតឃើញថា តែងជួបប្រទះបញ្ហាសព្វបែបយ៉ាងដែលនាំឱ្យយើងតានតឹងចិត្ត ណែនក្នុងអារម្មណ៍ជួបការលំបាកជាច្រើនសុខតិចជាទុក្ខ ។ រឿងរ៉ាវជីវិតដែលយើងជួបប្រទះច្រើនជាងគេដូចជា ទំនាស់ក្នុងគ្រួសារ, ជីវភាពក្រលំបាក, បន្ទុកការងារច្រើនពេក, ការមិនយល់ចិត្តគ្នា, ការមិនចុះសម្រុងក្នុងការងារ, ការបំពេញការងារពុំបានជោគជ័យ និងមានជំងឺប្រចាំកាយជាដើម ។ បញ្ហាទាំងអស់នេះនាំឱ្យជីវិតរស់នៅពុំមានពន្លឺសុភមង្គលឡើយ ។
មានការកត់សម្គាល់ថា នៅពេលដែលយើងកំពុងប្រឈមមុខនឹងបញ្ហាស្មុគស្មាញក្នុងអារម្មណ៍ គឺងាយនឹងធ្វើឲ្យយើងមួម៉ៅ ឆេវឆាវ ឆាប់ខឹងច្រឡោត នឿយណាយធុញថប់ក្នុងអារម្មណ៍ ភ្លេចភ្លាំងច្រើន ខ្វល់ខ្វាយគិតព្រួយច្រើន ពិបាកផ្ចង់អារម្មណ៍ក្នុងការបំពេញការងារ ដែលអារម្មណ៍បែបនេះងាយនឹងបង្កឱ្យមានបញ្ហាខ្លាំងណាស់ ។
ផ្អែកតាមទ្រឹស្តីវេជ្ជសាស្ត្រស្របទៅនឹងពុទ្ធឱវាទផងបានណែនាំថា នៅពេលបុគ្គលមានអារម្មណ៍តានតឹង យើងត្រូវខំពង្រឹងផ្លូវចិត្តឲ្យបានរឹងមាំ អប់រំអារម្មណ៍ឱ្យបានស្ងប់រម្ងាប់ ហើយត្រូវរកវិធីដោះស្រាយបញ្ហារកច្រកចេញភ្លាមៗ ដើម្បីឲ្យការរស់នៅរបស់យើងស្ថិតក្នុងស្ថានភាពល្អប្រសើរឡើងវិញ។
ចែករំលែកព័តមាននេះ